តាមការសង្កេតកន្លងមក មេៗគណបក្សសង្គ្រោះជាតិតែងប្រើវិធីសន្យាម្តងហើយម្តងទៀត ដើម្បីទាក់ទាញប្រជាប្រិយភាព និងការកេងចំណេញខាងនយោបាយ ពីប្រជាពលរដ្ឋ ក៏ដូចជាពីក្រុមសង្គមស៊ីវិល។ ថ្មីៗនេះទៀតកាលពីរសៀលថ្ងៃចន្ទដើមសប្តាហ៍ ប្រធានគណបក្សសង្គ្រោះ ជាតិ លោក សម រង្ស៊ី បានជួបជាមួយតំណាងអង្គការសង្គមស៊ីវិលជាង១០ នៅវិមានរដ្ឋសភា។ នៅក្នុងជំនួបនោះ លោក សម រង្ស៊ី បានប្រើយុទ្ធសាស្ត្របោកប្រាស់ដដែលៗ ដោយបានអះអាងថា គណបក្សសង្គ្រោះជាតិមិន គាំទ្រសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនោះទេ លោកបន្តថាគណបក្សសង្គ្រោះជាតិចង់ឲ្យរដ្ឋាភិបាលទម្លាក់ច្បាប់នេះមួយរយៈសិន ដោយចាំលើកយកមកពិភាក្សានៅក្រោយឆ្នាំ២០១៨។
ក្រោយពីមានការសន្យាបែបនេះរួចមក សង្គមស៊ីវិលជាង១០ ដែលជាកូនជឹងរបស់គណបក្សសង្គ្រោះជាតិ ក៏មានការកក់ក្តៅ និងជឿជាក់លើការសន្យារបស់មេបក្សប្រឆាំងនេះម្តងទៀត ហើយសុខចិត្តដើរចេញពីរដ្ឋសភាវិញទាំងរំភើបក្នុងចិត្ត។
មិនបានមួយដង្ហើមចង្រឹតផង លុះព្រឹកស្អែកឡើងថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០១៥ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បានបើកកិច្ចប្រជុំ ដើម្បីធ្វើការពិភាក្សា និងអនុមត្តិរបៀប វារៈមួយចំនួនត្រៀមរៀបចំការងារ សម្រាប់ការបើកសម័យប្រជុំពេញអង្គនៅថ្ងៃខាងមុខ ក្នុងនោះក៏មានរបៀបវារៈស្តីពីការប្រគល់សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ ជូនដល់គណៈកម្មការនានា ដើម្បីធ្វើការពិភាក្សាផងដែរ។
អាចជាការចម្លែក និងជាការខកចិត្ត សម្រាប់អង្គការទាំងជាង១០ ដែលបានចូលជួបលោក សម រង្ស៊ី ហើយមើលទៅ ព្រោះអីក្នុងចំណោមសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ទាំង១៣រូប ដែលក្នុងនោះមានប្រធានរដ្ឋសភាមួយរូប អនុប្រធានរដ្ឋសភា២រូប និងប្រធានគណៈ កម្មការ១០រូប ស្រាប់តែមានសមាជិកចំនួន៩រូប នៃគណៈកម្មាធិការនេះបានលើកដៃគាំទ្រលើការពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះទៅវិញ។
អ្វីដែលជាការមានចម្ងល់សម្រាប់ក្រុមសង្គមស៊ីវិលពេលនេះ គឺថាក្នុងចំណោមសមាជិកទាំង១៣រូបនោះ មានសមាជិក៩រូបគាំទ្រ ហើយសមាជិកតំណាងមកពីគណបក្សប្រជាជនកម្ពុជា មានតែ៧រូប និងសមាជិកតំណាងមកពីគណបក្សសង្គ្រោះជាតិមាន៦រូប ដូចនេះមានន័យថា បើគណបក្សប្រជាជនកម្ពុជា មានតែ៧រូបគាំទ្រសេចក្តីព្រាងច្បាប់នេះ គឺមានន័យថា មានសមាជិកតំណាងមកពីគណបក្សសង្គ្រោះជាតិ២រូបគាំទ្របន្ថែមទៀត ទើបអាចឈានដល់៩រូបបែបនេះ។ ចំណុចនេះ បញ្ជាក់ថា ការសន្យារបស់លោកប្រធាន សម រង្ស៊ី ចំពោះមុខក្រុមអង្គការសង្គមស៊ីវិល គឺគ្រាន់តែជាការសន្យាបែបប្រជាភិថុតិ ដើម្បីទាក់ទាញប្រជាប្រិយភាពក្នុងការសុំសន្លឹកឆ្នោតដូចកាលពីមុនឆ្នាំ២០១៣ តែប៉ុណ្ណោះ។
