យោងតាមលិខិតរបស់លោកបណ្ឌិត សុខ ទូច ប្រធានក្រុមស្រាវជ្រាវផែនទី នៃរាជបណ្ឌិត្យសភាកម្ពុជា ចុះថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៥ ផ្ញើជូនឯកឧត្តម អ៊ុំ សំអាន តំណាងរាស្រ្តមណ្ឌលសៀមរាប របស់គណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា បន្ទាប់ពីបានទទួលដំណឹងថា ឯកឧត្តម អ៊ុំ សំអាន ទទួលបានផែនទីព្រំដែនប្រទេសកម្ពុជាជាមួយប្រទេសវៀតណាម ពីបណ្ណាល័យសភា សហរដ្ឋអាមេរិក ដូច្នេះក្រុមស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជាស្នើសុំផែនទីដែលឯកឧត្តម អ៊ុំ សំអាន មានយកមកធ្វើការផ្ទៀងផ្ទាត់ជាមួយផែនទីដែលរាជបណ្ឌិត្យសភាទទួលបានពីប្រភពនានា។
នៅក្នុងលិខិតរបស់ លោកបណ្ឌិត សុខ ទូច បានឲ្យដឹងថា តាមរយៈគណនីហ្វេសប៊ុក របស់ ឯកឧត្តម អ៊ុំ សំអាន បង្ហាញថា ឯកឧត្តមបានទៅរកផែនទី នៅបណ្ណាល័យសភា សហរដ្ឋអាមេរិក នៅWashington DC ហើយបានរកឃើញ និងទទួលផែនទីបោន របស់កម្ពុជាចំនួន ២៦ផ្ទាំង ទាំងផែនទីDigital និងផែនទីក្រដាស ហើយឯកឧត្តម អ៊ុំ សំអាន បានអះអាងថា ផែនទីទាំងនោះ គឺជាផែនទីដែលសម្តេចព្រះបរមកោដ្ឋ នរោត្តម សីហនុ បានយកទៅសុំឲ្យសហរដ្ឋអាមេរិកទទួលស្គាល់ខ្សែព្រំដែនកម្ពុជា នៅថ្ងៃទី ០២ ខែមេសា ឆ្នាំ១៩៦៤។
ការស្នើសុំឲ្យ ឯកឧត្តម អ៊ុំ សំអាន យកផែនទីដែលរកបានពីបណ្ណាល័យសភា សហរដ្ឋអាមេរិក មកផ្ទៀងផ្ទាត់នេះ ដើម្បីឯកភាពជាតិ និងអាយុជីវិតជាតិ និងដើម្បីដោះស្រាយ និងការពារព្រំដែនប្រទេសកម្ពុជាជាមួយប្រទេសជិតខាង។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ផែនទីដែលក្រុមស្រាវជ្រាវផែនទី នៃរាជបណ្ឌិត្យសភាកម្ពុជាទទួលបានពីប្រភពនានាមានដូចជា៖ ១. ផែនទីផ្លូវការ ដែលប្រើប្រាស់ដោយរាជរដ្ឋាភិបាល ចំនួន ២៦ផ្ទាំង, ២. ផែនទីពីគណបក្សសង្គ្រោះជាតិ ចំនួន២៤ផ្ទាំង ៣. ផែនទីពីបណ្ណាល័យព្រឹទ្ធសភាសហរដ្ឋអាមេរិក ចំនួន ២៦ផ្ទាំង, ៤. ផែនទីពីអង្គការសហប្រជាជាតិ ចំនួន ១៨ផ្ទាំង, ៥. ផែនទីពីបណ្ណាល័យវិទ្យាស្ថានភូមិសាស្ត្រជាតិ(បារាំង) ចំនួន ២៦ផ្ទាំង៕