Tuesday, July 1, 2014

មេចលនា​ក្រុម​អាវ​​លឿង​ថៃ ដែល​អុក​ឡុក​​តំ​បន់​ព្រំ​ដែន​ប្រា​សាទ​ព្រះ​វិហា​រត្រូវ​បា​ន​ដោះ​លែង​ចេញ​ពី​ពន្ធ​នាគារ​

ទណ្ឌិត វី​រ៉ាក់ ស៊ូម​ខ្វាម​ឃីត
លោកវីរៈ ស៊ុមខ្វាមឃីត មេចលនាដឹក​នាំ​ក្រុម​អាវ​លឿងថៃ  ដែលបាន​ជាប់​ពន្ធនាគារ​ក្នុង​ប្រទេស​កម្ពុជា​​អស់​រយៈពេល​ប្រមាណ​៣ឆ្នាំមកនោះ ​ពីបទ លប​ចូ​លក្នុងទឹកដីប្រទេសកម្ពុជាខុសច្បាប់ និង ចូល​ក្នុងទីលានយោធាកម្ពុជា ក្នុងបំណងទុច្ចរិត និងបទ​ប្រមូល​ផ្ដុំព័ត៌មានសម្ងាត់ ប៉ះពាល់ដល់​សន្តិ​សុខជាតិ​កម្ពុជា នៅ​រសៀលថ្ងៃ​ទី១ ខែ​កក្កដា ឆ្នាំ​២០១៤នេះ ត្រូវ​បាន​ដោះ​លែង​អោយ​មាន​សេរី​ភាព​វិញ​​ហើយ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកគុយ ប៊ុនសន អគ្គនាយកពន្ធនាគារ នៃ​ក្រសួងមហាផ្ទៃ​។

បើតាមលោក អ៊ាង សុផល្លែត ជំនួយការរបស់​សម្តេចតេជោនាយករដ្ឋមន្រ្តី បាន​អោយ​ដឹង​ថា «  ការ​​ដោះលែងឲ្យ វីរៈ ស៊ុមខ្វាមឃីត អោយមានសេរីភាពនេះ​ គឺជាថ្នូរនឹងការដោះលែងពលករខ្មែរ ១៤នាក់ ដែលត្រូវបានអាជ្ញាធរយោធាថៃចាប់ឃាត់ខ្លួន ក្រោមបទចោទប្រកាន់ក្លែងបន្លំឯកសារ ពេល​ថៃចាប់បញ្ជូនមកកម្ពុជាកាលពីដើមខែមិថុនាកន្លង​ទៅ។

ការសម្រេចដោះលែងទណ្ឌិត វីរៈ ស៊ុមខ្វាមឃីត បានកើតមានឡើង នៅក្នុងជំនួបរវាង​សម្តេច​តេ​ជោ​ហ៊ុន សែន និងរដ្ឋមន្រ្តីក្រសួងការបរទេស ស្តីទី របស់ថៃ លោក Sihasak Phuang​ket​keo​w​ និងជា តំណាងមេបញ្ជាការកងទ័ពជើងគោកថៃ ប្រាយុទ្ធ ចាន់អូឆា នាវិមានសន្តិភាព ល្ងាចថ្ងៃទី០១   ខែកក្ក​ដា ឆ្នាំ២០១៤ នេះ ។

លោក អ៊ាង សុផល្លែត បាន​ថ្លែងប្រាប់ក្រុមអ្នកព័ត៌មាន នៅក្រោយជំនួបរបស់ សម្តេចតេជោ និង​រដ្ឋ​មន្រ្តីក្រសួងការបរទេសថៃថា សម្តេចតេជោ ហ៊ុន សែន បានសម្រេចឲ្យ វីរៈ ស៊ុម ខ្វាមឃីត មាន​សេរី​ភាពឡើងវិញ បន្ទាប់ពីការស្នើសុំរបស់រដ្ឋមន្ត្រី​ក្រសួងបរទេសថៃ ក៏ដូចរដ្ឋាភិបាល​យោធា​ថៃ​ផង​ដែរ។ លោក អ៊ាង សុផល្លែត ក៏បានថ្លែងឲ្យដឹងផងដែរថា ទណ្ឌិត វីរៈ ស៊ុមខ្វាមឃីត នឹងធ្វើ​ដំណើរ​​​​ត្រឡប់ទៅប្រទេសថៃវិញ នៅថ្ងៃទី០២ ខែកក្កដា ស្អែកនេះ ជាមួយនឹងគណៈប្រតិភូរបស់ថៃ ។

