អត្តបទដោយ: ឧត្តម សក្តិ
ក្រុម
អនាធិបតេយ្យដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ បានដើរធ្វើសកម្មភាពញុះញង់
អុជអាល ប្រឌិតបញ្ហានានាក្នុងសង្គម
បំផុសប្រជាពលរដ្ឋឲ្យប្រើប្រាស់អំពើហិង្សា និងសកម្មភាពរំលោភច្បាប់ ក្រោមរូបភាពនៃការប្រមូលផ្តុំធ្វើបាតុកម្ម កូដកម្ម និងការទាមទារតវ៉ានានា ប៉ុនប៉ងបង្កឲ្យមានអស្ថេរភាពនយោបាយ និងប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយក្នុងសង្គម។
ភាពព្រហើន និងអំនួតក្អេងក្អាងរបស់ក្រុមប្រឆាំងនៅកម្ពុជាទាំងនេះ ត្រូវបានវាយបំបាក់ដោយការអនុវត្តច្បាប់ និងការពង្រឹងនីតិរដ្ឋរបស់មន្ត្រីមានសមត្ថកិច្ច ដែលនេះ គឺជាការព្រមានចំពោះក្រុមមនុស្សដែលចូលចិត្តធ្វើខ្លួនឲ្យស្ថិតនៅក្រៅពីរង្វង់ច្បាប់ យកច្បាប់ទ្រាប់អង្គុយ។ តើការអនុវត្តច្បាប់របស់អាជ្ញាធរសមត្តកិច្ច ត្រូវបានចាត់ទុកថា ជាការបំផ្លាញនីតិរដ្ឋ ហើយ វិលទៅរកអំណាចផ្តាច់ការ ដូចការអះអាងរបស់ក្រុមប្រឆាំង ឬយ៉ាងណា? តើក្នុងនាមជាអ្នកតំណាងរាស្ត្រអាណត្តិមុន និងជាតំណាងរាស្ត្រជាប់ឆ្នោតអាណត្តិថ្មី ដែលជាអ្នកបង្កើតច្បាប់ យល់ពីច្បាប់ ហើយបំពានច្បាប់ ទើបហៅថា ជាសិទ្ធិសេរីភាព ក្នុងសង្គមប្រជាធិបតេយ្យ ឬយ៉ាងណា?
នរណាក៏បានដឹងដែរថា ចាប់តាំងពីក្រោយការបោះឆ្នោត ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៣ មក អំពើហិង្សាបានកើតឡើងជាច្រើនលើក ដែលបណ្តាលឲ្យមានអ្នកស្លាប់
អ្នករបួស និងអ្នកជាប់ក្នុងមន្ទីរឃុំឃាំងជាច្រើននាក់
ដោយសារការប្រឈមមុខដាក់គ្នាដ៏តានតឹងរវាងក្រុមកុបកម្មហិង្សា
និងកងកម្លាំងមានសមត្ថកិច្ច ក្រោមការញុះញង់
និងដឹកនាំបញ្ជាផ្លាល់ដោយគណបក្សសង្គ្រោះជាតិ។
សំណុំរឿងនៃអំពើហិង្សាកាលពីដើមខែមករា នៅមិនទាន់ទាំងបិទបញ្ចប់ (ទីលានប្រជាធិបតេយ្យត្រូវបានបិទបណ្ដោះអាសន្ន ហើយកំពុងតែស្ថិតនៅក្រោមការស៊ើបអង្កេត) អំពើហិង្សាដ៏ឃោរឃៅមួយទៀត ក៏បានកើតឡើងកាលពីខែមុនកន្លងទៅនេះ បន្ថែមមួយករណីទៀត។ ដែលទង្វើថ្មីទាំងនេះ ត្រូវបានគេមើលឃើញថា បានដឹកនាំ និងបញ្ជាផ្ទាល់ដោយតំណាងរាស្ត្រជាប់ឆ្នោតបក្សប្រឆាំង ៨ រូប និងសកម្មជនម្នាក់
ទៀត ហើយត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃុំខ្លួនក្នុងពន្ធនាគារ
ក្រោមបទចោទដឹកនាំកុបកម្ម និងបទចោទញុះញង់ឲ្យប្រព្រឹត្តអំពើហិង្សា
និងបទល្មើស រួមទាំងបទផ្តើមគំនិតបង្កអំពើហិង្សាដោយចេតនា
មានស្ថានទម្ងន់ទោស គឺជាបទចោទទាំង ៣ ដែលព្រះរាជអាជ្ញាបានសម្រេចឃុំខ្លួនមនុស្សរបស់គណបក្សប្រឆាំងនាពេលកន្លងមក ក្នុងសំណុំរឿងអំពើហិង្សា
បង្ហូរឈាម រវាងកម្លាំងសន្តិសុខនៃសាលារាជធានីភ្នំពេញ
