Saturday, July 26, 2014

ព្រះករុណាព្រះមហាក្សត្រកសព្វព្រះរាជហឫទ័យចំពោះ ដំណោះស្រាយរបស់គណបក្សទាំងពីរ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤

ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ​ នរោត្ដម ​សីហមុនី ​ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សព្វ​ព្រះទ័យ ​ចំពោះ​ដំណោះ​ ស្រាយរបស់​ គណបក្ស​ ប្រជាជន ​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​ព្រះអង្គ​មាន​សេចក្ដី​សង្ឃឹម​ និងជឿជាក់ថា ថ្នាក់​ដឹកនាំ​នៃគណបក្ស​ទាំង​ពីរពិតជាមានការយោគយល់ចំពោះបំណងប្រាថ្នាដ៏ទទូចរបស់ប្រជាពលរដ្ឋ ដែល​ប្រាថ្នា​ចង់បានសេចក្ដីសុខ សេចក្ដីចម្រើន ហើយខិតខំអស់ពីសមត្ថភាព លទ្ធភាព និងបញ្ញាញាណ ដើម្បីរួមគ្នា​ដោះស្រាយ​បញ្ហានា​នា​របស់ជាតិក្នុងស្មារតីគោរពឆន្ទៈរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ដើម្បីភាពរុង​រឿងនៃ​ព្រះរាជាណាចក្រ​កម្ពុជា។

យោងតាមការផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជាឲ្យដឹងថា នាវេលាម៉ោង១៦រសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ ព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គបានសព្វព្រះរាជហឫទ័យ ព្រះបរមរាជា​នុញ្ញាតជូន​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ប្រជាជនកម្ពុជា មានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និងជាអនុប្រធានគណបក្ស ឯកឧត្ដម សាយ ឈុំ អនុប្រធានទី១ព្រឹទ្ធសភា និងជា​ប្រធាន​គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ឯកឧត្ដម ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាសមាជិកអចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាលគណ​បក្ស​ប្រជាជនក​ម្ពុជា និងថ្នាក់​ដឹកនាំ​គណបក្សសង្គ្រោះជាតិ មានឯកឧត្ដម សម រង្ស៊ី ប្រធានគណបក្ស ឯកឧត្ដម កឹម សុខា អនុប្រធាន​គណបក្ស និងឯកឧត្ដម ប៉ុល ហំម ប្រធានគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ ចូលក្រាបបង្គំ​គាល់នៅមហាប្រាសាទខេមរិន្ទក្នុងព្រះបរមរាជវាំង ដើម្បីទូលថ្វាយអំពីលទ្ធផលដ៏ប្រសើរ ដែលគណបក្ស​ទាំងពីរបានខិតខំដោះស្រាយបញ្ហាប្រទេសជាតិ ក្នុងកិច្ចចរចានៅថ្ងៃទី២២ខែកក្កដា ឆ្នាំ២០១៤។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានទូលថ្វាយព្រះករុណាថា ថ្ងៃនេះជាថ្ងៃដ៏ប្រសើរថ្លៃថ្លា ដែលថ្នាក់ដឹកនាំ​របស់គណបក្ស​ទាំងពីរបានចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដើម្បីទូលថ្វាយ​អំពីលទ្ធផលគួរជាទីមោទនភាពខ្ពស់របស់ជាតិយើង ដែលខ្មែរនិងខ្មែរបានព្រមព្រៀងស្រុះស្រួលគ្នា ដើម្បីផល​ប្រយោជន៍របស់ប្រទេសជាតិ និងប្រជារាស្ត្រកម្ពុជា។

សម្ដេចតេជោបានថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុត ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេច​ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គតែងតែប្រោស​ព្រះរាជទាន​នូវការលើកទឹកចិត្តដ៏ខ្ពង់ខ្ពស់ ដើម្បីកម្ពុជារក្សាបាននូវសេចក្ដីសុខសន្តិភាព ការផ្សះផ្សាបង្រួប​បង្រួមជាតិ ឯកភាព​ជាតិ និងភាពចម្រុងចម្រើនគ្រប់ប្រការ។

សម្ដេចតេជោបានទូលថ្វាយអំពីកិច្ចការជាច្រើន ដែលនឹងត្រូវអនុវត្តន៍​នាពេលខាង មុខ ដូចជាការ​រៀបចំ​ថ្នាក់ដឹកនាំរបស់រដ្ឋសភា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងវិសោធន​កម្មច្បាប់​បោះឆ្នោតជាដើម។

ឯកឧត្ដម សម រង្ស៊ី ក្នុងនាមថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សសង្គ្រោះជាតិ សូមថ្លែងអំណរ​ព្រះរាជគុណថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំ ផុត ដែលជានិច្ច​ជាកាល​ព្រះអង្គមានព្រះរាជហឫទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជកិច្ច ផ្សះផ្សាបង្រួបបង្រួមជាតិ ឯកភាពជាតិ ដង្ហែតាមព្រះរាជតម្រិះដ៏ភ្លឺស្វាងបំផុតរបស់ព្រះករុណា «ព្រះបរមរតនកោដ្ឋ» ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ធ្វើឲ្យសង្គមកម្ពុជាទទួលបាននូវសេចក្ដីសុខ សន្តិភាព ឯកភាពជាតិ និងវឌ្ឍនភាពនូវគ្រប់កាលៈទេសៈ។ ឯកឧត្ដម សម រង្ស៊ី បានទូលថ្វាយ បន្តថា គណបក្ស​សង្គ្រោះ​ជាតិនឹង​បន្តចូលរួម​ក្នុងការដោះ​ស្រាយនូវរាល់​កិច្ចការទាំងឡាយ របស់ប្រទេសជាតិចូលរួមក្នុងសភា និងសច្ចាប្រណិធាន។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានសម្ដែងនូវសេចក្ដីអបអរសាទរកោតសរសើរ និងវាយតម្លៃ​ខ្ពស់​ចំពោះ​​គណបក្សទាំងពីរ ដែលបានព្រមព្រៀងគ្នាលើដំណោះស្រាយនយោបាយ តាមរយៈ​ការចរចា​កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅនេះនៅវិមានព្រឹទ្ធសភា ក្នុងគោលបំណងបន្តថែរក្សាសន្តិភាព ស្ថិរភាព​ប្រទេសជាតិ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ភាពរុងរឿង ភាពថ្លៃថ្នូររបស់ជាតិយើង ព្រះអង្គសូម​ថ្នាក់ដឹកនាំ​នៃគណបក្សទាំងពីរមេត្តាសហការ គ្នា ប្រកបដោយស្មារតីយោគយល់ ដើម្បីរួមគ្នាដោះ​ស្រាយ​បញ្ហា​សំខាន់ៗ​ជាឧត្ដមប្រយោជន៍ជាតិយើង។

ព្រះអង្គសូមអរគុណដ៏ជ្រាលជ្រៅចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​និងឯកឧត្ដម សម រង្ស៊ី ដែលបានឯកភាពគ្នាក្នុងស្មារតីទទួលខុសត្រូវខ្ពស់របស់ប្រជាជាតិយើង៕
ជឹមណារី