ឆ្លើយតបនឹងលិខិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ ដែលផ្ញើទៅឯកឧត្តម David CAMERON សុំខ្ចីផែនទីប្រវត្តិសាស្រ្តដែលប្រហែលជាត្រូវបានផ្ញើមករដ្ឋាភិបាលអង់គ្លេស ក្នុងអំឡុងទសវត្សរ៍ទី៦០ ឯកឧត្តម David CAMERON នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៥ បានជំរាបជូនទៅសម្តេចវិញថា បន្ទាប់ពីទទួលបានលិខិតរបស់សម្តេច ឯកឧត្តម បានណែនាំមន្រ្តីរបស់ឯកឧត្តម ឲ្យធ្វើការស្វែងរកយ៉ាងលំអិត នៅកន្លែងរក្សាឯកសាររបស់ជាតិ (National Archives)។ ឥឡូវនេះឯកឧត្តមអាចបញ្ជាក់ជូនសម្តេចវិញថា ការស្វែងរកនេះបានចប់រួចរាល់ហើយ ក៏ប៉ុន្តែរកពុំឃើញផែនទីណាមួយ ដែលរដ្ឋាភិបាលអង់គ្លេស អាចទទួលពីរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីពេលនោះមក ដើម្បីរក្សាទុកនៅក្នុងកន្លែងរក្សាឯកសាររបស់ជាតិនៃចក្រភពអង់គ្លេសឡើយ។
ឯកឧត្តម David CAMERON បានបញ្ជាក់បន្ថែមថា មានផែនទីចំនួន៣ឈុត គឺត្រូវបានរក្សាទុកដោយឡែក នៅក្នុងបណ្ណាល័យអង់គ្លេស ខ្នាត 1/100.000 ដែលផែនទីទាំងអស់នេះ បោះពុម្ពដោយក្រុមភូមិសាស្រ្តឥណ្ឌូចិនក្នុងចន្លោះឆ្នាំ១៩៣៣ និង១៩៥៣។ ផែនទីទាំងនោះរួមមាន៖
1. British Library catalogue tittle: Indochine 1:100,000. Series L.605
British Library shelfmark: Cartographic Items Maps 58515.(54.)
2. British Library catalogue tittle: Carte de l’Indochine. Échelle 1:100,000.
British Library shelfmark: Cartographic Items Maps 58515. (22.)
3. British Library catalogue title: Carte de l’Indochine. Échelle 1:100,000.
British Library shelfmark: Cartographic Items Maps 58515. (25.)
នាយករដ្ឋមន្ត្រីអង់គ្លេស ឯកឧត្តម David CAMERON បានឲ្យដឹងថា ផែនទីទាំងនេះ គឺជាឯកសារដែលអាចរកបានជាសាធារណៈ ដែលតំណាងស្ថានទូតរបស់សម្តេច អាចរកមើលបានប្រសិនបើចង់រក ហើយព័ត៌មាននេះ អាចមានប្រយោជន៍ក្នុងការបំភ្លឺសភាពការណ៍បច្ចុប្បន្ន ក្នុងព្រះរាជាណាចក្រកម្ពុជា៕