Wednesday, July 22, 2015

ស្ត្រីខ្មែរ២រូប ត្រូវបានជួយសង្គ្រោះ និងបញ្ជូនមកដល់ ប្រទេសកម្ពុជាវិញ ហើយបន្ទាប់ពីចាញ់បោកមេខ្យល់ យកទៅរៀបការជាមួយបុរស ជនជាតិចិន នៅប្រទេសចិន

យោងតាមសេចក្តីជូន​ដំណឹងរបស់​ក្រសួងការបរទេស ​និងសហប្រតិបត្តិការអន្តរជាតិ                     ចុះថ្ងៃទី​ ២២ ​ខែ កក្កដា​ ឆ្នាំ ២០១៥នេះ​ ដែលផ្តល់ជូនដោយ​ឯកឧត្តម ជុំ សុន្ទរី​ អ្នកនាំ​ពាក្យ ក្រសួងការបរទេស​ និងសហប្រតិបត្តិការ​អន្តរជាតិ ​បានឲ្យដឹងថា​ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំ​ប្រទេសចិន ​បានអន្តរាគមន៍​ជួយសង្គ្រោះស្រ្តី​ខ្មែររងគ្រោះ ចំនួន​​ ២ នាក់ ដែល​ត្រូវបាន​មេ​ខ្យល់​នាំទៅរៀបការជា​មួយបុរស​ជនជាតិចិន ​នៅប្រទេសចិន ​កាលពីឆ្នាំ២០១៣។  
ស្រ្តីខ្មែររងគ្រោះ​ទាំង២នាក់ គឺម្នាក់ឈ្មោះ​  ហ៊ុន អឿន មានស្រុកកំណើត​ នៅភូមិស្វាយ​មាស ឃុំវិហារសួគ៌ ​ស្រុកខ្សាច់កណ្ដាល​ ខេត្តកណ្ដាល  ​និងម្នាក់ទៀត​ ឈ្មោះ នាង រិន(ឈ្មោះពិតប្រាកដ នាង​ ស្រីលក្ខណ៍)​ មានស្រុកកំណើត ​នៅឃុំសំពៅលូន​ ស្រុកកោះធំ ខេត្តកណ្ដាល។​ អ្នកទាំងពីរបានមក​ដល់កម្ពុជាវិញ ​នៅថ្ងៃទី​ ២២ ខែ កក្កដា ឆ្នាំ​២០១៥ តាមជើង​យន្តហោះ MH 754 ​ វេលាម៉ោង 12: 30 នាទី​ ថ្ងៃត្រង់​ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ​។
គួរបញ្ជាក់ថា ​កន្លងមកតាមការណែនាំ​របស់ក្រសួង​ការបរទេស​​ ស្ថានឯកអគ្គ​រាជទូត និងស្ថានអគ្គកុងស៊ុលកម្ពុជា ​ប្រចាំនៅប្រទេសចិន​ តែងតែជួយធ្វើអន្តរាគមន៍​ ជួយស្រ្តីខ្មែររង​គ្រោះ​ជាច្រើននាក់​ ដែលត្រូវចាញ់​បោកមេខ្យល់​នាំយកទៅរៀបការជា​មួយបុរសជនជាតិ​ចិន​អោយបានធ្វើ​មាតុភូមិន៍មកកម្ពុជាវិញ។​ ហេតុដូចនេះ​ ក្រសួងសូម​ធ្វើការអំពាវនាវជាថ្មីម្ដងទៀតដល់​ពលរដ្ឋខ្មែរ ​​​ ​  ​ ជាពិសេសនារីខ្មែរ​ដែលជាជន​ងាយរងគ្រោះ ត្រូវធ្វើការប្រុង​ប្រយ័ត្នចំពោះ​ការអូសទាញ​ បញ្ចុះបញ្ចូល​ពីសំណាក់​មេខ្យល់ ដែលប៉ុន​ប៉ង​នាំបងប្អូន​ទៅធ្វើការ ឬ ទៅរៀបការ​ជាមួយបុរស​ជនជាតិចិន ​នៅប្រទេសចិន ។

អត្ថបទ៖សុភាព