កម្ពុជាស្នើសុំដល់គណៈប្រតិភូគណៈកម្មាធិការត្រួតពិនិត្យវិន័យនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន បន្ដជួយបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជំនាញបច្ចេកទេសនានា ដល់មន្ដ្រីអធិការកិច្ចកម្ពុជា ដើម្បីពង្រឹងវិស័យច្បាប់ និងធ្វើអធិការកិច្ចនៅតាមក្រសួងស្ថាប័ននានា ក្នុងគោលបំណងកាត់បន្ថយអំពើពុករលួយឱ្យមានប្រសិទ្ធភាព។
លោកជំទាវ ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច មានប្រសាសន៍នៅក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មាធិការ ត្រួតពិនិត្យវិន័យនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន ក្រុមអធិការកិច្ចចិន នៅទីស្ដីការក្រសួង កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងចិន គឺមានទំនាក់ទំនងមិត្តភាពយូរលង់ តាំងពីបុរាណកាលមក ជាពិសេសបំផុត គឺបានបង្កើតទំនាក់ទំនងយ៉ាងស៊ីជម្រៅជាប្រវត្តិសាស្ត្រ ដែលបានកសាងឡើងដោយថ្នាក់ដឹកនាំជំនាន់មុន នៃប្រទេសទាំងពីរ គឺសម្តេចព្រះវររាជបិតា "ព្រះបរមរតនកោដ្ឋ"និងលោកប្រធានម៉ៅសេទុង។
លោកជំទាវ មានប្រសាសន៍បន្ដថា វឌ្ឍនភាពរបស់ចិនបានចូលរួមចំណែកជួយដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ឱ្យមានសន្ទុះខ្លាំងក្លានាពេលបច្ចុប្បន្ននេះ តាមរយៈការចូលវិនិយោគរបស់ធុរកិច្ចចិននៅកម្ពុជា ការផ្តល់ហិរញ្ញប្បទានរបស់រដ្ឋាភិបាលចិន ដល់រាជរដ្ឋាភិបាលកម្ពុជា រួមមាន ជំនួយឥតសំណង និងឥណទានគ្មានការប្រាក់ ជំនួយផ្នែកសម្ភារៈ ជំនួយហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវថ្នល់ និងបណ្តារចនាសម្ព័ន្ធចាំបាច់ច្រើនទៀត។ ចំពោះបរិការណ៍អន្តរជាតិវិញ រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ភ្ជាប់នូវនយោបាយការបរទេសរបស់ខ្លួនដោយឥតងាករេគឺគាំទ្រ “នយោបាយចិនតែមួយ” មិនត្រឹមតែប៉ុណ្ណោះកម្ពុជាបានគាំទ្រចិនលើគ្រប់វេទិកាអន្តរជាតិ។ ជាមួយនឹងការរីកលូតលាស់ឥតឈប់ឈរ នៃសង្គមសេដ្ឋកិច្ចចិន កម្ពុជា សូមចូលរួមអបអរសាទរចំពោះឧត្តមភាពសេដ្ឋកិច្ចចិន ដែលបានក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី២លើពិភពលោក។