Wednesday, October 28, 2015

ស្តូបអ​នុស្សាវរីយ៍មិត្តភា​ព កម្ពុជា-រុ​ស្សី និង វិទ្យាស្ថានប​ច្ចេកវិទ្យាកម្ពុជា គឺជាសក្ខី​ភាពបង្ហាញពីទំនា​ក់ទំនងដ៏យូរ​អង្វែងរវា​ង ​កម្ពុជា-រុស្សី

មានប្រសា​សន៍នៅ ក្នុងពិធី​សម្ពោធ​ស្តូបអនុស្សាវរីយ៍​មិត្តភាព កម្ពុជា-រុស្សី នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ នាវិទ្យាស្ថានបច្ចេក​វិទ្យាកម្ពុជា (សាលាតិចណូ) ឯកឧត្តម បណ្ឌិតសភា​ចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី ទទួលបន្ទុកទីស្តី​ការគណៈរដ្ឋមន្ត្រី បានលើក​ឡើងថា ការសាងសង់​ស្តូបអនុស្សាវរីយ៍​មិត្តភាព កម្ពុជា-រុស្សី នេះ គឺដើម្បីរំឮក​ដល់កិច្ចសហ​ប្រតិបត្តិការ ជាមិត្តភាព​ដ៍ល្អរវាងប្រទេសទាំង​ពីរ ជាពិសេសរំឮកដល់​អនុស្សាវរីយ៍ នៃការសាង​សង់គ្រឹះស្ថាន​ឧត្តមសិក្សា​បច្ចេក​ទេស ដ៏ចំណាស់ជាង​គេមួយ​នៅកម្ពុជា គឺវិទ្យាស្ថានបច្ចេកវិទ្យា កម្ពុជា កាលពីប្រាំទស្សវត្ស​រ៍មុន។


ឯកឧត្តម បណ្ឌិតសភា​ចារ្យ សុខ អាន បានមានប្រសាស​ន៍ថា ស្ដូបអនុស្សាវរីយ៍​មិត្តភាព កម្ពុជា-រុស្ស៊ី ដែលនឹង​ត្រូវសម្ពោធជាផ្លូវការ​នៅពេលនេះ​ គឺជាសក្ខីភាពឆ្លុះបញ្ចាំង​ឱ្យឃើញយ៉ាង​ច្បាស់ នូវកិច្ច​សហ​ប្រតិបត្តិការ ជាមិត្តភាពដ៏ល្អ និងយូរអង្វែង​រវាងកម្ពុជា និងរុស្ស៊ី ដែលកើតមាន​ឡើង​ចាប់តាំងពីទសវត្សរ៍ឆ្នាំ​១៩៥០ មកម្ល៉េះ។


ឯក​ឧត្តម បណ្ឌិតស​ភាចារ្យ សុខ អាន បានរំលឹក​ឲ្យដឹងផងដែរថា  កម្ពុជានៅចង​ចាំយ៉ា​ងច្បាស់ណាស់ថា នៅក្រោ​យថ្ងៃរំដោះ ៧ មករា ១៩៧៩ រដ្ឋជាសមា​ជិកអតីត​សហភាព​សូវៀត ជា​ពិសេសរុស្ស៊ី បាន​ផ្ដល់នូវ ការគាំទ្រដ៏​សំខាន់ដល់កម្ពុជា សម្រាប់​ការកសាងប្រទេស​ឡើងវិញ បន្ទាប់​ពីត្រូវបានបំផ្លិចបំផ្លាញ​ស្ទើរទាំងស្រុង លើគ្រប់វិស័យ ដោយ​របប​ប្រល័យពូជ​សាសន៍​ប៉ុលពត តាមរយៈទំនាក់ទំនង​សេដ្ឋកិច្ច និងពាណិជ្ជកម្ម ខណៈដែលប្រទេស​មួយចំនួន បាន​ដាក់ការហ៊ុំព័ទ្ធ​មកលើ​កម្ពុជា។ ជាពិសេសជំនួយ​មនុស្សធម៌ ដែលអតីត សហភាពសូវៀត​បានផ្ដល់ឱ្យ​កម្ពុជា បានជួ​យ​រំលែកនូវ​បន្ទុកដ៏ធ្ងន់ធ្ងររបស់​កម្ពុជា ក្នុង​កិច្ច​ការកសាង ស្ដារ និងអភិវឌ្ឍ​ ប្រទេសឡើង​វិញចេញពីបាតដៃទទេ នៅក្នុងទស្សវត្សរ៍​ឆ្នាំ១៩៨០។


