ក្នុងឱកាសទិវាបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៥-២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារជូនជនរួមជាតិ ដោយបានបញ្ជាក់ថា ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ដែលជាការបើកទំព័រ សំរាប់ឆ្នាំសិក្សាថ្មីផ្តល់ឱកាសសំរាប់ សិស្សានុសិស្ស និស្សិត បានបន្តការសិក្សារៀនសូត្រ ទៅថ្នាក់ខ្ពស់បន្ថែមទៀត និងជាថ្ងៃសិក្សាជីវិតដំបូងរបស់កុមារ ដែលទើបនិងដល់អាយុ ត្រូវចូលរៀន។
សម្តេចតេជោ មានប្រសាសន៍ថា ទិវារដ៏មានសារៈសំខាន់នេះបានប្រារព្ធឡើង ជារៀងរាល់ឆ្នាំ ក្នុងបុព្វហេតុលើកតម្កើងវប្បធម៌ស្រលាញ់ការរៀនសូត្រ និងរំលឹកដល់កូនខ្មែរ ឲ្យបានយល់ថា ចំណេះវិជ្ជាគឺជាទ្រព្យដ៏មានតម្លៃ សម្រាប់ជីវិតផ្ទាល់ខ្លួន និងជួយលើកតម្កើងសេចក្តីថ្លៃថ្នូរ របស់មនុស្ស និងការរស់នៅប្រកបសុខដុមរមនា។ សម្តេចបានបន្តថា ក្នុងន័យនេះ រាជរដ្ឋាភិបាលមានឆន្ទៈ និងការយកចិត្តទុកដាក់ខ្ពស់ លើការលើកកម្ពស់វិស័យអប់រំ ពិសេសកិច្ច ខិតខំប្រឹងប្រែងជំរុញឲ្យកុមារបានចូលរៀន និងបានរៀនសូត្រប្រកបដោយគុណភាព ប្រសិទ្ធិភាព និងសមធម៌។
សម្តេចបានបន្ថែមថា ជាការពិតការសិក្សារៀនសូត្រ ត្រូវតែអនុវត្តដោយនិរន្តពេញមួយជីវិត សម្រាប់បុគ្គលម្នាក់ៗ ហើយការងារអប់រំជាការងារមួយ តំរូវឲ្យមានការបន្តលើកកម្ពស់ និងអភិវឌ្ឍន៍ គ្មានទីបញ្ចប់ ដើម្បីពង្រឹងសមត្ថភាពធនធានមនុស្ស ប្រកបដោយគុណភាព ទេពកោសល្យ ផលិតភាព សក្តានុពល មានសីលធម៌ គុណធម៌ ដែលនឹងរួមចំណែកក្នុងការអភិវឌ្ឍន៍ សង្គមសេដ្ឋកិច្ចជាតិ ឲ្យមានការរីកចំរើនប្រកបដោយចីរភាព។ ដោយឡែកក្នុងបរិការថ្មីនេះ យើងក៏អាចមើលឃើញពីការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច នយោបាយ និងបច្ចេកទេសជាដើម មានកំសួលកាន់តែខ្លាំង មានស្ថានភាពកាន់តែតឹងតែង ដែលទាមទារឲ្យយើងត្រូវបង្កើនការយក ចិត្តទុកដាក់កាន់តែខ្ពស់ លើការងារអប់រំ ការកសាងធនធានមនុស្ស ទើបអាចប្រែក្លាយសង្គមជាតិ របស់ខ្លួនឲ្យមានការជឿនលឿនយ៉ាងឆាប់រហ័ស មានឧត្តមភាព និងដំណើរការរីកចំរើនទៅមុខ ប្រកបដោយចីរភាព ជាពិសេសយើងចាំបាច់ធ្វើឲ្យប្រាកដថា ការអប់រំរបស់យើងត្រូវឆ្លើយតប ជាសារវ័ន្តទៅនឹងបរិក្ខានៃសកលភាវូបនីយកម្មមួយបែបថ្មី ទាំងក្នុងកំរិតតំបន់និងពិភពលោក។
សម្តេចតេជោក៏បានអំពាវនាវឲ្យជនរួមជាតិទាំងអស់ នាំកូនមកចុះឈ្មោះមកចូលរៀន នៅដើម បវេសនកាលឆ្នាំសិក្សាថ្មីនេះឲ្យបានគ្រប់ៗគ្នា។ ក្នុងនោះដែរ សូមឲ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវជួយសំរបសំរួលជំរុញលើកទឹកចិត្ត និងផ្តល់លទ្ធភាពជួយដល់ពួកគេ ឲ្យបានចូលរៀន នឹងរៀនបានចប់កំរិតសិក្សាមូលដ្ឋានឲ្យបាន៩ឆ្នាំយ៉ាងតិច៕