ចំណូលដុលនៃការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រចាំឆមាសទី១ ឆ្នាំ២០១៥ មានការធ្លាក់ចុះ ០,៦៩% បើប្រៀបធៀបទៅនឹង ឆមាសទី១ ឆ្នាំ២០១៤។ ចំណែកចំណូលដុលនៃការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរប្រចាំខែមិថុនា មានការកើនឡើង ១០,៧៨% បើប្រៀបធៀបនឹងខែមិថុនា ឆ្នាំ២០១៤កន្លងទៅ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរណ៍បរទេសនៅរមណីយដ្ឋានអង្គរប្រចាំខែមិថុនា និងឆមាសទី១ ឆ្នាំ២០១៥ របស់អាជ្ញាធរជាតិអប្សរា ចុះផ្សាយថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៥។
នៅឆមាសទី១ ឆ្នាំ២០១៥នេះ អាជ្ញាធរជាតិអប្សរាបានលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បានចំនួន ១,០៨៤,៤២៧នាក់ ស្មើនឹងទឹកប្រាក់ ៣០,៩៤៨,២៤០ដុល្លារអាមេរិក ដែលនេះមានការធ្លាក់ចុះ ០.៦៩% បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៤។
នៅខែមិថុនា ឆ្នាំ២០១៥នេះ អាជ្ញាធរជាតិអប្សរាលក់បានសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរបានចំនួន ១១៤,០៦៦នាក់ ស្មើនឹងទឹកប្រាក់ ៣,១១២,៦៦០ដុល្លារអាមេរិក ដែលនេះមានការកើនឡើង ១០,៧៨% បើធៀបនឹងខែមិថុនា ឆ្នាំ២០១៤៕