ជាងនេះ​ទៅទៀត នៅក្នុងវិស័​យអប់រំ សហព័ន្ធ​រុស្ស៊ី និងអតីតសហភាព​សូវៀត ក៏បាន​ចូលរួមចំណែក យ៉ាងច្រើន​ផងដែរ នៅក្នុងការបណ្ដុះ​បណ្ដាលធនធាន​មនុស្សសម្រាប់​កម្ពុជា ទាំងនៅ​កម្ពុជា និងនៅ​អតីត សហភាព​សូវៀត។ ​គិត​មកដល់ពេល​បច្ចុប្បន្ននេះ មាន​និស្សិតជាង ៨០០០នាក់ បានទៅ​សិក្សា​នៅសហព័ន្ធ​រុស្ស៊ី និងអតីត​សហភាពសូវៀត ហើយ​អតីតនិស្សិត ទាំងនោះមួយចំនួនបាន​និងកំពុងបម្រើការក្នុង ជួររដ្ឋាភិបាល និងស្ថាប័ននានារបស់រដ្ឋ។ ឯកឧត្តម ក៏សង្ឃឹមនិងជឿជាក់ថា ទៅថ្ងៃអនាគត​សហព័ន្ធ​រុស្ស៊ី នឹងបន្តផ្ដល់​អាហារូបករណ៍ ដល់សិស្ស​និស្សិត​​កម្ពុជា ឱ្យកាន់តែច្រើ​នថែមទៀត លើគ្រប់មុខ​ជំនាញ និងគ្រប់កម្រិត​ជាពិសេស អាហារូ​បករណ៍សម្រាប់និស្សិតថ្នា​ក់ក្រោយ​បណ្ឌិត។

គួរបញ្ជាក់​ថាបច្ចុប្បន្ននេះ ប្រទេស​កម្ពុជានិងរុស្សី បាននិងកំពុង​ខិតខំបន្តរក្សា​ពង្រឹង និងពង្រីកបន្ថែម នូវទំនាក់​ទំនង និងមិត្តភាពដ៏​ល្អនេះ តាមរយៈការផ្លាស់ប្ដូរទស្ស​នកិច្ចជាបន្តបន្ទាប់ របស់ថ្នាក់ដឹក​នាំ ជាន់ខ្ពស់នៃ​ប្រទេសទាំងពីរ ក៏ដូចជាតាម​រយៈសកម្មភាព​ពាណិជ្ជកម្ម វិនិយោ​គ អប់រំ និងវប្បធម៌។


ជាមួយ​គ្នានេះដែរ វិទ្យាស្ថានបច្ចេកវិ​ទ្យាកម្ពុជា គឺជាសមិ​ទ្ធផល​មួយ ក្នុងចំណោម​សមិទ្ធផលជាច្រើនទៀត ដែលកើត​ចេញ ពីកិច្ច​សហប្រតិបត្តិ​ការ​ដ៏ជិតស្និទ្ធរវាង​កម្ពុជា និងអតីតស​ហភាពសូវៀត ហើយ​បាន​​និងកំពុង ដើរតួនាទីយ៉ា​ង​សកម្ម ​ក្នុងការបណ្ដុះបណ្ដាល​ធនធានមនុស្ស លើវិស័យវិស្វកម្មប​ច្ចេកវិទ្យា និងរួមចំ​ណែក ដល់​ការអភិវឌ្ឍប្រ​ទេសឱ្យកាន់តែរីកចម្រើ​នថែមទៀត។

