Friday, December 4, 2015

ឯកឧត្តមបណ្ឌិត សុខ អាន៖ ក្រមប្រតិបត្តិអង្គរ មិនមែនជាច្បាប់ទេ តែជាការផ្តល់ព័ត៌មាន ដែលមានសារៈសំខាន់បំផុតដល់ភ្ញៀវទេសចរ

មានប្រសាសន៍​ក្នុងពិធីប្រកាស​ផ្សព្វផ្សាយ ​និងដាក់ឲ្យ​អនុវត្តជាផ្លូវការ​ «ក្រមប្រតិបត្តិអង្គរ»​ នៅថ្ងៃទី ០៤​ ខែធ្នូ ឆ្នាំ២០១៥នេះ ​ឯកឧត្តម​បណ្ឌិតសភាចារ្យ ​សុខ អាន ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រីទទួលបន្ទុក​ទីស្តីការគណៈ​រដ្ឋមន្ត្រី ​បានមានប្រសាសន៍​ថា «ក្រមប្រតិ​បត្តិអង្គរ​» មិនមែន ​ជាច្បាប់ដែលមាន​លក្ខណៈបង្ខិត​បង្ខំនោះទេ ​ប៉ុន្តែគឺជាឯកសារ​មានលក្ខណៈ​ជាការផ្តល់ ​ព័ត៌មាន ​ក៏ដូចជា​ការណែនាំដល់​ភ្ញៀវទេសចរ​ ដែលមកទស្សនា​​រមណីយដ្ឋានអង្គរ​ ឱ្យយល់ពីគុណ​តម្លៃ និងលក្ខណៈ​សក្ការៈរបស់​រមណីយដ្ឋាន​ ហើយជៀសវាង​នូវរាល់ទង្វើ​មិនគួរគប្បី​ ដូចជាការស្លៀកពាក់​ មិនសមរម្យ​ ការប៉ះពាល់​ចម្លាក់ឬធ្វើ​ឱ្យខូចខាត​ថ្មប្រាសាទ​ ការរំខានដល់​ ភាពស្ងប់ស្ងាត់​នៃទីសក្ការៈ​ បូជា ការចូល​ទីតាំងដែល​ហាមឃាត់ឬប្រឈម​នឹងគ្រោះថ្នាក់​ ការពិសាបារី​ និងចោលសំរាម​ ពាសវាលពាស​កាលជាដើម​។
ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បានបន្តថា​ ការប្រកាន់ខ្ជាប់​នូវអាកប្បកិរិយា​សមរម្យពីសំណាក់​ ភ្ញៀវទេសចរ​ ផ្តល់ផលប្រយោជន៍​ដល់ភ្ញៀវទេសច​រខ្លួនឯងផង​ និងសមត្ថកិច្ច​គ្រប់គ្រងផង​ តាមរយៈ ​ការរក្សា​សណ្តាប់ធ្នាប់ល្អ​ បរិយាកាស​អំណោយផល​សម្រាប់​ការលំហែរ​និងការស្វែងយល់​ អំពីប្រវត្តិ ​សាស្ត្រ ​វប្បធម៌អរិយធម៌ខ្មែរ​ ដែលប្រការទាំង​នេះគឺជាការចូលរួម​ចំណែកយ៉ាង​សំខាន់ ក្នុងការ​ លើកកម្ពស់​ការគោរពស្រឡាញ់​ និងចូលរួមថែ​រក្សាអភិរក្ស​បេតិកភណ្ឌវប្បធម៌​ឱ្យបាន ស្ថិត​ស្ថេរ គង់វង្សយូរអង្វែង។​ ឯកឧត្តមបាន​បញ្ជាក់ថា​ ជាការពិតក្រម​ប្រតិបត្តិ​ គឺជាឧបករណ៍​គ្រប់គ្រង​ ជាមូលដ្ឋានមួយ​ ដែលត្រូវបាន​ប្រើប្រាស់​នៅរមណីយដ្ឋាន​ ក្នុងប្រទេសជា​ច្រើននៅលើ​ ពិភពលោក​។
