សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅក្នុងពិធីសម្ពោធឱ្យប្រើជាផ្លូវការនូវស្ពានមិត្តភាពកម្ពុជា-ចិនតាខ្មៅ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥នេះ ថា សម្តេចមិនមែនជាអាយ៉ងរបស់ វៀតណាម ឬ ចិន នោះទេ តែសម្តេចជារបស់កម្ពុជា។
សម្តេចតេជោ បានលើកឡើងថា មានការចោទប្រកាន់មកលើសម្តេចជាបន្តបន្ទាប់ ម្តងថាអាយ៉ងចិន និងម្តងថាអាយ៉ងវៀតណាម ហើយចំពោះការចោទថាសម្តេចជាអាយ៉ងចិននោះក៏ព្រោះបញ្ហាសមុទ្រចិនខាងត្បួង ដោយសារតែកម្ពុជាមិនបានចេញ COC។ សម្តេចបានលើកឡើងថា កាលដែលវៀតណាម និងឥណ្ឌូនេស៊ី ជាប្រធានអាស៊ានមុនកម្ពុជាក៏មិនអាចដោះស្រាយបញ្ហានោះចេញដែរ។ រហូតមកដល់ឥឡូវព្រុយណេ មីយ៉ាន់ម៉ា និងម៉ាឡេស៊ី ក៏ដោះអត់ចេញដែរ។
សម្តេចតេជោ ត្អួញត្អែរថា ដោយសារប្រទេសកម្ពុជាក្រ ហើយតូចទើបត្រូវគេស្តីបន្តោស ថា លំអៀងទៅរកចិន ប៉ុន្តែសម្តេចមិនបានលំអៀងទៅរកអ្នកណាទាំងអស់ គឺជំហររបស់សម្តេច ត្រូវការឲ្យត្រឹមតែអាស៊ានចិន បន្តការចរចារ និងអនុវត្តឲ្យបានត្រឹមត្រូវតាមសេចក្តីថ្លែងការណ៍របស់ភាគីសមុទ្រចិនខាងត្បួង ដែលហៅថា DOC គឺអនុវត្តឲ្យបានត្រឹមត្រូវ និងដើម្បីឈានឆ្ពោះទៅរក COC ហើយសម្តេចលើកទឹកចិត្តឲ្យប្រទេសពាក់ព័ន្ធសន្ទនាគ្នា។
សម្តេចបន្តថា មិនថាបរទេសទេ សូម្បីខ្មែរគ្នាឯងក៏ចោទសម្តេចដែរ ដោយពួកគេថា មកពីសម្តេចស្និតជាមួយចិនពេក ប៉ុន្តែឥឡូវអ្នកមិនស្និតចិនវិញក៏ធ្វើរឿងនេះមិនចេញដែរ។ បញ្ហាសមុទ្រចិនខាងត្បូងនេះ មានតាំងពីឆ្នាំ២០១០, ២០១១ ហើយរហូតដល់ឆ្នាំ២០១២គឺគេមកទម្លាក់កំហុសលើសម្តេចទៅវិញ។ សូម្បីឥឡូវប្រធានអាស៊ានឆ្នាំ២០១៣, ២០១៤ និង២០១៥ក៏ដោះមិនទាន់ចេញ ហើយសម្តេចថាប្រហែលជា ឆ្នាំ២០១៨ ទៅ២០២០ ក៏មិនទាន់ចេញផង។
ចំពោះការចោទប្រកាន់ថាជាអាយ៉ងវៀតណាមវិញ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ហ៊ុន សែន រក្សាបានធាតុពិតរបស់ខ្លួនគឺ ហ៊ុន សែន ជារបស់កម្ពុជា។សម្តេចរំលឹកថា កាលពីឆ្នាំ១៩៨២ សម្តេចបានទៅប្រទេសបារាំង គ្រាន់តែទៅដល់កាសែតចុះព្រោងព្រាត គេថារដ្ឋមន្ត្រីការបរទេសកុម្មុយនីស្តដ៏ក្មេង សំដៅមកលើកម្ពុជា ហើយពេលទៅដល់ទីក្រុងមូស្កូ គេថា កម្ពុជាយើងជាពួកសេរី មិនឲ្យចូលរួមជាមួយពួកសង្គមនិយមទេ ដូច្នេះការពិតយើងជាស្អី ដូច្នេះសម្តេចតាំងចិត្តថា យើងជារបស់កម្ពុជាតែមួយគត់។
