ព្រះវិហារ បដិមាករ សាលាធម្មសភា ដងទង់សាសនា កុដិ ជណ្តើរឡើងភ្នំ ខ្លោងទ្វារវត្ត សាលាសំណាក់ និងរូបសំណាក់ផ្សេងៗនៅក្នុងវត្តរស្មីមហារះភ្នំសន្លុង ដែលមានតម្លៃសាងសង់ជាង ៥៨ម៉ឺនដុល្លារសហរដ្ឋអាមរិក ស្ថិតនៅក្នុងឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ ត្រូវបានបញ្ចុះខ័ណ្ឌសីមា និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាសាធារណៈក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៥។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ឲ្យដឹងថា សមិទ្ទផលនានាក្នុងវត្តរស្មីមហារះភ្នំសន្លុងនេះ ត្រូវបានកសាងឡើងដោយមានការចូលរួមពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពិសេសក្រុមការងារថ្នាក់ជាតិរបស់គណបក្សប្រជាជនប្រចាំស្រុកទ្រាំង និងឃុំសន្លុង ពិសេសឯកឧត្តម ហ៊ីង ថូរាសី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិគណបក្សប្រជាជនកម្ពុជាចុះជួយឃុំសន្លុង ព្រះចៅអធិការវត្តរស្មីមហារះភ្នំសន្លុង និងពុទ្ធបរិស័ទក្នុង និងក្រៅប្រទេស។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានអំពាវនាវឲ្យយុវជន យុវនារី ចូលរួមរក្សាប្រពៃណីវប្បធម៌ជាតិ ដោយឧស្សាហ៍មកចូលកំសាន្តលេងនៅក្នុងវត្ត ក៏ដូចជាស្តាប់ព្រះសង្ឃទេសនាក្នុងពិធីបុណ្យទាន ទើបយើងអាចទប់ស្កាត់ការលុកលុយរបស់វប្បធម៌បរទេសក្នុងចំណោមយុវវ័យបាន។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍បញ្ជាក់ថា យុវជនត្រូវតែស្គាល់អ្វីដែលជាស្នូលនៃវប្បធម៌ អរិយធម៌របស់ជាតិ។ វត្តអារាម គឺជាទីកន្លែងដែលអាចជួយបណ្តុះបណ្តាល និងអប់រំយុវជនយើងឲ្យយល់ពីវប្បធម៌ អរិយធម៌របស់យើង។
ទាក់ទងនឹងក្រុមការងារគណបក្សប្រជាជនកម្ពុជា ដែលចុះជួយប្រជាពលរដ្ឋនៅស្រុកទ្រាំង ក៏ដូចជានៅឃុំសន្លុង ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ឲ្យដឹងថា ក្រុមការងារថ្នាក់ជាតិចុះជួយអាជ្ញាធរនៅមូលដ្ឋាននេះ គឺក្នុងគោលបំណងជួយលើកកម្ពស់ជីវភាព សុខមាលភាពរបស់ប្រជាពលរដ្ឋ ពិសេសគឺការជួយរំរុញកែលំអការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ក៏បានមានប្រសាសន៍ឲ្យដឹងផងដែរថា ថវិកាដែលឯកឧត្តមអំពាវនាវប្រមូលបានពីសម្បុរជនដែលជួយបាកបាទក្រហមកម្ពុជា គឺមួយចំនួនធំយកមកទិញជាកញ្ចប់សំភារៈ (ឃីត) សំរាប់ឧបត្ថម្ភស្ត្រីដែលទើបសំរាលកូន ដោយមិនរើសមុខ និងនិន្នាការនយោបាយឡើយ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ក៏បានឲ្យដឹងថា ក្រុមការងារថ្នាក់ជាតិដឹកនាំដោយឯកឧត្តម សុខ ផេង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកទ្រាំង ខេត្តតាកែវ នឹងរៀបចំក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកជួយពិនិត្យសុខភាពជូនប្រជាពលរដ្ឋក្នុងមួយឆ្នាំពីរដង។ ក្រៅពីនេះ ក្រុមការងារថ្នាក់ជាតិរបស់គណបក្សប្រជាជន ក៏នឹងមានរៀបចំជាមូលនិធិសំរាប់ជួយប្រជាពលរដ្ឋក្រីក្រ ដែលមានបញ្ហាខាងសុខភាពត្រូវទទួលការព្យាបាលផងដែរ។