លោក គុយ ប៊ុនសន អគ្គនាយកពន្ធនាគារ ក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា លោក វីរះស៊ុមខ្វាម​ឃីត ត្រូវបានដោះលែង ចេញពីពន្ធនាគារ នៅម៉ោងជិត៦ល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៤នេះ ។ លោក គុយ ប៊ុនសន បានបន្តទៀតថា នៅពេលចេញពីពន្ធនាគារនោះ មានមន្រ្តីស្ថានទួតថៃ មួយ​ចំនួនទៅទទួល។

សូម​រំ​លឹក​ថា សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១១ បានសម្រេចផ្តន្ទា ទោស លោក វីរៈ ស៊ុមខ្វាមឃីត (Veera Somkwamkid) ឲ្យជាប់ពន្ធនាគារ រយៈពេល ៨ឆ្នាំ និង​ផាក ពិន័យចំនួន ១,៨លានរៀល ចូលថវិការដ្ឋ ពីបទ លប​ចូលក្នុងទឹកដីប្រទេសកម្ពុជាខុសច្បាប់ និង ចូល​ក្នុងទីលានយោធាកម្ពុជា ក្នុងបំណងទុច្ចរិត និងបទប្រមូលផ្ដុំព័ត៌មានសម្ងាត់ ប៉ះពាល់ដល់​សន្តិសុខជាតិ។ ក្នុង​ករណី​នោះ​ដែរ នាង​ រ៉ាទ្រី រតនាផៃ​ប៊ូន ដែល​ជា​អ្នក​រួម​ដំ​ណើរជាមួយ​ លោក វី​រ៉ាក់ ស៊ុម​ខ្វាម​ឃីត ក៏​ជាប់​ពន្ធ​នាគារ​ផងដែរ ប៉ុន្តែ មួយ​រយៈក្រោយ​មក​ត្រូវ​បាន​ដោះ​លែង​វិញ​ ។ 

ការចាប់​ខ្លួន​ក្រុម​សកម្មជន​អាវ​លឿង​ថៃ បាន​កើត​មាន​ឡើង កាលពីឆ្នាំ២០១១  ក្នុង​អំ​ឡុង​គ្រា​ដែល​ប្រទេស​​កម្ពុជា កំពុងមានវិវាទជាមួយថៃ ក្នុង​រឿង ជម្លោះព្រំដែន បង្ក​ឡើង​ដោយ​ការ​ឈ្លាន​ពាន​ពី​សំ​ណាក់​យោធាឈុត​ខ្មៅ​ថៃ វ៉ៃ​លុក​ទន្រ្ទាន​រំ​លោភ​លើ​អធិបតេយ្យភាព​របស់​កម្ពុជានៅ​តាម​បណ្តាយ​ព្រំ​ដែន ជា​ពិសេសតំ​បន់​ប្រាសាទ​ព្រះ​វិហារ​។ ខណៈ នោះ សមត្ថកិច្ចកម្ពុជា ក៏បានឃាត់​ក្រុមសកម្ម​ជន​អាវលឿង និងសមាជិកសភាគណបក្សរបស់ អាប់ភីស៊ីត វេចាជី​វ៉ាក់ មួយ​ចំនួន​ទៀត​ផង​ដែរ តែ​ភ្លាម​ៗជនទាំងអស់នោះ ត្រូវបានដោះលែងវិញអស់តាមសំណើរដ្ឋាភិបាលថៃ ដែល​នៅ​សល់​តែ​មេក្លោង​ធំ​ជាង​គេ គឺ វី​រ៉ាក​ ស៊ុម​ខ្វាម​ឃីតនេះ​ឯង ដែល​ជាប់​ពន្ធ​នាគារ​រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជាង​៣ឆ្នាំ​មកហើយ។