Tuesday, July 28, 2015

ក្រសួងអប់រំប្រកាសហាម មិនឲ្យបេក្ខជន ដែលប្រឡងបាក់ឌុបឆ្នាំនេះ យកឧបករណ៍អេឡិចត្រូនិច ចូលក្នុងមណ្ឌលប្រឡង

យោងតាមសេចក្តី​ប្រកាស​ព័ត៌មានរបស់​ក្រសួងអប់រំ យុវជន​ និងកីឡា ចុះថ្ងៃទី ២៧ ខែ​កក្កដា ឆ្នាំ២០១៥​ ស្តីពីការប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិចំណេះទូទៅ​ និងបំពេញវិជ្ជាសម័យ​ប្រឡងថ្ងៃទី ២៤ ​ខែសីហា ឆ្នាំ២០១៥​ បានឲ្យដឹងថា​ ដើម្បីឲ្យដំណើរការប្រឡងប្រពឹត្តទៅ​ប្រកបដោយ​គោលការណ៍ច្បាប់​ យុត្តិធម៌​ តម្លាភាព​ និងលទ្ធផលទទួល​យកបាន ​ក្រសួងអប់រំយុវជន​និងកីឡា ​សូមអំពាវនាវដល់​បេក្ខជនទាំងអស់​ត្រូវគោរពបទប្បញ្ញត្តិនៃការ​ប្រឡងឲ្យ​បានល្អប្រសើរ ​ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិច​ត្រូនិចគ្រប់ប្រភេទ​ចូលក្នុងមណ្ឌលប្រឡង​ ឬបន្ទប់ប្រឡង ​ជាដាច់ខាត។ ​ក្នុងករណីរកឃើញ ​ត្រូវចាត់ទុកថាបាន​ប្រព្រឹត្តសកម្មភាព​ផ្ទុយនឹងបទប្បញ្ញតិ្ត​ និងកម្រិត វិន័យចំពោះបេក្ខជន ​និងត្រូវបានកំណត់​ឲ្យធ្លាក់ជាស្វ័យប្រវត្តិ។
ការប្រឡងសញ្ញាប័ត្រ​មធ្យមសិក្សាទុតិយភូមិ​ចំណេះទូទៅ​ និងបំពេញ​វិជ្ជាដែលមានថ្នាក់​វិទ្យាសាស្ត្រ ​និងថ្នាក់វិទ្យាសាស្ត្រសង្គម ​រួមមានបេក្ខជន​ប្រឡងសរុបចំនួន ​៨៨៤៨៨ នាក់ ​និងមានមណ្ឌល​ប្រឡងចំនួន​ ១៥០ មណ្ឌល​ចែកចេញជា៣៥៧៦បន្ទប់ ​នៅរាជធានី ខេត្តទាំង ២៥នៃព្រះរាជា​ណាចក្រកម្ពុជា។
ការប្រឡងនេះ ​នឹងត្រូវប្រកាសលទ្ធផល​នៅតាមណ្ឌល​ប្រឡងនីមួយៗ ​នៅរសៀលថ្ងៃទី ​១៥ ខែកញ្ញា ​ឆ្នាំ២០១៥​ សម្រាប់​មណ្ឌលប្រឡងនៅ​រាជធានីភ្នំពេញ ​និងខេត្តកណ្តាល​ និងនៅថ្ងៃទី ១៦​ ខែកញ្ញា ឆ្នាំ២០១៥​ សម្រាប់មណ្ឌលប្រឡង​នៅខេត្តផ្សេងៗទៀត៕
អត្ថបទ៖ សុភាព