ប្រការដែលមានតំណាងគណៈកម្មាធិការអចិន្ត្រៃយ៍ ខាងគណបក្សសង្គ្រោះជាតិ ចូលរួមពិភាក្សាបែបនេះ បញ្ជាក់ថាបក្សប្រឆាំងក៏បានចូលរួមគាំទ្រឲ្យមានការបង្កើតច្បាប់គ្រប់គ្រងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះរួចស្រេចទៅហើយ ពីព្រោះគ្រប់ប្រទេសទាំងអស់ ដែលប្រកាន់នូវរបបប្រជាធិបតេយ្យ សូម្បីតែប្រទេសអាមេរិក ក៏មានច្បាប់សម្រាប់គ្រប់គ្រងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះដែរ។ ប្រទេសដទៃគេមានច្បាប់នេះ តើហេតុអ្វីប្រទេសខ្មែរគេជំទាស់នឹងការបង្កើតច្បាប់នេះ? តើអាចមានអ្វីជាអាថ៌កំបាំងនៅពីក្រោយច្បាប់នេះ ឬយ៉ាងណា?
កន្លងមក ក្រុមសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនតូច បានព្រមានថា បើគណបក្សនយោបាយដែលមានអសនៈក្នុងរដ្ឋសភា ព្រមទទួលយកសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះទៅពិភាក្សា និងអនុមត្តិ ពួកគេនឹងឈប់បោះឆ្នោតគាំទ្រគណបក្សនោះជាមិនខាន។ ដូច្នេះ សម្រាប់គណបក្សសង្គ្រោះជាតិពេលនេះ ក៏ត្រូវក្រុមសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនតូចនេះ ឈប់បោះឆ្នោតឲ្យដែរ ព្រោះការសន្យារបស់លោកប្រធាន សម រង្ស៊ី មិនទាន់បានមួយថ្ងៃផង គាត់ហ៊ានសន្យាកុហក់ បោកប្រាស់ពួកគេទៅហើយ។
តាមពិត សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ទាំងក្នុងស្រុក និងទាំងអង្គការ មិនមែនរដ្ឋាភិបាលបរទេស ឬសមាគមបរទេស ដាច់ខាតត្រូវតែប្រកាន់ជំហរអព្យាក្រឹត្យចំពោះគ្រប់គណបក្សនយោបាយនៅ ព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះ ច្បាប់នេះនឹងការពារ និងបើកទូលាយ ឲ្យអង្គការ និងសមាគម ទាំងនេះធ្វើសកម្មភាពដោយទូលាយទៅតាមផ្លូវច្បាប់ និងមានច្បាប់គ្រប់គ្រងត្រឹមត្រូវទៅវិញទេ ពួកគេគួរតែសប្បាយចិត្ត ដែលពួកគេនឹងអាចធ្វើសកម្មភាពបម្រើប្រជា ពលរដ្ឋដោយស្របច្បាប់។
ជារួម ការប្រើវោហាសាសន៍បែបប្រជាភិថុតិ ដដែលៗ របស់គណបក្សសង្គ្រោះជាតិ នាពេលនេះ ត្រូវបានប្រជាពលរដ្ឋ យល់កាន់តែច្បាស់ថា គណបក្សបានតែថាមួយនេះ មិនមែនជាជម្រើសរបស់ប្រជាពលរដ្ឋ ដើម្បីមកដឹកនាំប្រទេសឡើយ ព្រោះការធ្វើនយោបាយរបស់លោក សម រង្ស៊ី តាំងពីឆ្នាំ១៩៩២មក លោកមិនដែលទទួលបានការគាំទ្រ ពីប្រជា ពលរដ្ឋ ដើម្បីដឹកនាំប្រទេសម្តងណាឡើយ៕