យុវជនខ្មែរពីររូប បានដណ្តើមយកជ័យលាភីលេខ១ ពីយុវជនមកពីមានវិស័យឧស្សាហកម្មជឿនលឿន ដូច ជា អាល្លឺម៉ង់ អេស្ប៉ាញ ស៊ីប៉ាវេ ថៃ និងម៉ាឡេស៊ី ក្នុងការដំឡើងម៉ាស៊ីនដំណើរការដោយស្វ័យប្រវត្តិក្នុងវិស័យ ឧស្សាហកម្ម (Industrial Automation) ក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងមុខជំនាញចិនឆ្នាំ២០១៥ (China’s Skill Competition 2015)។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ការប្រកួតប្រជែងខាងលើនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែកក្កដា។
ក្រសួងការងារ បានបញ្ជូនយុវជនពីររូប ឈ្មោះ ជា សិទ្ធា និង ធី សុភា ដែលទទួលការបណ្តុះបណ្តាលពីមជ្ឈ មណ្ឌលក្រុមង៉ុយ ទៅចូលរួមប្រកួតប្រជែងជាមួយយុវជន ៧ក្រុមផ្សេងទៀត ស្មើ១៤នាក់ មកពី ០៦ប្រទេស រួមមាន៖ អាល្លឺម៉ង់ អេស្ប៉ាញ ស៊ីមប៉ាវេ ថៃ និងម៉ាឡេស៊ី។ សំរេចជាលទ្ធផល យុវជនកម្ពុជា ទទួលបានជ័យលាភីលេខ១។
លោក តឹប អឿន អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំ បណ្តុះបណ្តាល និងបច្ចេកទេស នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់ផងដែរថា China’s Skill Competition 2015 ត្រូវរដ្ឋាភិបាលចិន រៀបចំឡើងជារៀងរាល់ឆ្នាំ តែសម្រាប់កម្ពុជាវិញ ចិន អនុញ្ញាតឲ្យចូលរួមប្រកួតប្រជែងរៀងរាល់ ២ឆ្នាំម្តង។ កាលពីឆ្នាំ២០១៣ កម្ពុជា ក៏បានបញ្ជូនយុវជនទៅចូលរួមប្រកួតប្រជែងផងដែរ តែមិនទទួលបានលទ្ធផលល្អនោះ ទេ។
លោក តឹប អឿន បានពន្យល់ថា វិញ្ញាសារ ដែលគេដាក់ឲ្យយុវជនកម្ពុជា រួមនិងយុវជនមកពីបណ្តាប្រទេស ៥ ផ្សេងទៀតប្រកួតប្រជែងនេះ គឺការដំឡើងម៉ាស៊ីន ដែលដំណើរការដោយស្វ័យប្រវត្តិក្នុងវិស័យឧស្សាហកម្ម។ ការប្រកួតប្រជែងមាន ៣ដំណាក់កាលរួមមាន៖ ទី១. ការដំឡើងម៉ាស៊ីន, ទី២. ការតភ្ជាប់បណ្តាញអគ្គិសនីក្នុងម៉ាស៊ីន និងទី៣. ការសរសេរកម្មវិធី កំណត់ឲ្យម៉ាស៊ីនដំណើរ។
លោក តឹប អឿន បានហៅការដណ្តើមជ័យលាភីលេខ១ របស់យុវជនកម្ពុជាទាំងពីររូបថា ជាមោទនភាពជាតិមួយ និងបង្ហាញពីការរីកចម្រើនខ្លាំងរបស់យុវជនកម្ពុជា ទៅលើការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ក្នុងវិស័យឧស្សាហកម្ម។ ជាពិសេស ពួកគេបានដណ្តើមជ័យជម្នះពីបណ្តាប្រទេស ដែលមានការរីកចម្រើន និងមានភាពជឿនលឿនទៅលើ វិស័យឧស្សាហកម្ម។
បើតាមលោក តឹប អឿន ការដណ្តើមបានជ័យលាភីយុវជន ជា សិទ្ធា និង ធី សុភា ទទួលបានពានមួយ និងលិខិត បញ្ជាក់មួយ។ ហើយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏គ្រោងនឹងរៀបចំកម្មវិធីលើក ទឹកចិត្តដល់ពួកគេផងដែរ៕