ស្ពានមិត្តភាពកម្ពុជា-ចិនតាខ្មៅ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៥នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាស្ពានឆ្លងកាត់ទន្លេបាសាក់ មានប្រវែង ៨៥៥ម៉ែត្រ។ ជាមួយគ្នានេះដែរ ផ្លូវប្រវែងជិត ១២គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ២ ទៅផ្លូវជាតិលេខ១ ក៏ត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះផងដែរ។
ស្ពានមិត្តភាពកម្ពុជា-ចិនតាខ្មៅ មានទទឹង១៣,៥ម៉ែត្រ មានកម្ពស់ ៨ម៉ែត្រគិតពីផ្ទៃទឹកទន្លេនៅរដូវទឹកឡើងខ្ពស់បំផុត។ ស្ពាននេះ ត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនសាជីវកម្មចិន ដែលត្រូវបានបើកដំណើការសាងសង់ កាលពីថ្ងៃទី០៦ ខែកក្កដា ២០១១ ដោយចំណាយថវិកាសាងសង់ជិត ៣៣លានដុល្លារអាម៉េរិក បានមកពីកម្ចីឥណទានពីសាធារណ រដ្ឋប្រជាមានិតចិន និងប្រាក់បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
ស្ពានមិត្តភាពកម្ពុជា-ចិន តាខ្មៅ នេះ មិនត្រឹមតែជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់តាខ្មៅ ឬសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដែលពីមុនមានផលលំបាកយ៉ាងខ្លាំងក្នុងការធ្វើដំណើរពីត្រើយម្ខាងទៅត្រើយម្ខាងទៀតដែលត្រូវឆ្លងទូកដរ ឬធ្វើដំណើរវាងមកឆ្លងកាត់ស្ពានព្រះមុនីវង្សជាដើម ដែលជាហេតុធ្វើឲ្យខាតបង់ទាំងពេលវេលា និង ថវិកា ប៉ុន្តែស្ពាននេះ ក៏បានចូលរួមចំណែកបម្រើប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ដែលត្រូវធ្វើដំណើរឆ្លងកាត់តំបន់មួយនេះ៕
អត្ថបទ៖ សុភាព