AKP ភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤—
នៅពេលអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីពិសារអាហារស្រាយបួសខែ រ៉ាម៉ាឌន នៃសាសនិកឥស្លាមកម្ពុជានៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ កាលពីរាត្រី ថ្ងៃទី១៨ កក្កដា ឆ្នាំ២០១៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ ថា នេះជាការចាប់ផ្តើមនៅឆ្នាំទី១ ហើយយើងនឹងជួបគ្នាជារៀងរាល់ឆ្នាំសម្រាប់កម្មវិធីដ៏មាន សារសំខាន់នេះ។
សម្តេចតេជោមានប្រសាសន៍ក្នុងពិធីដែលមានការ ចូល រួម ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថា ជាការពិត ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះសាសនិកឥស្លាមពុំមែនទើប តែនឹងមានលើកទី១ ដូចយើងឃើញក្នុងពិធីនេះប៉ុណ្ណោះទេ ប៉ុន្តែកិច្ចការនេះ បានកើតមាន ឡើងតាំងពីការចាប់ផ្តើមរៀបចំស្តារ និងអភិវឌ្ឍន៍ប្រទេសឡើងក្រោយថ្ងៃរំដោះ៧ មករាមកម្ល៉េះ។ ជាក់ស្តែង ក្នុងពេលកន្លងមកនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះសាសនា ឥស្លាមស្មើគ្នាទៅនឹងសាសនាដទៃទៀត ដោយមានការចូលរួមជួយកសាងព្រះវិហារ ការលើក កម្ពស់ការប្រណិបត័ន៍របស់សាសនិកឥស្លាម ពិសេសគឺការបង្កើតឲ្យមានស្ថាប័នកំពូលរបស់ ឥស្លាមកម្ពុជាជាដើម ហើយឈរលើមូលដ្ឋាននេះ សាសនាឥស្លាមនៅកម្ពុជាបានទទួលនូវ ភាពរីកចម្រើន ហើយអាចឈរដោយស្មើមុខស្មើមាត់ជាមួយនឹងសាសនា នៃប្រទេសក្នុងតំបន់ និងបណ្តាប្រទេសផ្សេងទៀត នៅក្នុងពិភពលោក។
ដោយរំលេចឲ្យឃើញពីការគាំទ្រចំពោះការបួសរបស់សាសនាឥស្លាមនោះ សម្តេច តេជោ មានប្រសានស៍ថា ជាការពិត បួស មាននៅគ្រប់សាសនា សាសនាណាក៏មានការបួសដែរ គ្រាន់តែខុសគ្នាត្រង់ការប្រណិប័តន៍តែប៉ុណ្ណោះ ដូចជា មានអ្នកខ្លះតមអាហារពេលថ្ងៃ ខ្លះតម ពេលយប់ ខ្លះបួសក្នុងរយៈពេលមួយកំណត់ ខ្លះបួសមួយជីវិត ខ្លះតមសាច់ទទួលទានតែបន្លែ ខ្លះតមស៊ុតជាដើម។ ពិតមែនតែការប្រណិប័តន៍ នៃការបួសមានលក្ខណៈខុសគ្នាយ៉ាងដូច្នេះ ក៏ដោយ ប៉ុន្តែគោលបំណងនៃការបួសឬការតមអាហារ មិនជាខុសគ្នាឆ្ងាយប៉ុន្មាននោះទេ។ ជា រួមការបួសទាំងនៅក្នុងសាសនាផ្សេង និងនៅក្នុងសាសនាឥស្លាមគឺនៅក្នុងបំណងស្វែងរកទី សុខសន្តិភាព ស្ថិរភាព និងភាពស្ងប់ស្ងាត់ក្នុងខ្លួនរបស់អ្នកបួសម្នាក់ៗ ដែលតាមរយៈនេះយើង អាចនិយាយបានថា ការបួសនឹងនាំទៅកាន់សន្តិភាព និងស្ថិរភាពទាំងក្នុងគ្រួសារ សហគមន៍ សង្គម និងប្រទេសជាតិទាំងមូល។ ក្នុងនោះ អ្នកបួសតែងទទួលអារម្មណ៍ស្ងប់ ដែលជាការ ហាត់ពត់លត់ដំចិត្ត កាយ វាចា និងអាកប្បកិរិយាឲ្យឈានទៅដល់កម្រិតនៃព្រហ្មវិហារធម៌ ដែលមាន មេត្តា គឺផ្សាយសេចក្តីរាប់អានទៅរកសព្វសត្វលោក ករុណា គឺផ្សាយសេចក្តី អាណិតស្រឡាញ់ទៅរកសព្វសត្វលោក មុទិតា គឺផ្សាយអំណរសាទរទៅរកសព្វសត្វ ដែល បានទទួលបាននូវសេចក្តីសុខចម្រើន ពោលគឺមានអំណរនឹងសព្វសត្វលោក ដែលនូវសេចក្តី សុខចម្រើន ឧបេក្ខា គឺផ្សាយសេចក្តីស្មោះស័្មគ្រទៅរកសព្វសត្វលោកទាំងអស់ ហេតុនេះយើង អាចយើងអាចមើលឃើញថា បួស គឺពិតជានាំមកនូវសន្តិភាព ទាំងផ្លូវកាយ និងទាំងផ្លូវចិត្ត។
សម្តេចនាយករដ្ឋមន្រ្តីថ្លែងថា ជាការពិត សមិទ្ធផលសំខាន់ៗ ដែលសាសនិកឥស្លាម ទទួលបាន បន្ទាប់ពីថ្ងៃរំដោះមកដល់បច្ចុប្បន្ន ដែលមានរយៈពេលជាង៣០ ឆ្នាំមកនេះ គឺបាន ឈរលើបរិយាកាសសង្គមមួយ ដែលប្រកបដោយលក្ខណៈអំណោយផល មានសន្តិភាព ស្ថិរ ភាព និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា។ តាមរយៈនេះ យើងក៏អាចមើល ឃើញយ៉ាងប្រត្យក្សផងដែរថា អ្វីៗដែលយើងទទួលបានក្នុងពេលនេះ មិនមែនជារឿងធម្មតា នោះទេ ពីព្រោះថា ក្នុងអំឡុងពេលដែលកម្ពុជាកំពុងកសាងប្រទេសជាតិមួយពីគំនរនៃផេះផង់ ដែលស្ថិតក្នុងកម្រិតសូន្យ ឬក្រោមសូន្យ នៅក្រោយថ្ងៃ៧ មករា១៩៧៩ នោះ កម្ពុជាក៏ត្រូវធ្វើ ឲ្យមានសុខដុមនីយកម្ម ក្នុងចំណោមសាសនិកនានា នៅលើទឹកដីកម្ពុជាទាំងមូល។ កិច្ចខិតខំ ប្រឹងប្រែងមិនខ្លាចនឿយហត់របស់យើង បានធ្វើឲ្យកម្ពុជាទទួលបាននូវសន្តិភាពពេញលេញ និងការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ ហើយកម្ពុជាអាចធ្វើសមាហរណកម្មជាមួយសហគមន៍ អន្តរជាតិ ទាំងក្នុងក្របខណ្ឌអនុតំបន់ និងក្របខណ្ឌតំបន់ មានទំនាក់ទំនងមិត្តភាព និងកិច្ច សហប្រតិបត្តិការល្អជាមួយគ្រប់ប្រទេស ហើយបាននាំមកនូវការគាំទ្រ និងជំនួយឧបត្ថម្ភយ៉ាង ច្រើនសម្រាប់ការអភិវឌ្ឍកម្ពុជា រួមទាំងការលើកកម្ពស់សាសនាឥស្លាមកម្ពុជាផងដែរ។
សម្តេចតេជោមានប្រសាសន៍ ជារួមបងប្អូនសាសនិកឥស្លាម មិនត្រឹមតែបានចាកផុត ពីក្តីកង្វល់ទាំងឡាយ ដែលរារាំងដល់ការប្រណិប័តន៍សាសនារបស់ខ្លួន ហើយរស់នៅដោយ មានសេចក្តីសុខ ប្រកបដោយភាពសុខដុមរមនាប៉ុណ្ណោះទេ ប៉ុន្តែសមិទ្ធផលផ្សេងៗទៀតខាង វិស័យសាសនាឥស្លាមក៏បានរីកស្គុះស្គាយយ៉ាងខ្លាំងក្លាផងដែរ ដោយបងប្អូនឥស្លាមនៅប្រ ទេសនានា បានមកបំពេញទស្សនកិច្ចនៅកម្ពុជា បាននាំមកនូវជំនួយឧបត្ថម្ភផ្សេងៗ ទាំងខាង ផ្នែកសាសនា និងមនុស្សធម៌ជូនដល់បងប្អូន និងសហគមន៍ឥស្លាមកម្ពុជាទៀតផង៕
ដោយ ជ័យ ភូមិពល