យោងតាមលិខិតចំហររបស់ ឯកឧត្តម ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានបង្ហោះផ្សាយក្នុងគេហទំព័រ Facebook ផ្ទាល់ខ្លួនរបស់ឯកឧត្តម នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៥ ជម្រាបជូនទៅលោកស្រី ណាលី ពិឡូត នាយិកាអង្គការលីកាដូ បានលើកឡើងថា ឯកឧត្តមពិតជាមានសេចក្ដីសោកស្ដាយ និងអាម៉ាស់ចំពោះសេចក្ដីថ្លែងការណ៍ របស់លោកស្រីនាយិកា ដែលបង្ហាញពីភាពទុច្ចរិត ជាមួយនិងនិន្នាការនយោបាយ ក្នុងកិច្ចវាយតម្លៃទៅលើលទ្ធផលនៃការវិនិច្ឆ័យក្ដីរបស់តុលាការក្រុង ដែលលើកឡើងពី ការវិនិច្ឆ័យនេះថា “ការវិនិច្ឆ័យក្ដីរបស់តុលាការក្រុង ជាការបំភិតបំភ័យដល់គណបក្សសង្រ្គោះជាតិ បន្ទាប់ពីមានព្រឹត្តិការណ៍បង្គោលព្រំដែនខេត្តស្វាយរៀង និងបន្ទាប់ពីគណបក្សសង្រ្គោះជាតិ បានធ្វើពហិការមិនចូលរួមសម័យប្រជុំពេញអង្គដែលអនុម័ត ទៅលើសេចក្ដីព្រាងច្បាប់ស្ដីពីអង្គការមិនមែនរដ្ឋាភិបាល និងសមាគម”។
ឯកឧត្តម ផៃ ស៊ីផាន បានបន្តថា «ការលើកឡើងរបស់ អង្គការលីកាដូនេះ ជាការបំភ័ន្ត និងប្រាសចាកពីគោលដៅយុត្តិធម៌ និងសិទ្ធិមនុស្ស ដែលជាអណត្តិរបស់អង្គការលីកាដូ ក្នុងកិច្ចការពារ និងលើកស្ទួយដែលជាគោលដៅ របស់អង្គការមិនមែនរដ្ឋាភិបាល នៅក្នុងវិស័យស្នូលរបស់ខ្លួន» ឯកឧត្តម ផៃ ស៊ីផាន បានចាត់ទុកថា ការលើកឡើងនេះជាភ័ស្ដុតាងមួយបន្ថែមទៀតនៃនិន្នាការនយោបាយ មិនអព្យាក្រឹត្យ និងការទទួលខុសត្រូវ ចំពោះកាតព្វកិច្ច អង្គការមិនមែនរដ្ឋាភិបាល ដែលដើរតួជាភ្នាក់ងារបរទេសក្នុងការទទួលបានថវិកាពីក្រៅស្រុកដើម្បីកិច្ចប្រតិបត្តិការរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។
ការប្រឌិតនៃហេតុផលកើតចេញពីការវិនិច្ឆ័យរបស់តុលាការ នៃដំណើរការយុត្តិធម៌ ផ្ដល់ផលប្រយោជន៍ដល់ជនរងគ្រោះ ដែលកើតចេញពីអំពើហិង្សា អង្គការលីកាដូ ហាក់បីដូចជា ដើរតួនាទីហួសពីការទទួលខុសត្រូវរបស់អង្គការមិនមែនរដ្ឋាភិបាល ហើយក្លាយជាអ្នកការពារជាក់ស្ដែងរបស់ជនដៃដល់ និងផលប្រយោជន៍របស់ គណបក្សសង្រ្គោះជាតិ នៅក្នុងបុព្វហេតុនយោបាយនោះ គឺធ្វើឲ្យសាធារណៈជន យល់ដឹងកាន់តែច្បាស់នៅពេលនេះ។ អាស្រ័យហេតុដូចនេះបានជា អង្គការមិនមែនរដ្ឋាភិបាលនេះ មានសកម្មភាពនិងចរិតនយោបាយយ៉ាងសកម្ម ចាប់តាំងពីពេលយុទ្ធនាការបោះឆ្នោតសកល បានចូលរួមបាតុកម្ម និងចលនាប្រឆាំងនឹងច្បាប់ អង្គការមិនមែនរដ្ឋាភិបាលនិងសមាគម។
ឯកឧត្តម ផៃ ស៊ីផាន បានបញ្ជាក់ថា រីឯសកម្មភាពចម្លែកមួយទៀត គឺការអំពាវនាវ ជ្រៀតជ្រែក ដាក់កំហិតដល់តុលាការ អោយបោះបង់ចោលសេចក្ដីសម្រេចនៃការវិនិច្ឆ័យ។ អង្គការរបស់លោកស្រីនាយិកា គឺជាភ្នាក់ងារបរទេសមួយដែលដំណើរការ ដោយលុយបរទេស ពុំមែនជាអង្គការអំណាចរដ្ឋណាមួយ ដែលមានអាណត្តិជ្រៀតជ្រែក ឬដាក់សម្ពាធដល់តុលាការនោះទេ។ ការជ្រៀតជ្រែកនេះគួរតែត្រូវបញ្ចប់ដោយខ្លួនឯង ត្បិតលោកស្រីនាយិកាណាលី ពិឡូត និងអង្គការរបស់លោកស្រី តែងតែធ្វើយុទ្ធនាការជាសាធារណៈ លើប្រធានបទ តម្លាភាព និងប្រឆាំងវប្បធម៌ នីទណ្ឌភាព ហើយចង់បានណាស់ តុលាការឯករាជ្យ ចុះហេតុដូចម្តេចពេលនេះ ឧត្តមគតិខាងលើនេះទៅទីណាបាត់? ឬបំភ្លេចចោលដើម្បីប្រឆាំងនឹងតុលាការឬរដ្ឋាភិបាលកម្ពុជា? តាមរយៈរដ្ឋធម្មនុញ្ញក៏ដូចជាច្បាប់នានា ក៏បានបង្ហាញយ៉ាងច្បាស់ ដូចឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងពន្យល់ជាសាធារណៈថា “នេះជាអំណាចរបស់ស្ថាប័នឯករាជ្យ ដែលគ្មានស្ថាប័នណា មានសិទ្ធិរារាំងនោះឡើយ”។ ឯកឧត្តមអ្នកនាំពាក្យក៏បានប្រាប់នូវនីតិវិធីជាសាធារណៈថា“នៅក្នុងរយៈពេល៣០ថ្ងៃ គឺមានសិទ្ធប្តឹងទៅសាលាឧទ្ធរណ៍”។
ឯកឧត្តម ផៃ ស៊ីផាន បានបន្ថែមថា ឯកឧត្តមសង្ឃឹមថាលោកស្រីនាយិកា អង្គការលីកាដូ នឹងពិចារណាសារជាថ្មីចំពោះឧត្តមគតិ និងជំហរក្នុងកិច្ចចូលរួមកសាងសង្គមនីតិរដ្ឋ និងបំបាត់វប្បធម៌នីទណ្ឌភាព ជាជាងលោកស្រីនាយិកាធ្វើសកម្មភាពប្រឆាំង និងឧត្តមប្រយោជន៍ ដែលជាគោលការណ៍ និងទិសដៅរបស់អង្គការមិនមែនរដ្ឋាភិបាល៕
អត្ថបទ៖ សុភាព