និងក្រុមបាតុកររបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី ១៥ ខែកក្កដា
នៅក្បែរទីលានប្រជាធិបតេយ្យ
បណ្តាលឲ្យកងកម្លាំងសន្តិសុខរបស់អាជ្ញាធរមូលដ្ឋានរងរបួសធ្ងន់
និងស្រាល ប្រមាណ ៣៨ នាក់។
ការចាប់ខ្លួនតំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ ដែលដឹកនាំធ្វើបាតុកម្ម កន្លងទៅនេះទៀតសោត ត្រូវបានគេមើលឃើញថា ជាបទល្មើសជាក់ស្តែង កើតចេញពីបាតុកម្មហិង្សា។ បើយោងតាមបទដឹកនាំកុបកម្ម តាមមាត្រា ៤៥៩ នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី ២០ ឆ្នាំ ទៅ ៣០ ឆ្នាំ បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី ៦ ខែ ទៅ ២ ឆ្នាំ និងពិន័យជាប្រាក់ពី ១ លានរៀល ទៅ ៤ លានរៀល បទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា ២១៨ ដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ៤ លានរៀល ទៅ ១០ លានរៀល និងមាត្រា ២៨ ចែងពីអ្នកផ្តើមគំនិត។ ហើយពេលនេះ សំណុំរឿងក្តីប្រឆាំងជនទាំងនោះ កំពុងស្ថិតក្នុងដំណើរការរបស់តុលាការ ដោយមិនជាប់ពាក់ពន្ធនឹងរឿងនយោបាយអ្វីទាំងអស់។ ចុះហេតុអ្វី បានជាគណបក្សសង្គ្រោះជាតិទាញបញ្ហាទាំងនេះឲ្យទៅជារឿងនយោបាយ ហើយទម្លាក់ការទទួលខុសត្រូវមកលើរាជរដ្ឋាភិបាលទៅវិញ? តើនេះជាយុទ្ធសាស្រ្តស្វាស៊ីបាយលាបមាត់ពពែរបស់បក្សប្រឆាំង ឬយ៉ាងណា?
ទោះយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជាដែលប្រសូតចេញពីការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ប្រាកដជាមានកាតព្វកិច្ចការពារជាតិ ហើយនឹងប្រកាន់យកគ្រប់វិធាន ការច្បាប់ទាំងអស់ ដើម្បីការពាររដ្ឋធម្មនុញ្ញ ការពារបាវចនាជាតិ សាសនា ព្រះមហាក្សត្រ និងជាពិសេសការពារលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ក៏ដូចជាធានានូវប្រក្រតីភាពនៃដំណើរការសង្គម និងសេដ្ឋកិច្ច ជាពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយនឹងមិនបណ្តោយឲ្យក្រុមបក្សប្រឆាំងបង្កចលាចលសង្គម បំផ្លាញផលប្រយោជន៍រួមរបស់ជាតិនោះទេ។
ដូច្នេះ ល្មមដល់ពេលដែលមេដឹកនាំគណបក្សប្រឆាំងបញ្ឈប់សកម្មភាពបង្កគ្រោះថ្នាក់ ដល់សង្គមជាតិ ហ៊ានទទួលយកការពិត នូវភាពបរាជយ័របស់ខ្លួន ងាកមកគោរពច្បាប់ ហើយ
តម្កល់ផលប្រយោជន៍ជាតិជាធំ
ល្បែងប្រជាធិបតេយ្យត្រូវលេងនៅក្នុងប្រព័ន្ធច្បាប់ដ៏រឹងមាំមួយ
ដែលមានការជឿទុកចិត្តគ្នារវាងអ្នកនយោបាយទាំងអស់។
វិធានការច្បាប់ទៅលើក្រុមប្រឆាំង គឺជាការពង្រឹងនីតិរដ្ឋ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃលទ្ធិប្រជាធបតេយ្យនៅកម្ពុជា ដែលចាំបាច់ត្រូវតែចាប់បង្ខំមនុស្សគ្រប់រូបឲ្យស្ថិតនៅក្រោមច្បាប់ គោរពរដ្ឋធម្មនុញ្ញរបស់ជាតិ៕