សម្តេចតេជោ មានប្រសាសន៍ថា ឥឡូវវៀតណាម និងចិន អត់សូវត្រូវគ្នាទេ ត្រង់ចំណុចរឿងសមុទ្រចិនខាងត្បួង ប៉ុន្តែពួកគាត់នៅតែដោះដូរទំនិញ និងធ្វើការវិនិយោគទៅវិញទៅមក ហើយទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺមានចំនួនដល់ទៅជាង៤០០លានដុល្លារ ដែលស្មើនិងជាងពាក់កណ្តាលទំហំពាណិជ្ជកម្មកម្ពុជាវៀតណាម។
ដោយឡែកចំពោះការចោទប្រកាន់ថាជាអាយ៉ងរបស់វៀតណាមវិញ សម្តេចតេជោ អំពាវនាវសូមឲ្យបញ្ឈប់ការលាបព័ណ៌គ្នាទៅ សម្តេចលើកឡើងថា មានមតិខ្លះចោទប្រកាន់សម្តេចថា មិនហ៊ានប្តឹងវៀតណាមទេ ព្រោះវៀតណាមជាចៅហ្វាយ ដូច្នេះដើម្បីបញ្ជាក់រឿងនេះ សម្តេចនឹងប្រមូលធាតុចូលទាំងអស់ដែលលើកឡើងថា កម្ពុជាគួរប្តឹវៀតណាមទៅតុលាការឡាអេ ដូច្នេះអ្នកដែលនិយាយថាត្រូវប្តឹង ត្រូវត្រៀមការពន្យល់រួមទាំងឯកសារដែលបញ្ជាក់ថាយើងត្រូវប្តឹង ហើយបើប្តឹងទៅកម្ពុជាយើងឈ្នះរឺចាញ់? ប្តឹងត្រង់ចំណុចណាខ្លះ? ហើយបើអ្នកនិយាយនោះ មិនហ៊ានអើតក្បាលមកពន្យល់ រឺបង្ហាញឯកសាររឹងមាំ មានន័យថាអ្នកឯងនិយាយភូត។ សម្តេចតេជោ សង្កត់ធ្ងន់ថា កុំថាវៀតណាម ឪវៀតណាមក៏សម្តេចប្តឹងដែរ ឲ្យតែរំលោភចូលដីខ្មែរ គឺសម្តេចមិនខ្លាចទេ។ សម្តេចនាយករដ្ឋមន្ត្រី បន្តថាថៃនៅខាងលិចក៏សម្តេចធ្លាប់ប្តឹងរួចមកហើយ ទៅក្រុមប្រឹក្សាសន្តិសុខ រឺទៅតុលាការឡាអេ បើវៀតណាមបំពាននៅខាងកើត ដល់កំរិតមួយ គឺសម្តេចនឹងប្តឹងទៅក្រុមប្រឹក្សាសន្តិសុខ និងតុលាការឡាអេដូចគ្នា។ សម្តេចបើកចំហរជានិច្ច និងបានស្នើឲ្យអ្នកដែលបញ្ចេញយោបល់ថាចង់ប្តឹងវៀតណាមទៅតុលាការឡាអេប្រាប់មកថា ត្រូវប្តឹងនៅកន្លែងណា? ប្តឹងពីប្រធានបទអី? អង្គហេតុអី? អង្គច្បាប់អី? គឺធ្វើសារណាមក សម្តេចនឹងចាំទទួល ហើយបើមិនធ្វើមកឲ្យសម្តេចទេ ធ្វើថ្វាយទៅព្រះមហាក្សត្រតែម្តងទៅ ព្រោះព្រះមហាក្សត្រគង់តែបង្វិលរឿងហ្នឹងមកនាយករដ្ឋមន្ត្រីវិញ៕
អត្ថប៖សុភាព