Tuesday, October 6, 2015

សម្តេចតេជោ ហ៊ុន សែន៖ «ចងចាំមិនភ្លេចនូវអនុស្សាវរីយ៍ដ៏សែនកំសត់ នៅវិហារសួគ៌ ពេលបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌម្តងៗ»

(ភ្នំពេញ)៖ ត្បិតតែរំលងហួសជិត ៣ទស្សវត្សហើយក៏ដោយ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅតែចងចាំមិនភ្លេចនូវអនុស្សាវរីយ៍ដ៏សែនកំសត់ នៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល  នៅពេលមានពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌម្តងៗ។ អត្ថបទខ្លីមួយ ដែលមាន ចំណងជើងថា «នៅសល់ការចងចាំ ដែលមានន័យ» ដែលបង្ហោះនៅលើ Facebook នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរំលឹក ឡើងវិញនូវរឿងរ៉ាវ ដិតដាម ជាប់ ជា មួយឃុំវិហារសួគ៌ នាអតីតកាល ដែលមាន ការខ្វះ ខាតខ្លាំង នូវការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធ  គ្រប់ បែប យ៉ាង ក្រោយពេល ឃុំមួយ នេះត្រូវ បំផ្លិច បំផ្លាញដោយខ្មែរក្រហម។
ខាងក្រោមនេះ  ជាសាររបស់សម្តេចតេជោ ហ៊ុន សែន៖
នៅពេលឃើញរូបថតមួយសន្លឹកនេះ គាប់ជួនពេលភ្ជុំបិណ្ឌ ធ្វើឲ្យខ្ញុំព្រះករុណា ខ្ញុំនឹក ឃើញ ដល់រឿងរ៉ាវ ដែលបានកើតឡើងកាលពី ២៦ឆ្នាំមុន គឺខែកញ្ញា ឆ្នាំ១៩៨៩។ ពេលនេះ អ្វីៗបានផ្លាស់ប្តូរអស់ហើយ ដោយសារ តែវត្តមានស្ពានព្រែកតាមាក់ ផ្លូវជាតិលេខ៨ និង ហេដ្ឋា រចនាសម្ព័ន្ធផ្សេងទៀតទាំង អាណាចក្រ ទាំងពុទ្ធចក្រ។ ខែសីហា ១៩៨៩ បន្ទាប់ពី វិល ត្រឡប់ ពីការចរចា នៃសន្និសីទ ប៉ារីស លើកទី១ តែមិនបានសម្រេច។ ខ្ញុំព្រះករុណា ខ្ញុំបាន ធ្វើដំណើរសួរសុខទុក្ខ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនស្ទើរពេញ១ខែ។
ក្នុងដំណើរ ចុះសុខទុក្ខប្រជាជន ក៏មានការ ធ្វើដំណើរទៅកាន់ ស្រុកខ្សាច់ កណ្តាល ខេត្តកណ្តាល ផងដែរ។ ដើម្បីធ្វើដំណើរបានទៅកាន់វត្តវិហារសួគ៌ យើងត្រូវ ដំណើរ ដោយ កាណូតពីភ្នំពេញ ទៅកាន់ ព្រែកតាមាក់ ហើយសម្រាកពេលយប់នៅលើកាណូតនោះ ១យប់ ព្រោះគ្មានផ្ទះសំណាក់នោះទេ។ ការសម្រាកនេះដោយសារមានការប្រជុំនៅទីនោះ ដែលត្រូវ ប្រជុំថែមមួយព្រឹកទៀត។ ស្អែកឡើង បន្ទាប់ ពីការប្រជុំនិងបាយថ្ងៃត្រង់ ប្រហែលម៉ោង ១រសៀល យើងត្រូវ ចេញ ដំណើរ ដើម្បី កុំឲ្យ  ភ្លៀងទាន់។
នៅពេលនោះត្រើយខាងកើតទន្លេមេគង្គតំបន់មួយចំនួន ទោះមានរថយន្ត ក៏មិនមាន ផ្លូវធ្វើ ដំណើរដែរ។ យើង ធ្វើដំណើរដោយម៉ូតូ ហើយជាទម្លាប់ខ្ញុំព្រះករុណាខ្ញុំ ជិះម៉ូតូដោយខ្លួនឯង។ យើងត្រូវធ្វើ ដំណើរ ទៅកាន់ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមសិន ទើបមាន ផ្លូវធ្វើ ដំណើរទៅកាន់ឃុំសន្លុងដែលនៅទីនោះ យើងសម្រាកនៅផ្ទះប្រជាជនដោយចងអង្រឹង។ ភ្លៀង រលឹមខាងក្រៅផ្ទះ យើងសំណេះ សំណាល ជាមួយ ប្រជាជននៅក្នុងផ្ទះ ដែលពេល នោះហើយ យើងប្រមូលបាននូវសំណូមពររបស់ ប្រជាជន លើការកសាងផ្លូវ ស្ពាន សាលារៀន វត្តអារាម ។ល។ ជាពិសេសវិហារសួគ៌ដែល ប៉ុលពត វាយកំទេច ចោល និងស្ពានព្រះគន្លង។ ដោយធនធានមានកម្រិត យើងខិតខំកសាងស្ពានព្រះគន្លងជាមុន ដើម្បីតភ្ជាប់ ចរាចររវាងខាងវិហារសួគ៌ប៉ុន្មានឃុំ និងមួយភាគ នៃខេត្តព្រៃវែង ជាមួយ ព្រែក តាមាក់ មកទន្លេមេគង្គ (ពេលសម្ពោធស្ពានព្រះគន្លងមុន ចូលឆ្នាំថ្មីថ្ងៃទី១០មេសា១៩៩០ ខ្ញុំព្រះករុណាខ្ញុំ បាននិពន្ធចម្រៀងមួយបទ មានចំណងជើងថា «ចំណង ដៃមាសស្ពាន ព្រះគន្លង»)។

ដោយឃើញនូវការលំបាកនេះ ហើយទើបខ្ញុំព្រះករុណាខ្ញុំ ចិញ្ចឹមចិត្តកសាងស្ពានព្រែកតាមាក់ និងផ្លូវ ជាតិលេខ៨ ឲ្យខានតែបាន ដែលវាបានរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ និងការ លំបាក របស់ប្រជាជន និងជួយជំរុញ កំណើនសេដ្ឋកិច្ច តាមរយៈនយោបាយ កសាងហេដ្ឋារចនាសម្ព័ន្ធ។



សូមអគុណអ្នករួមដំណើរ អរព្រះគុណនិងអរគុណចំពោះព្រះសង្ឃ ប្រជាពលរដ្ឋ ដែលផ្ដល់ នូវការគាំទ្រ ទើបមានសមិទ្ធផលដូចថ្ងៃនេះ ទៅបុណ្យភ្ជុំបិណ្ឌ ក៏ស្រួលជាងពេលមុន និង សុវត្ថិភាព ជាងពេលមុន ដោយប្រទេសមានសន្តិភាព តែកុំភ្លេចគោរពច្បាប់ចរាចរណ៍ ដើម្បី សុវត្ថិភាពទាំងអស់គ្នា៕