នៅក្នុងជំនួបពិភាក្សានេះ កម្ពុជាទទួលបានលទ្ធផល និងផ្លែផ្កាយ៉ាងខ្លាំង ដោយក្នុងនោះភាគីចិន ដែលមាន ឯកឧត្តម Li Xiaojie ជាតំណាងបានបង្ហាញនូវតំរុយថា បន្ទាប់ពីបញ្ចប់ការជួសជុលនិងអភិរក្សប្រាសាទតាកែវ រួចរាល់នៅចុងឆ្នាំ២០១៨ខាងមុខនេះ ចិននិងពិនិត្យមើលហើយនឹងអាចឈានទៅជួសជុលអភិរក្សប្រាសាទបេងមាលាបន្តទៀត។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រាសាសន៍ថា «កម្ពុជាមានសង្ឃឹមថា ភាគីចិននឹងបន្តជួយក្នុងគំរោងទីបីនេះបន្តទៀត ដោយសារកម្ពុជាបានបង្កើតនូវ ICC អង្គរ និង ICC ព្រះវិហារ ដើម្បីធ្វើកិច្ចការងារជួសជុល អភិរក្ស និងអភិវឌ្ឍន៍ ហើយកាលពីថ្ងៃ ទី០៦ ខែកញ្ញា ឆ្នាំ២០១៥ ម្សិលមិញនេះ យើងបានប្រជុំបច្ចេកទេសលើកទី១ ICC ព្រះវិហារប្រកបដោយជោគជ័យដែលមានការចូលរួមពីសហប្រធានឥណ្ឌា នឹងចិន»។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានបន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្នដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី កម្ពុជាទទួលបានជោគជ័យច្រើនណាស់លើកគ្រប់វិស័យ ហើយនៅក្នុងផ្នែកបេតិកភណ្ឌវប្បធម៌ គឺមានការចូលរួមពីសហគមន៍អន្តរជាតិជាច្រើន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីជោគជ័យរបស់ ICC អង្គរ ដែលមានការចូលរួមពីអង្គការធំៗជាង២០អង្គការ ក្នុងការអភិរក្ស និងជួសជុលប្រាសាទឡើងវិញ ហើយនៅក្នុងនោះមានជាង៦០គម្រោង ហើយកន្លងមកនេះថវិកាដែលបានទទួលសម្រាប់ការងារ ICC អង្គរ មិនតិចជាង៥០០លានដុល្លារ ដែលកម្ពុជាបានចំណាយថវិកាទាំងនោះប្រកបដោយតម្លាភាពត្រឹមត្រូវតាមរយៈគណៈកម្មាការ ICC អង្គរនេះ។
គួរបញ្ជាក់ថា តាមប្រាសាសន៍របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន គឺនៅពេលខាងមុខនេះ ឯកឧត្តម គឹម សេតារា ប្រធានអាជ្ញាធរជាតិព្រះវិហារ នឹងរៀបចំនូវពង្រាវកិច្ចព្រមព្រៀងមួយ ដើម្បីចុះហត្ថលេខាជាមួយក្រសួងវប្បធម៌សាធារណរដ្ឋប្រជាមានិតចិន ដើម្បីបង្ហាញថាទំនាក់ទំនងរវាងចិន-កម្ពុជា កាន់តែមានភាពស្និតស្នាលផ្នែកបេតិកភណ្ឌវប្បធម៌បន្ថែមទៀត៕