Saturday, July 26, 2014

បើកការដ្ឋានសាងសង់ស្ពានផ្លូវដែកប៉ោយប៉ែត-អារញ្ញប្រាថេត

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤

ស្ពាន​ផ្លូវ​ដែក​ប៉ោយ​ប៉ែត​ខេត្ត​បន្ទាយ​មាន​ជ័យ អារញ្ញ​ប្រាថេត​ខេត្ត​ស្រះ​កែវ​ (ព្រំដែនកម្ពុជា-ថៃឡង់)​ ប្រវែង​៤៥ម៉ែត្រ​បាន​ចាប់​ផ្តើម​សាង​សង់​ក្រោមហិរញ្ញ ប្បទាន​ពីរាជរដ្ឋាភិបាល​ថៃនូវ​ទឹក​ប្រាក់​ចំនួន​ប្រមាណ​២៩,៥លានបាត​បានបើក​ ការដ្ឋាន​សាងសង់​នៅ​ព្រឹកថ្ងៃទី២៥​ ខែកក្កដា​ ឆ្នាំ២០១៤​ នៅ​មាត់​អូរច្រកប៉ោយ​ ប៉ែតក្រោម​អធិបតីភាពឯកឧត្តម អ៊ួន សុង អនុរដ្ឋលេខា​ធិការ​ក្រសួង​សាធារណ ការ និងដឹកជញ្ជូនកម្ពុជា និងលោកជំទាវ សយធីប ត្រៃស៊ុថ អគ្គលេខាធិការ អចិន្ត្រៃយ៍​ក្រសួង​ដឹកជញ្ជូនថៃ។

យោងសេចក្តីប្រកាសព័ត៌មានរួមបានបញ្ជាក់ថា ការសាងសង់ឡើងវិញ ស្ពានផ្លូវដែកប៉ោយប៉ែត-អារញ្ញ​ប្រាថេត​នេះ គឺជាការពង្រឹងបន្ថែមទៀតនូវកិច្ច សហប្រតិបត្តិការទ្វេភាគីកម្ពុជា-ថៃ ហើយក៏ជាការ​បង្កើននូវ​ចំណង​មិត្ត​ភាពឲ្យ កាន់តែរឹងមាំរវាងប្រទេសទាំងពីរ ដោយឈរលើមូលដ្ឋានសមភាព និងផលប្រ យោជន៍រួម ក្នុងគោល​បំណងលើកកម្ពស់ការជំរុញពាណិជ្ជកម្មអន្តរជាតិ និងកិច្ច សហប្រតិបត្តិការសម្របសម្រួលដឹកជញ្ជូនទំនិញ និងអ្នកដំណើរឆ្លងកាត់ទៅ មកប្រទេសទី៣ទៅថ្ងៃអនាគត។ ស្ពានដែកនេះមានសារសំខាន់ទូលំទូលាយ ណាស់ សម្រាប់ការដឹកជញ្ជូនទ្រង់ទ្រាយធំរវាងប្រទេសកម្ពុជា-ថៃ និងរួមចំ ណែកមិនអាច​ខ្វះបានសម្រាប់​ផ្លូវដែក​អាស៊ី​ពីសិង្ហ​បុរី​ទៅ​គុនមីង ប្រទេសចិន ដែលជាគម្រោងផ្លូវដែកដ៏ធំមួយ សម្រាប់ជាឈ្នាន់ដល់ការធ្វើសកលភាវូបនីយ កម្មសេដ្ឋកិច្ចក្នុងតំបន់អាស៊ី ដោយភ្ជាប់ប្រទេសសិង្ហបុរី ម៉ាឡេស៊ី ថៃ ហើយឆ្លង កាត់ប្រទេស​កម្ពុជា​ឆ្ពោះ​ទៅ​ប្រទេស​វៀតណាមបន្តរហូតដល់ប្រទេសចិន។

ឯកឧត្តម អ៊ួន សុង ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹក​ជញ្ជូនបានគូសបញ្ជាក់ថា ក្រោមកិច្ចសហ ការជាមួយភាគីថៃ រាជរដ្ឋាភិបាល​កម្ពុជាបាន​ប្រឹងប្រែង​ជួសជុល​ស្តារឡើងវិញ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលក្នុងនោះជំរុញការតភ្ជាប់ផ្លូវដែក កម្ពុជា​ទៅនឹង​បណ្តាញផ្លូវដែកថៃ ដើម្បីឈានទៅសម្រួលដល់ការដឹកជញ្ជូនឆ្លង កាត់ព្រំដែនទៅថ្ងៃអនាគត។ ជួយទ្រទ្រង់ និងជំរុញដល់ការធ្វើពាណិជ្ជកម្ម ទេស ចរណ៍ និងការផ្លាស់ប្តូរវប្បធម៌ និងសង្គម​កិច្ច​សំដៅ​លើកស្ទួយ​កំណើន​សេដ្ឋកិច្ច និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន។

ឯកឧត្តមបន្តទៀតថា ដើម្បីធ្វើសមាហរណកម្មទៅក្នុងផ្លូវដែកអាស៊ី ដែល ជាគម្រោងផ្លូវដែកសិង្ហបុរី-គុនមីង រាជរដ្ឋាភិបាលក៏កំពុងខិតខំប្រឹងប្រែងស្វះ ស្វែងរកជំនួយពីបណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍នានា ដើម្បី​យក​មក ដំណើរការសាងសង់កំណាត់ផ្លូវដែកនេះ។ ឯកឧត្តមបានឲ្យដឹងទៀតថា ស្ពានផ្លូវ ដែកប៉ោយប៉ែត-អារញ្ញប្រាថេត ត្រូវបានសាងសង់ក្នុងអំឡុងដើមទសវត្សរ៍ឆ្នាំ ១៩៤០ ហើយស្ពាននេះ ត្រូវបានបំផ្លិចផ្លាញ​ក្នុង​ចន្លោះទសវត្សរ៍ ឆ្នាំ១៩៩១-១៩៩៣។ ការសាងសង់ឡើងវិញស្ពានផ្លូវដែកនេះ ត្រូវប្រើរយៈពេលពី៥ឬ៦ខែ ដែល​ជាការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ថៃនោះ៕
ដោយ ឈុន សារ៉ាត