សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថានៅថ្ងៃនេះ ប្រជាជនកម្ពុជាទូទាំងប្រទេស មានសេចក្តីសោមនស្សរីករាយ ជាមួយប្រជាជនលើសកលលោកប្រារព្ធ «ទិវាសន្តិភាពអន្តរជាតិ» ជារៀងរាល់ឆ្នាំ នៅថ្ងៃទី ២១ ខែកញ្ញា ស្របតាមសេចក្តីសំរេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៥៥ នៅឆ្នាំ២០០១ ក្នុងគោលបំណងអប់រំ និងលើកកំពស់ការយល់ដឹងជាសាធារណៈឲ្យបានទូលំទូលាយអំពីអត្ថន័យ និងតំលៃនៃសន្តិភាព និងភាពចាំបាច់ក្នុងការរួមចំណែកដល់កិច្ចប្រឹងប្រែងជាអន្តរជាតិ សំដៅទប់ស្កាត់ កាត់បន្ថយនិងបញ្ឈប់រាល់ជំលោះដោយអាវុធ និងសង្គ្រាមនៅគ្រប់ទីកន្លែងទូទាំងសកលលោក។
ការចូលរួមប្រារព្ធ «ទិវាសន្តិភាពអន្តរជាតិ» របស់កម្ពុជានៅពេលនេះ មិនត្រឹមតែបានឆ្លុះបញ្ចាំងពីឆន្ទៈមោះមុតរបស់ប្រជាជនកម្ពុជាក្នុងការការពារសន្តិភាពប៉ុណ្ណោះទេ តែជាឱកាសក្រើនរំលឹកពីភាពចាំបាច់ខានពុំបាន នៃការពង្រឹងផែនសាមគ្គី ឯកភាពជាតិ ពួតដៃគ្នាជាធ្លុងមួយ រួមជាមួយប្រជាជនក្នុងសកលលោក ដើម្បីថែរក្សា ឲ្យបានគង់វង្សនូវសន្តិភាព ដែលជាគន្លឹះមិនអាចខ្វះបាន នៃការអភិវឌ្ឍន៍ និងភាពរីកចម្រើននៃប្រទេសកម្ពុជា។
កម្ពុជាក៏បានដើរតួនាទីយ៉ាងសកម្មក្នុងការចូលរួមចំណែក ដោះស្រាយបញ្ហាប្រឈមនានា នៅក្នុងពិភពលោក និងក្នុងតំបន់បច្ចុប្បន្ន ជាមួយសហគមន៍អន្តរជាតិក្នុងការការពារ និងថែរក្សាសន្តិភាពនៅលើសាកលលោក។ ក្នុងន័យនេះកម្ពុជាបានចូលរួមជាភាគីនៃសន្ធិសញ្ញា និងពិធីសារអន្តរជាតិជាច្រើនពាក់ព័ន្ធ នឹងការកាត់បន្ថយសព្វាវុធ ការទប់ស្កាត់ការរីកសាយអាវុធប្រល័យលោក កម្ពុជាក៏បានចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ តាមរយៈការបញ្ជូនក្រុមប្រតិបត្តិការដោះមីន កងរក្សាសណ្តាប់ធ្នាប់ កងវិស្វកម្ម មន្ទីរពេទ្យកម្រិត២ ចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ននេះមានចំនួនជាង ៣,០០០នាក់ នៅប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ សាធារណរដ្ឋ អាហ្វ្រិកកណ្តាល ស៊ីរី លីបង់ ម៉ាលី និងស៊ីប្រ។
ជាទីបញ្ចប់សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ជនរួមជាតិ ព្រមទាំងអង្គការអន្តរជាតិ និងសង្គមស៊ីវិលទាំងអស់នៅកម្ពុជា សូមបន្តពួតដៃគ្នាអនុវត្ត និងគាំទ្រស្មារតី «ទិវាសន្តិភាពអន្តរជាតិ» នេះ និងបន្តអនុវត្ត «វប្បធម៌សន្ទនា» ឲ្យបានខ្ជាប់ខ្ជូន និងបន្តខិតខំថែបំប៉ន ពង្រឹងនិងផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវការយល់ដឹងអំពីគ្រឹះមូលដ្ឋានទ្រទ្រង់សន្តិភាព ដែលមានជាអាទិ៍ ការលើកកម្ពស់វប្បធម៌អហិង្សា ការអត់ធ្មត់ ការយោគយល់ ការអធ្យាស្រ័យគ្នា ការសន្តោសប្រណី ការស្រលាញ់រាប់អានគ្នាជាភាតរៈនៅក្នុងសង្គមជាតិរបស់យើង៕