ទាក់ទងនឹងបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តតាកែវដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តតាកែវ ក៏បានប្រកាសឲ្យដឹងពីផលវិបាកនៃប្រាក់កំចីដែលប្រជាពលរដ្ឋខ្ចីពីស្ថាប័នមីក្រូហិរញ្ញវត្ថុផ្សេងៗ ដែលធ្វើសកម្មភាពនៅតាមមូលដ្ឋាន គឺសុទ្ធសឹងតែជាស្ថាប័នឯកជន មិនមែនរបស់រដ្ឋដូចការឃោសនារបស់អ្នកនយោបាយទេ។
ក្នុងគោលបំណងចូលរួមដោះស្រាយទុន លើកកំពស់ជីវភាពជូនប្រជាពលរដ្ឋជាកសិករ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានឲ្យដឹងថា ឯកឧត្តមបានបង្កើតជាមូលនិធិសហគមន៍កសិកម្មមួយនៅក្នុងខេត្តតាកែវនេះ សំរាប់ឲ្យប្រជាពលរដ្ឋខ្ចី ជាពិសេសសំរាប់ទិញជីមកបង្កើនទិន្នផលស្រូវ ដែលជាពូជស្រូវមានគុណភាព និងតម្លៃខ្ពស់។
មានប្រសាសន៍ទាក់ទងបញ្ហាព្រំដែន ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ក៏បានឲ្យដឹងថា មូលហេតុដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើលិខិតស្នើសុំខ្ចីផែនទីពីអង្គការសហប្រជាជាតិ និងប្រទេសធំៗចំនួនបី គឺបារាំង អាមេរិក និងអង់គ្លេស ក្នុងគោលបំណងបញ្ជាក់អះអាងថា រាជរដ្ឋាភិបាលធ្វើការកំណត់ព្រំដែនជាមួយប្រទេសវៀតណាម គឺប្រើប្រាស់ផែនទីត្រឹមត្រូវ ដែលអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានយកទៅតម្កល់ទុកនៅឆ្នាំ១៩៦៤ គឺមិនមែនប្រើប្រាស់ផែនទីក្លែងក្លាយដូចការឃោសនារបស់អ្នកនយោបាយប្រឆាំងទេ។
ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវក្នុងពិធីបុណ្យបញ្ចុះខ័ណ្ឌសីមា ព្រះវិហារ និងសម្ពោធសមិទ្ធផលក្នុងវត្តរស្មីមហារះភ្នំសន្លុងនេះ បានមានប្រសាសន៍ឲ្យដឹងថា នៅក្នុងខេត្តតាកែវទាំងមូលមានវត្តចំនួន ៣៣០ កន្លែង ក្នុងនោះ វត្តគណៈមហានិកាយ ចំនួន ៣១៣វត្ត មានព្រះសង្ឃ ២៩៥០អង្គ និងវត្តគណៈធម្មយុត្តិកនិកាយចំនួន ១៧វត្តព្រះសង្ឃ ចំនួន ១៣០អង្គ។ វត្តរស្មីមហារះភ្នំសន្លុង ជាវត្តធម្មយុត្តិកនិកាយ ដែលក្នុងពិធីបញ្ចុះខ័ណ្ឌសីមានោះ សម្តេចព្រះសង្ឃរាជ ប៊ូ គ្រី បាននិមន្តយាងចូលរួមផងដែរ។ ដែលបញ្ហានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានចាត់ទុកព្រះរាជវត្តមានសម្តេចព្រះសង្ឃរាជ ប៊ូ គ្រី ជាប្រត្តិសាស្ត្រសំរាប់វត្តរស្មីមហារះភ្នំសន្លុង៕