Friday, August 14, 2015

តំណាងអង្គការសហប្រជាជាតិ២រូប នឹងបញ្ជូនផែនទីមកដល់កម្ពុជានៅយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥

លេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចសម្រាប់សម្របសម្រួលការងារទទួល ប្រគល់ និងផ្ទៀងផ្ទាត់ផែនទី នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥នេះ បានជូនដំណឹងដល់សាធារណជន និងអ្នកសារព័ត៌មាន ជាតិ និងអន្តរជាតិ ឲ្យបានជ្រាបថា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ ខាងមុខ វេលាម៉ោង២២ និង១២នាទីយប់ មន្ត្រីពីររូប គឺលោកស្រី Mereani Keleti Vakasisikakala ប្រធានស្តីទី នៃបណ្ណាល័យអង្គការសហប្រជាជាតិ និងលោក keiichiro Okimoto មន្ត្រីផ្នែកច្បាប់ នៃអង្គការសហប្រជាជាតិ នឹងនាំយកផែនទីដើមដែលតម្កល់ទុកក្នុងបណ្ណាល័យ ដាក់ ហាំម៉ាស្ក៍ហ្សូល របស់អង្គការសហប្រជាជាតិ ដែលរាជរដ្ឋាភិបាលកម្ពុជាបានខ្ចី មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។ បន្ទាប់មក មន្ត្រីទាំងពីររូបរបស់ អ.ស.ប នឹងទៅស្នាក់អាស្រ័យនៅសណ្ឋាគារមួយកន្លែងក្នុងរាជធានីភ្នំពេញ ហើយយកផែនទីទាំងនោះទៅរក្សាទុកដោយផ្ទាល់ និងសម្រាកនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ។
សេចក្តីជូនព័ត៌មានក៏បានឲ្យដឹងដែរថា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង៩: ០០នាទីព្រឹក  មន្ត្រីរបស់អង្គការសហប្រជាជាតិ នឹងប្រគល់ផែនទីទាំងនោះជាផ្លូវការ ជូនគណៈកម្មការចំពោះកិច្ចសម្រាប់សម្របសម្រួលការងារ ទទួល ប្រគល់ និងផ្ទៀងផ្ទាត់ផែនទី  នៅវិមានសន្តិភាព  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

 លេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ច ក៏សូមជម្រាបជូនផងដែរថា នៅក្នុងពិធីប្រគល់ផែនទីជាផ្លូវការនោះ គណៈកម្មការចំពោះកិច្ចសម្រាប់សម្របសម្រួលការងារទទួល ប្រគល់ និងផ្ទៀងផ្ទាត់ផែនទី  ក៏នឹងអញ្ជើញឥស្សរជនមួយចំនួនចូលរួមផងដែរ ដើម្បីសង្កេតការណ៍ ក្នុងពិធីប្រគល់ ទទួល ផែនទីរួមមាន  គណបក្សប្រជាជនកម្ពុជាចំនួន៥រូប គណបក្សសង្គ្រោះជាតិចំនួន៥រូប និងគណបក្សហ៊្វុនស៊ិនប៉ិចចំនួន៥រូប សមាជិករដ្ឋសភាគណបក្សដែលមានសំឡេងភាគច្រើនចំនួន៣រូប សមាជិក រដ្ឋសភាសំឡេងភាគតិច៣រូប សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជាចំនួន៣រូប  សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ចំនួន ៣រូប នឹងអញ្ជើញឲ្យចូលរួមផងដែរ នូវតំណាងក្រុមប្រឹក្សាធម្មនុញ្ញចំនួន២រូប ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចំនួន២រូប លោកបណ្ឌិត សុខ ទូច និងសហការី នៃរាជបណ្ឌិតសភាចំនួន៣រូប ហើយនិងទីប្រឹក្សារាជរដ្ឋាភិបាលដែលជាជនជាតិបរទេសមួយចំនួន ។

 សេចក្តីជូនព័ត៌មាន ក៏បានជូនដំណឹងនេះដល់សាធារណជនជ្រាបជាព័ត៌មាន ហើយ ចំពោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលមានបំណងយកព័ត៌មានអំពីព្រឹត្តិការណ៍ដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រនេះ សូមមកទាក់ទងចុះឈ្មោះ នៅទីស្តីការគណៈរដ្ឋមន្រ្តី អគារមិត្តភាព បន្ទប់ផ្ទាល់ដី ដើម្បីទទួលបានប័ណ្ណសារព័ត៌មានសម្រាប់ប្រើប្រាស់នៅក្នុងពិធីប្រគល់ ទទួល ផ្ទៀងផ្ទាត់ ផែនទីផ្លូវការនោះផងដែរ៕