មន្ត្រីជាន់ខ្ពស់នៃកងកម្លាំងការពារព្រំដែនប្រទេសកម្ពុជា និងវៀតណាម បានឯកភាពគ្នា នឹងខិតខំទប់ស្កាត់ អំពើហិង្សា នៅតាមបន្ទាត់ព្រំដែន រវាងប្រជាពលរដ្ឋប្រទេសទាំងពីរ ខណៈពេលដែលក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នឹងចុះទៅពិនិត្យបង្គោលព្រំដែន លេខ២០២-២០៣ នៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកំពង់រោទ៍ខេត្តស្វាយរៀងនៅថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៥ខាងមុខនេះ។
គេហទំព័រនគរបាលជាតិ បានផ្សាយថា ការបញ្ជាក់នេះ គឺបានធ្វើឡើងនៅក្នុងជំនួបរវាងលោកឧត្តមសេនីយ៍ទោ វ៉ ត្រុងវៀត មេបញ្ជាការកងទ័ពការពារព្រំដែនវៀតណាម ជាមួយលោកនាយឧត្តមសេនីយ៍ ដាំ វុទ្ធី អគ្គស្នងការរងនគរបាលជាតិ នារសៀលថ្ងៃ១៦ ខែកក្កដា ឆ្នាំ២០១៥ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោកនាយឧត្តមសេនីយ៍ ដាំ វុទ្ធី បានស្នើឲ្យសមភាគីវៀតណាម គោរពនូវកិច្ចព្រមព្រៀងដែលបានធ្វើកាលពីថ្ងៃទី១៧ខែមករាឆ្នាំ១៩៩៥និងបន្តភាពស្ងប់ស្ងាត់នៅតាមខ្សែបន្ទាត់ព្រំដែន។
នៅក្នុងគម្រោង ដែលមានក្រុមប្រជាពលរដ្ឋ ចុះពិនិត្យបង្គោលព្រំដែន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥ ខាងមុខនេះ លោកនាយឧត្តមសេនីយ៍ ដាំ វុទ្ធី សុំឲ្យភាគីវៀតណាម ចូលរួមសហការគ្នារក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ កុំឲ្យមានអំពើហិង្សាកើតឡើង ខណៈនៅថ្ងៃនោះ ក្រុមប្រជាពលរដ្ឋ ដឹកនាំដោយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នឹងចុះទៅពិនិត្យបង្គោលព្រំដែន លេខ២០២-២០៣ នៅភូមិធ្លកថ្មី ឃុំត្នោតស្រុកំពង់រោទ៍ខេត្តស្វាយរៀង។
ជាកិច្ចឆ្លើយតប លោកឧត្តមសេនីយ៍ទោ វ៉ ត្រុងវៀត មេបញ្ជាការកងទ័ពការពារព្រំដែនវៀតណាម បានលើកឡើងថា កងកម្លាំងទាំងពីរ ត្រូវតែរួមគ្នាសហការការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ នៅតាមបន្ទាត់ព្រំដែនឲ្យបានល្អ ធ្វើយ៉ាងណាឲ្យព្រំដែនប្រទេសទាំងពីរ គឺជាព្រំដែនសេដ្ឋកិច្ច អភិវឌ្ឍ និងសហប្រតិបត្តិការ។