ឯកឧត្តម​បណ្ឌិតសភារចារ្យ​ បានរំលឹកឲ្យដឹងថា​ តាំងពីបុរាណ​កាលមក​ បុព្វបុរស​ខ្មែរយើង​ ក៏មាន​ក្រមប្រតិបត្តិ​សម្រាប់ទីសក្ការៈ​បូជារួចមក​ហើយដែរ​ ជាពិសេសនៅ​តាមប្រាសាទ​ ដែលជាទីឋាន​របស់អាទិទេព។ ​ជាក់ស្តែងសិលា​ចារឹករបស់ព្រះ​បាទជ័យវរ្ម័នទី១​ នាសតវត្សទី៧​ មានចែង​ពីក្រមប្រតិ​បត្តិនៅ លិង្គបរពត៌​ ដែលយើងស្គាល់​ថាវត្តភូ ​នាពេលបច្ចុប្បន្ន​ ដោយហាម ​ឃាត់មិនឱ្យយក​យានជំនិះគ្រប់​ប្រភេទ ហាម​មិនឱ្យបាំងឆ័ត្រ​ ឬពាក់គ្រឿង​អលង្ការ ចូលទៅក្នុង​ ប្រាសាទដែល​ជាទីឋានរបស់​ព្រះជាដើម។​ ចំណែកឯសិលា​ចារឹក នៅក្នុង​រាជព្រះបាទយសោវរ្ម័ន​ នាសតវត្សទី៩​ ក៏បាន​ហាមឃាត់នូវការ​ស្លៀកសំលៀក​បំពាក់មិនសមរម្យ​ មានពណ៌ឆើតឆាយ​ គ្រឿងអលង្ការមួយ​ចំនួន និងការយក​អាវុធចូលក្នុង​ប្រាសាទផងដែរ​។
ឯកឧត្តម​បណ្ឌិតសភារចារ្យ​ សុខ អាន ​បានមានប្រសាសន៍ថា ​«ក្រមប្រតិបត្តិអង្គរ»​ នឹងជួយផ្តល់​ ការក្រើនរំឭក​បន្ថែមដល់ភ្ញៀវទេសចរ​ទាំងអស់​។ ថ្វីត្បិត​តែអាជ្ញាធរអប្សរា​ជាអ្នកផ្តួចផ្តើមរៀបចំ​ ប៉ុន្តែចាប់ពី​ពេលនេះតទៅ​ «ក្រមប្រតិបត្តិអង្គរ​» គឺជាឯកសារ​សាធារណៈ​ ដែលគ្រប់គ្នាមាន​ភារកិច្ច ​ចូលរួមអនុវត្ត​ឱ្យមានប្រសិទ្ធ​ភាពខ្ពស់។​ ខ្ញុំមាន​សេចក្តីរីករាយដែល​ «ក្រមប្រតិបត្តិអង្គរ»​ នេះបានទទួលការគាំទ្រ​ និងកោតសរសើរ​យ៉ាងទូលំទូលាយ​ពីមជ្ឈដ្ឋាននានា​ ដូចជា ​អង្គការ​ ទេសចរណ៍ពិភពលោក​ គណៈកម្មាធិការ​ ICC-Angkor​ ព្រមទាំងវិស័យ​ឯកជន​ ទីភ្នាក់ងារ​ទេសចរណ៍ ​សមាគមមគ្គុទ្ទេសក៍​ទេសចរ ផ្នែកពាក់ព័ន្ធ​​​ដែលកំពុងបំពេញ​ការងារនៅ​ក្នុងតំបន់អង្គរ​ ព្រះសង្ឃ ​សារធារណៈ​ជនទូទៅ​ អាជ្ញាធរ​មូលដ្ឋាន​​ក្នុងតំបន់អង្គ​រ និងស្រទាប់ ​យុវជន​៕