តាមយោងសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការរៀបចំតាក់តែងច្បាប់ស្តីពីសហជីព បានឲ្យដឹងថា នាពេលថ្មីៗនេះ មានអង្គការវិជ្ជាជីវៈមួយចំនួនដោយមានការគាំទ្រពីអង្គការបរទេស បានបញ្ចេញមតិជំទាស់ទៅនឹងការអនុម័តច្បាប់ស្តីពីសហជីព ដែលបានរៀបចំចំនួន ៧ឆ្នាំ ហើយដែលនឹងឈានដល់ការបញ្ចប់ជាស្ថាពរក្នុងពេលដ៏ខ្លីខាងមុខនេះ។ ដូច្នេះដើម្បីបំភ្លឺជូនសាធារណជនអំពីគោលបំណងពិតនៃការរៀបចំច្បាប់នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងពីចំណុចសំខាន់ៗមួយចំនួននៃច្បាប់នេះ។
ច្បាប់សហជីពនេះបង្កើតឡើងគឺមានគោលដៅទី ១ -ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់បងប្អូនកម្មករនិយោជិត ទី២- ធានានូវសិទ្ធិសេរីភាពនៃអង្គការវិជ្ជាជីវៈរបស់កម្មករ និយោជិត និងនិយោជក ទី៣- ជំរុញឲ្យមានសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ ទី៤- រួមចំណែកក្នុងការបង្កើតការងារសមរម្យ និងទី ៥-បង្កើនផលិតភាពដើម្បីអភិវឌ្ឍប្រទេសជាតិ និងលើកកម្ពស់ជីវភាពរបស់កម្មករនិយោជិត។
ក្រសួងការងារបញ្ជាក់ទៀតថា ចាប់ពីពេលចាប់ផ្តើមកសាងច្បាប់នេះតាមសំណូមពររបស់ភាគីកម្មករនិយោជីត និងនិយោជក កាលពីខែវិច្ឆិកា ឆ្នាំ២០០៨ រហូតដល់ពេលនេះ ក្រសួងបានសហការជាមួយតំណាងអង្គការអន្តរជាតិខាងការងារ (ILO) និងបានដាក់ជូនភាគីពាក់ព័ន្ធជាពិសេសសហជីព និងនិយោជកពិនិត្យពីភាក្សាជាបន្តបន្ទាប់ និងបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាសាធារណៈចំនួន ០៧លើក ហើយមតិយោបល់របស់ភាគីនីមួយៗ ត្រូវបានយកមកបញ្ចូលក្នុងខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ ក្នុងនោះក្រុមសហជីព ដែលកំពុងជំទាស់នឹងច្បាប់នេះក៏បានចូលរួមពិភាក្សាផងដែរ។
ខ្លឹមសារនៃច្បាប់នេះត្រូវបានកសាងឡើង ដោយឈរលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាអនុសញ្ញាលេខ ៨៧ និងលេខ ៩៨ របស់អង្គការ (ILO) ក៏ដូចជាឈរលើបទពិសោធន៍ របស់បណ្តាប្រទេសមួយចំនួនលើពីភពលោក ហើយសេចក្តីព្រាងច្បាប់មានទម្រង់ និងលក្ខណៈស្របតាមបទដ្ឋានអន្តរជាតិ ជាពិសេសស្របតាមតម្រូវការជាក់ស្តែងរបស់កម្ពុជា។ ច្បាប់នេះក៏មានគោលដៅទប់ស្កាត់មជ្ឈដ្ឋានមួយចំនួនតូច ដែលមានចេតនាអាក្រក់ចង់បន្តប្រើប្រាស់កម្មករ និយោជិត ឬវិស័យទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា បម្រើដល់ផលប្រយោជន៍របស់ខ្លូន និងបក្ខពួកដោយមិនបានគិតអំពី ផលប្រយោជន៍ពិតប្រាកដរបស់កម្មករនិយោជិតផងដែរ។ ក្រសួងការងារក៏បានអំពាវនាវដល់ជនដែលស្ថិតនៅក្នុងមជ្ឈដ្ឋានទាំងនោះវិលមកគិតផលប្រយោជន៍កម្មករនិយោជិត និងផលប្រយោជន៍ជាតិពិតប្រាកដ និងចូលរួមគាំទ្រដល់ការកសាងច្បាប់សហជីពនេះ៕
អត្ថបទ៖ សុភាព