ឆ្លើយតបនិងលិខិត របស់ឯកឧត្តម David CAMERON នាយករដ្ឋមន្ត្រី នៃចក្រភពអង់គ្លេស កាលថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៥ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៥ បានសរសេរលិខិតមួយទៅកាន់ឯកឧត្តម David CAMERONវិញ ដោយបានសំដែងនូវការអរគុណចំពោះឯកឧត្តម នាយករដ្ឋមន្រ្តីអង់គ្លេស ដែលបានផ្តល់កិច្ចសហការក្នុងការស្វះស្វែងរកផែនទីពាក់ព័ន្ធ តាមការស្នើសុំរបស់សម្តេច នៅក្នុងលិខិតចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ ដែលសម្តេចបានផ្ញើទៅឯកឧត្តម David CAMERON ដើម្បីស្នើសុំខ្ចីផែនទី និងអ្នកឯកទេសពីអង់គ្លេស។ សម្តេចតេជោ បានគូសបញ្ជាក់នៅក្នុងលិខិតនេះថា ថ្វីត្បិតមានការបញ្ជាក់ ពីឯកឧត្តម David CAMERON ថា ផែនទីតាមការស្នើសុំរបស់សម្តេចនោះ មិនត្រូវបានរកឃើញក៏ពិតមែន ក៏ប៉ុន្តែទន្ទឹមនេះ សម្តេចគិតថា ក្នុងចំណោមផែនទីទាំង៣ បោះពុម្ពដោយក្រុមភូមិសាស្ត្រឥណ្ឌូចិន ដែលឯកឧត្តម David CAMERON បានបញ្ជាក់ថាមានក្នុងបណ្ណាល័យអង់គ្លេស សម្រាប់សាធារណជននោះ អាចនឹងមានផែនទីមួយចំនួន ដែលមានប្រយោជន៍ សម្រាប់ការផ្ទៀងផ្ទាត់ផែនទី របស់រាជរដ្ឋាភិបាលកម្ពុជា។ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចបានផ្តល់ការណែនាំរួចហើយ ដល់ឯកឧត្តមឯកអគ្គរាជទូតកម្ពុជានៅទីក្រុងឡុង ឲ្យស្វែងរកផែនទី ដែលមានការពាក់ព័ន្ធពី បណ្ណាល័យអង់គ្លេស បញ្ជូនមកកម្ពុជា ដើម្បីរាជរដ្ឋាភិបាលមានចំណាត់ការបន្ត។
សម្តេចតេជោ បានបន្ថែមថា ជាការពិត ផែនទីដែលរាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងប្រើប្រាស់ជាផ្លូវការ ក្នុងការកំណត់និងការបោះបង្គោលព្រំដែន ជាមួយវៀតណាម គឺមានលក្ខណៈត្រឹមត្រូវ និងស្របទាំងស្រុងតាមគតិច្បាប់ ហើយត្រូវបានទទួលស្គាល់ និងអនុញ្ញាតឲ្យប្រើដោយព្រះរាជក្រមលេខ នស/ រកម/ ១១០៥/ ០៣៩ ចុះថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០០៥ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការអនុម័តយល់ព្រម លើសន្ធិសញ្ញាបំពេញបន្ថែម រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ ដែលរដ្ឋសភាបានអនុម័ត កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០០៥ នាសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៣ និងដែលព្រឹទ្ធសភាបានអនុម័តយល់ព្រមលើទម្រង់ និងគតិនៃច្បាប់នេះទាំងស្រុង កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ នាសម័យប្រជុំពេញលើកទី១០ នីតិកាលទី១។ យ៉ាងណាក៏ដោយក្នុងគោលបំណងធានាតម្លាភាពចំពោះប្រជាជាតិកម្ពុជាទាំងមូល និងបញ្ជាក់ឲ្យកាន់តែច្បាស់ថែមទៀត អំពីភាពហ្មត់ចត់ ភាពត្រឹមត្រូវពិតប្រាកដ និងការទទួលខុសត្រូវខ្ពស់បំផុត របស់រាជ រដ្ឋាភិបាលកម្ពុជា នៅក្នុងការរៀបចំ និងការអនុវត្តន៍ការងាររបស់ខ្លួន ក្នុងការកំណត់ និងការបោះបង្គោលព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងប្រទេសជិតខាង ជាពិសេសក្នុងគោលបំណងបញ្ចៀស និងបញ្ចប់នូវការញុះញង់ ដោយគ្មានការទទួលខុសត្រូវ និងមិនក្រែងរអែងលើការបំពានច្បាប់ សំដៅបង្កើតស្មារតីជាតិនិយមជ្រុល ធ្វើឲ្យមានការបែកបាក់ជាតិ និងបង្កើតការភាន់ច្រឡំក្នុងចំណោមសាធារណៈមតិជាតិ និងអន្តរជាតិ ដើម្បីកេងចំណេញខាងនយោបាយ ដោយមជ្ឈដា្ឋនមួយចំនួននៅក្នុងប្រទេសកម្ពុជា ដែលជាប្រការអាចបង្កើតគ្រោះមហន្តរាយដ៏ធំធេងសម្រាប់ជាតិកម្ពុជាទាំងមូល ព្រមទាំងសម្រាប់សុខសន្តិភាព រវាងកម្ពុជាជាមួយប្រទេសជិតខាង ក្នុងតំបន់ ក៏ដូចជាក្នុងគោលបំណងកសាងខ្សែបន្ទាត់ព្រំដែនមួយ ច្បាស់លាស់ប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍។ ដើម្បីអនុវត្តការងារនេះដោយជោគជ័យ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ បានសរសេរលិខិតជូនឯកឧត្តម Ban Ki-moon អគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តម Francois HOLLANDE ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ឯកឧត្តម Barack OBAMA ប្រធានាធិបតី នៃសហរដ្ឋអាមេរិក និងជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រីអង់គ្លេស David CAMERON ដើម្បីស្វះស្វែងរកកិច្ចសហការ ស្នើសុំខ្ចីផែនទីដើមដែលមានការពាក់ព័ន្ធ នឹងស្នើសុំអ្នកជំនាញការផែនទីមកផ្ទៀងផ្ទាត់ជាមួយនឹងផែនទីផ្លូវការ នឹងស្របច្បាប់ដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងប្រើប្រាស់ក្នុងការកំណត់ និងបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង៕