AKP ភ្នំពេញ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៤—
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីការមិនយល់ស្របទៅ និងការប្រើភាសារបស់សារព័ត៌មាន និង ទូរទស្សន៍ធំៗ នៅលើពិភពលោក ដែលតែងមានការនិយាយទៅដល់មូស្លីមនិយមជ្រុល ដោយសម្ដេចគិតថា ភាសានេះពិតជាមានការខុសឆ្គងដ៏ធ្ងន់ធ្ងរនៅក្នុងបញ្ហាការបែងចែកតំបន់ និងពិភពលោក និង ការរើសអើង ជាតិសាសន៍នៅក្នុងពិភពលោកតែម្ដង។
ថ្លែងក្នុងពិធីអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា នារាត្រីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៤ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ដែលមានការអញ្ជើញចូលរួមពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងនោះ សម្ដេចតេជោថ្លែងថា បញ្ហានិយមជ្រុល មិនមែនចេញមកពីប្រភពរបស់មូស្លីមនោះទេ ជ្រុលនិយមវា មានចេញមកពីគ្រប់ជាតិសាសន៍ និងគ្រប់សាសនាទាំងអស់ ដូច្នេះមិនគួរនិយាយឡើង«មូស្លីមនិយមជ្រុល» នោះទេ ហើយរឿង នេះពិតជាមិនអាចទទួលយកបាន មិនថា ករណីបងប្អូនជាមូស្លីមនោះទេ ប៉ុន្តែខ្ញុំជាអ្នកកាន់ សាសនាព្រះពុទ្ធ ខ្ញុំក៏មិនអាចទទួលយកបាន ដោយចោទប្រកាន់ថាឲ្យតែមូស្លីមសុទ្ធតែនិយម ជ្រុល។ និយមជ្រុលចេញពីព្រះពុទ្ធក៏និយមជ្រុល ហិនណ្ឌូក៏និយមជ្រុល គ្រិស្តក៏និយមជ្រុល ក្នុងមូស្លីមក៏និយមជ្រុល ដូច្នេះមិនអាចប៉ាវទៅលើផ្នែកណាមួយបានទេ សូម្បីតែនៅកម្ពុជាក៏ មានក្រុមតូចមួយនិយមជ្រុលដែរ ហើយក្រុម នោះក៏មិនមែនជាឥស្លាមទៅទៀត នៅប្រទេស នានាមានដូចគ្នា ដូច្នេះបញ្ហានេះទាមទារឲ្យ មានការ ប្រុងប្រយ័ត្ន។
សម្ដេចតេជោបន្តថា ខ្ញុំកាន់តែមិនយល់ស្រប ហើយថែមទាំងរកគ្រប់វិធី ដើម្បីរារាំងនូវការចោទប្រកាន់ផ្សេងៗ របស់ប្រទេសខ្លះពាក់ព័ន្ធទៅនឹងសកម្មភាពរបស់មូស្លីមកម្ពុជា ដូចជាការចោទប្រកាន់ថា មូស្លីមកម្ពុជា បានទៅ ប្រយុទ្ធនៅទីនេះ ឬទីនោះ ហើយចុងក្រោយនេះមានការលើកឡើងពីពួកក្រុម ដែលធ្វើសកម្មភាពនានាថា មូស្លីមកម្ពុជាមានការចូលរួមចំណែកប្រយុទ្ធនៅកន្លែងនេះ ឬនៅកន្លែងនោះ។
ម្យ៉ាងទៀតខ្ញុំក៏សូមជម្រាបជូនបងប្អូនថ្នាក់ដឹកនាំឥស្លាមក៏ដូចជាសាសនិកឥស្លាមផងដែរថា បន្ទាប់ពីមានសំណើ របស់ឯកឧត្ដម អូស្មាន ហា ស្សាន់ រួចមក ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលដឹកនាំ ដោយឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានធ្វើការសិក្សាហើយនៅពេលខាងមុខនេះ កម្ពុជានឹងស្នើ សុំចូលជាអ្នកសង្កេតការណ៍ នៃប្រទេសជាសន្និសីទឥស្លាម កម្ពុជានឹងខិតខំដើម្បីជំរុញខ្លួនឲ្យ ក្លាយទៅជាអ្នក សង្កេតការណ៍ ដោយសារប្រទេសរបស់ខ្លួនក៏មានបងប្អូនមូស្លីម ហើយម្យ៉ាង ទៀតបើសិនជាយើងអាចរួម ចំណែកបាននៅក្នុងការធ្វើសុខដុមនីយកម្មជាតិសាសន៍ សាសនា នៅលើពិភពលោកវាក៏ជាការប្រសើរ។ សុខដុមនីយកម្មជនជាតិ និងសាសនាពិតជាមានសារសំខាន់ខ្លាំងណាស់ នៅក្នុងស្ថិរភាពជាតិ ឯកភាពជាតិ របស់កម្ពុជា ដូច្នេះតាំងពីដើមរហូតដល់ ចប់ បន្ទាប់ពីថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ តាំងពីដំណាក់កាលទី១ យើងបានយកចិត្តទុកដាក់ បំផុតទៅលើការធ្វើសុខដុមនីយកម្មរវាងជនជាតិ និងសាសនា ដែលក្នុងនោះបន្ទាប់ ពីព្រះពុទ្ធ សាសនា គឺមានឥស្លាមសាសនា។ នៅកម្ពុជាយើងមានមោទនភាពមិនត្រឹមតែបញ្ហានិកាយ ខុសគ្នា ប៉ុណ្ណោះទេ ក៏ប៉ុន្តែសាសនាខុសគ្នាដែលរួមមានសាសនាទីទៃៗពីគ្នា ក៏មិនដែលមាន បញ្ហាជាមួយគ្នានោះទេ ហើយនេះជាការបង្ហាញអំពីសាមគ្គីភាពនៅក្នុងប្រទេសរបស់យើង។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសម្តែងនូវក្ដីមោទនភាពថែមទៀត ចំពោះគោលនយោបាយ ដែលសម្ដេច បានដាក់ចេញនោះគឺ គោលនយោបាយអនុញ្ញាតឲ្យសិស្ស និស្សិត ដែល ជាសាសនិក ឥស្លាមអាច ស្លៀកសម្លៀកបំពាក់របស់ខ្លួនចូលទៅតាមសាលាគ្រប់កម្រិត តាំងពី បឋមរហូតទៅដល់សាកលវិទ្យាល័យ ដោយសម្ដេចបានបញ្ជាក់ថា នៅប្រទេសមួយចំនួនបាន រារាំងនិស្សិតមូស្លីមមិនអនុញ្ញាតឲ្យស្លៀកសម្លៀកបំពាក់ តាមបែបមូស្លីមចូលទៅក្នុងសាលានោះទេ ក៏ប៉ុន្តែសម្រាប់កម្ពុជា ដោយមើលឃើញថា មានការចាំបាច់នូវ ការគោរពប្រណិប័តន៍ ជាពិសេសគឺនិស្សិតជាស្ត្រី ដែលមិនអាចឲ្យអ្នកផងទាំងពួងអាចមើលឃើញនូវត្រចៀក ឬក៏រូបកាយ ឬអាថ៌កំបាំងយ៉ាងណានោះ គឺរាជរដ្ឋាភិបាលសម្រេចចិត្តបើកឱកាសសម្រាប់ស្ត្រី ឬក៏ជាបុរស អាចស្លៀកពាក់បានយ៉ាងដូច្នេះ ដែលការនេះក៏ជាការដោះរបាំងមួយ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងសាស និកឥស្លាមផងដែរ៕
ដោយ ជឹម ណារី