ដោយមានការយកចិត្តទុកដាក់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលដឹកដោយនាំ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស ស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ី និងស្ថានអគ្គកុងស៊ុលប្រចាំទីក្រុងសៀងហៃ បានអន្តរាគមន៍ជួយពលរដ្ឋខ្មែរ ជាបន្តបន្ទាប់ ហើយនៅពេលថ្មីនេះ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥ នារីម្នាក់ឈ្មោះ អ៊ូ សារ៉េត មានស្រុកកំណើតនៅ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានបញ្ជូនមកដល់កម្ពុជាហើយ បន្ទាប់ពីស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ បានសហការជាមួយអាជ្ញាធរចិន ជួយសង្រ្គោះរូបនាង ដែលរងគ្រោះដោយមេខ្យល់នាំយកទៅរៀបការ ជាមួយបុរសជនជាតិចិន នៅខេត្តអានហ៊ុយ ប្រទេសចិន។
ជាមួយគ្នានេះដែរ ស្ថានទូតកម្ពុជា បានសហការជាមួយអាជ្ញាធរឥណ្ឌូនេស៊ី ជួយសង្គ្រោះពលករខ្មែរ ចំនួន២១នាក់ពីទូកនេសាទថៃ ក្នុងតំបន់កោះអំបុន (Ambon) ប្រទេសឥណ្ឌូនេស៊ី។ ដោយពលករខ្មែរទាំង២១នាក់ មិនមានលិខិតឆ្លងដែន ស្ថាតទូតបានចេញលិខិតបើកផ្លូវឲ្យ និងបានអន្តរាគមន៍ឲ្យទូកនេសាទថៃ បើកប្រាក់បៀវត្ស និងចេញសោហ៊ុយធ្វើដំណើរមកកម្ពុជាវិញ នៅចុងខែឧសភា ឆ្នាំ២០១៥ នេះ។
ចំពោះករណីពលករខ្មែរចំនួន២១នាក់ ដែលគ្រោងមកដល់កម្ពុជា នៅចុងខែឧសភានេះ គឺ៧នាក់បានមកដល់ហើយ នៅថ្ងៃនេះ ទី២៩ ខែឧសភា ឆ្នាំ២០១៥ នៅវេលាម៉ោង ៣:៥៥នាទីល្ងាច នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, ៦នាក់ នឹងមកដល់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០១៥ វេលាម៉ោង ៧:៣៥នាទីព្រឹក និង៨នាក់ទៀត នឹងមកដល់នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០១៥ វេលាម៉ោង ៣:៥៥នាទីព្រឹក។
ជាមួយគ្នានេះស្ថានទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយពលការិនីខ្មែរចំនួន ២នាក់ ឲ្យទទួលបានប្រាក់ខែគ្រប់ចំនួន និងត្រឡប់មកកម្ពុជាវិញដូចគ្នា ដែលក្នុងនោះមានឈ្មោះ អាន សេត មានស្រុកកំណើតនៅស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ បានវិលត្រឡប់មកដល់កម្ពុជាវិញ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥។ ចំណែកម្នាក់ទៀត ឈ្មោះ ឈឹម សាលី មានស្រុកកំណើតនៅស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នឹងមកដល់កម្ពុជាវិញ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៥។
ក្រៅពីនេះ ស្ថានទូតកម្ពុជា បានសហការជាមួយអាជ្ញាធរឥណ្ឌូនេស៊ី ជួយសង្គ្រោះពលករខ្មែរចំនួន ៣៨នាក់ទៀត ពីទូកនេសាទថៃ ក្នុងតំបន់កោះបេនជីណា (Benjina) ប្រទេសឥណ្ឌូនេស៊ី។ ដោយពលករខ្មែរទាំង៣៨នាក់ មិនមានលិខិតឆ្លងដែន ស្ថាតទូតបានចេញលិខិតបើកផ្លូវឲ្យ និងបានសហការយ៉ាងជិតស្និតជាមួយអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) ដើម្បីធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញនៅសប្តាហ៍ទី១ ខែមិថុនា ឆ្នាំ២០១៥ ខាងមុខនេះ។
តាមប្រភពពី ឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥នេះ បានឲ្យដឹងថា ពលករខ្មែររងគ្រោះចំនួន១៩៩នាក់ នឹងមកពីឥណ្ឌូនេស៊ី នៅចុង ខែមិថុនា ឆ្នាំ២០១៥នេះ។
ឯកឧត្តម កុយ គួង បញ្ជាក់ថា ស្ថានទូតកម្ពុជាបានសហការ ជាមួយអាជ្ញាធរឥណ្ឌូនេស៊ី ជួយសង្គ្រោះពលករខ្មែរ ចំនួន១៩៩នាក់ ពីទូកនេសាទថៃក្នុងតំបន់កោះអំបុន (Ambon) ប្រទេសឥណ្ឌូនេស៊ី។ ដោយពលករខ្មែរទាំង១៩៩នាក់ មិនមានលិខិតឆ្លងដែន ស្ថាតទូតនឹងចេញលិខិតបើកផ្លូវឲ្យ និងបានអន្តរាគមន៍ឲ្យទូកនេសាទថៃ បើកប្រាក់បៀវត្ស និងចេញសោហ៊ុយធ្វើដំណើរមកកម្ពុជាវិញនៅចុង ខែមិថុនា ឆ្នាំ២០១៥ នេះ៕
អត្ថបទ៖ សុភាព