តាមរបាយកា​រណ៍របស់ឯកឧត្តម ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និងកីឡា បានឲ្យដឹងថា ជារៀងរាល់​ឆ្នាំ និស្សិតវិទ្យាស្ថានបច្ចេក​វិទ្យាកម្ពុជា ប្រមាណ ៧០% ទទួលបា​នការងារធ្វើភ្លាមៗ បន្ទាប់ពី​ការ បញ្ចប់​ការ​សិក្សា។ លទ្ធផល​ជា​វិជ្ជ​មា​ន​នេះ សម្រេច​បាន​ដោយសារកិច្ច​ខិតខំប្រឹងប្រែងរបស់​គណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិកសិក្សា និងក្មួយៗនិស្សិតទាំ​ងអស់ ក៏ដូចជាការជឿជាក់ របស់មជ្ឈដ្ឋានសា​ធារណៈ លើសមត្ថភាពបណ្តុះ​បណ្តាល និងគុណភាព នៃការអប់រំ​របស់វិទ្យាស្ថាន ព្រមទាំងកិច្ច​សហប្រតិ​បត្តិការ​ល្អ​​ ជាមួយ​​ដៃគូអភិវឌ្ឍន៍​នានា ជាពិសេសប្រទេសរុស្ស៊ីដែលជាស្ថាបនិក​របស់វិទ្យាស្ថាន។

មានប្រសាសន៍​នៅក្នុងពិធីសម្ពោធ​ស្តូបអនុស្សាវរីយ៍​មិត្តភាព កម្ពុជា-រុស្សី នៅថ្ងៃនេះ ឯកឧត្តម Dmitry TSVETKOV ឯកអគ្គរដ្ឋទូតសហ​ព័ន្ធរុស្សីប្រចាំកម្ពុជា បានកត់សម្គា​ល់ថា ការជួបជុំគ្នា និងការសម្ភោធស្តូប ​អនុស្សាវរីយ៍មិ​ត្តភាព កម្ពុជា-រុស្សី នៅពេលនេះ គឺក៏ដើម្បីឧទ្ទិ​សចំពោះ​ខួប ៥១ឆ្នាំ នៃការ​សង់ឡើង ដោយស​ហភាពសូវៀត នូវវិទ្យាស្ថានបច្ចេក​វិជ្ជាកម្ពុជា ដែលត្រូវបា​នប្រគល់ជា​អំណោយជូនប្រជា​ជនកម្ពុជា នៅឆ្នាំ១៩៦៤។ នៅពេល​នោះ វិទ្យាស្ថានមាន​ឈ្មោះវិទ្យាស្ថានបច្ចេកទេសជាន់​ខ្ពស់មិត្តភាព​កម្ពុជា និងសូវៀត។

ឯកឧ​ត្តម Dmitry TSVETKOV បានបន្ថែម​ថា នៅពេលនោះ​វិទ្យាស្ថានជាមជ្ឈមណ្ឌល​ឧត្តមសិក្សា និងស្រាវជ្រាវ វិទ្យាសាស្ត្រឈានមុខ​នៅប្រទេស​កម្ពុជា ដែលមាន​មន្ទីរពិសោធន៍ជា​ច្រើន, លទ្ធផលនៃ​ការស្រាវជ្រាវវិទ្យា​សាស្ត្រ ត្រូវបានបញ្ជូន​ទៅក្រសួងនានា ដើម្បីប្រើប្រាស់ក្នុ​ងផលិ​តកម្ម។ ជាមួយ​គ្នានេះដែរ សហភាពសូវៀត​បានរួមចំណែក ដ៏ធំក្នុងការកសាងប្រ​ទេសកម្ពុជា តាមរយៈការផ្តល់​ជំនួយអាហារូបករណ៍​ក្នុងវិស័យអប់រំ ហើយ​អាស្រ័យ ដោយជំនួយ​នេះ កម្ពុជាបាន​បង្កើត​សក្តានុពលដ៏ធំធេង​ក្នុងវិស័យរៀបចំ​ធនធានមនុស្ស។ យុវជនកម្ពុជា​ជាង៨ពាន់នាក់ បានទទួលការបណ្តុះបណ្តាល​នៅសហភាពសូ​វៀត។ ឯកឧត្តម Dmitry TSVETKOV  បានសង្កត់​ធ្ងន់ថា សព្វថ្ងៃនេះ ប្រទេសរុស្ស៊ីកំពុងជួយ​ឧបត្ថម្ភដល់កម្ពុជា ដើម្បីបណ្តុះបណ្តាល​និស្សិត ហើយឥឡូវនេះ​យុវជន យុវនារីកម្ពុជាជិត ៣០០នាក់កំពុងធ្វើការសិក្សា​នៅប្រទេសរុស្សី៕


អត្ថបទ៖ ច័ន្ទ ទេវី