ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអះអាងថា ក្រុម បឹងកក់ ដឹកនាំដោយ ទេព វន្នី និង យ៉ោម បុប្ផា ដែលតែងតែដើរធ្វើបាតុកម្មតាមដងផ្លូវ លើគ្រប់រឿងទាំងអស់នោះ គ្រាន់តែជាបាតុករពហុវិស័យតែប៉ុណ្ណោះ មិនមែនធ្វើសម្រាប់បុព្វហេតុបឹងកក់ទៀតទេ ព្រោះឯកឧត្តមសង្កេតឃើញថារឿងអ្វីក៏ពួកគាត់ធ្វើបាតុកម្មបានដែរ ឲ្យតែឲ្យពួកគាត់ធ្វើ។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី អាទិភាពនៃការអភិវឌ្ឍន៏របស់កម្ពុជា ក្នុងរយ:ពេល៣ឆ្នាំខាងមុខ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៥នេះ ឯកឧត្តម ប៉ា សុជាតិវង្ស បានមានប្រសាសន៍ថា ករណីបឹងកក់ ទេព វន្នី និង យ៉ោម បុប្ផា គ្រាន់តែជាបាតុករពហុវិស័យតែប៉ុណ្ណឹង ហើយអាជីពពហុវិស័យរបស់គាត់នៅត្រង់ថា សហគមន៍របស់គាត់ មិនមែនធ្វើសម្រាប់បុព្វហេតុបឹងកក់ទៀតទេ គឺគាត់ធ្វើដើម្បីឲ្យខ្លួនគាត់អស្ចារ្យ និងទទួលបានពានរង្វាន់ក្រៅប្រទេសប៉ុណ្ណោះ។
ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា តាមដែលឯកឧត្តមដឹង គាត់ធ្វើបាតុកម្ម១ថ្ងៃ បាន១០ដុល្លារ និងមួយព្រឹក បាន៥ដុល្លារ និងបានប្រាក់ឧបត្ថម្ភច្រើនលើសពីនេះប្រចាំខែរាប់រយដុល្លារ។ ដូច្នេះគេចង់ឲ្យគាត់ស្លៀកស គឺស, ចង់ឲ្យគាត់កោសក់ គាត់កោ។ ឯកឧត្តមបន្តថា អ្វីដែលពួកគាត់ធ្វើមកដល់ពេលនេះ មិនមែនធ្វើតែបឹងកក់ទេ រឿងជនភៀសខ្លូនអូស្ត្រាលី, រឿងអារ៉ែង និងសូម្បីរឿងលោកសង្ឃក៏គាត់ធ្វើបាន សំខាន់ឲ្យតែឲ្យលុយ ព្រោះពួកគាត់បានក្លាយជាអ្នកតវ៉ាពហុវិស័យទៅហើយ។
ទោះជាយ៉ាងណា ឯកឧត្តម ប៉ា សុជាតិវង្ស បានមានប្រសាសន៍ថា «ការតវ៉ាទាំងឡាយ មើលមួយភ្លែត ដូចជាប្រឆាំង ប៉ុន្តែយើងកុំចាត់ទុកថា រាល់ការតវ៉ារបស់ប្រជាពលរដ្ឋ គឺជាការប្រឆាំង ត្រូវចាត់ទុកថាវាជាបាតុភូតធម្មតានៃដំណើររីកចម្រើននៃលទ្ធិប្រជាធិបតេយ្យហើយប្រទេសកម្ពុជា ប្រកាន់លទ្ធិប្រជាធិបតេយ្យ ដូច្នេះសកម្មភាពតវ៉ានានាអាចកើតមានឡើងបានគ្រប់ពេល។
ឯកឧត្តមបន្តថា បញ្ហាបឹងកក់ សាលាក្រុងនៅតែនៅចង់រៀបចំឲ្យតំបន់សហគមន៍បឹងកក់ និងតំបន់អភិវឌ្ឍន៍បឹងកក់មានតុល្យភាព។ បើតំបន់បឹងកក់នេះ យើងធ្វើឲ្យការអភិវឌ្ឍន៍តែផ្ទុយទៅវិញដីទំហំ១២,៤ហិកតា ដែលសហគមន៍បឹងកក់កំពុងរស់នៅ មិនបានអភិវឌ្ឍន៍ ធ្វើឲ្យទឹកលិច ធ្វើឲ្យផ្ទះរញ៉េរញ៉ៃ បញ្ចូលសេវាសាធារណៈមិនបាន ទឹកភ្លើងលូប្រឡាយមិនបានល្អ និងធ្វើឲ្យពួកគាត់រស់នៅក្នុងស្ថានភាពមិនល្អ។ គោលដៅរបស់សាលារាជធានីភ្នំពេញ គឺចង់កែលម្អ ដោយមិនមានអំពើហិង្សា។
គួរបញ្ជាក់ថាកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី អាទិភាពនៃការអភិវឌ្ឍន៏របស់កម្ពុជា ក្នុងរយ:ពេល៣ឆ្នាំខាងមុខ ធ្វើឡើងដោយមានកិច្ចសហការពីធនាគារពិភពលោក និងសាលារាជធានីភ្នំពេញ។ កិច្ចប្រជុំនេះ ធ្វើឡើងនៅសណ្ឋាគារហ៊ីម៉ាវ៉ារី ក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមរបស់លោក អាឡាសាន់ សូ ប្រធានគ្រប់គ្រងធនាគារពិភពលោក ពីតំណាងក្រុមប្រឹក្សារាជធានីភ្នំពេញ កំពង់ស្ពឺ កំពង់ឆ្នាំង ខេត្តកណ្តាល និងខេត្តពោធិសាត់ សរុបប្រមាណជាង១០០នាក់៕