សេចក្តីថ្លែងការណ៍របស់ លោកបណ្ឌិត សុខ ទូច បានឲ្យដឹងថា៖ កាលពីព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៥ តបតាមការអញ្ជើញរបស់គណៈកម្មការ ចំពោះកិច្ចសម្របសម្រួលការងារប្រគល់ ទទួល និងផ្ទៀងផ្ទាត់ផែនទី ក្រុមស្រាវជ្រាវព្រំដែនកម្ពុជាដឹកនាំដោយលោកបណ្ឌិត សុខ ទូច និងសហការីចំនួន ៣រូប បានចូលរួម និងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះដំណើរការផ្ទៀងផ្ទាត់ផែនទី ដែលផ្តល់ដោយរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង ដែលជាផែនទីផលិតដោយក្រុមភូមិសាស្រ្តឥណ្ឌូចិន (Service Geographique de l’Indochine) និងតម្តល់ទុកនៅវិទ្យាស្ថានជាតិភូមិសាស្រ្ត (IGN) នៃប្រទេសបារាំង តាមរយៈស្ថានទូតបារាំងនៅរាជធានីភ្នំពេញ ជាមួយនិងផែនទីផ្លូវការនិងស្របច្បាប់ ដែលរាជរដ្ឋាភិបាលកំពុងប្រើប្រាស់ ក្នុងការបោះបង្គោលខណ្ឌសីមាព្រំដែនប្រទេសកម្ពុជាជាមួយប្រទេសវៀតណាម។
ក្រុមស្រាវជ្រាវព្រំដែនកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា សូមធ្វើការកត់សម្គាល់ដូចតទៅ៖ ១. ការផ្ទៀងផ្ទាត់ផែនទីដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៥ ជាសក្ខីភាពដ៏សំខាន់បំផុតជាប្រវត្តិសាស្រ្ត សម្រាប់ព្រះរាជាណាចក្រកម្ពុជា ពីព្រោះប្រទេសបារាំង គឺជាប្រទេសអាណានិគមនៃប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម។ ២. ប្រទេសបារាំងក្នុងឋានៈជាប្រទេសអាណានិគម គឺជាអ្នកវាស់វែង និងកំណត់ព្រំដែនប្រទេសកម្ពុជាជាមួយប្រទេសជិតខាង ដែលក្នុងនោះ ព្រំដែនប្រទេសកម្ពុជាជាមួយប្រទេសថៃ កំណត់ដោយសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧។ ដោយឡែកព្រំដែនប្រទេសកម្ពុជាជាមួយប្រទេសឡាវ និងប្រទេសវៀតណាម គឺបារាំងវាស់វែង និងគូសផែនទីព្រំដែនប្រទេសដោយមិនបានសាកសួរប្រទេសសាមីនោះទេ ប៉ុន្តែប្រទេសទាំងបីចាំបាច់ត្រូវទទួលយក។ ៣. ការយកផែនទីពីប្រភពផ្សេងៗមកផ្ទៀងផ្ទាត់ជាមួយផែនទីផ្លូវការ និងស្របច្បាប់ ដែលរាជរដ្ឋាភិបាលប្រើប្រាស់ ក្នុងការបោះបង្គោលខណ្ឌសីមាព្រំដែនប្រទេសកម្ពុជាជាមួយប្រទេសវៀតណាម ក៏មានសារៈសំខាន់ ប៉ុន្តែផែនទីដែលផ្តល់ដោយរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង គឺមានអត្ថន័យជាសារវន្តជាងផែនទីនានា ដែលយើងយកមកផ្ទៀងផ្ទាត់កន្លងមក ពីព្រោះផែនទីនេះ ជាផែនទីដើម ដែលត្រឹមត្រូវទាំងទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពមរតកប្រវត្តិសាស្រ្ត ពីព្រោះបារាំងជាអតីតប្រទេសអាណានិគមនៃប្រទេសកម្ពុជា និងប្រទេសវៀតណាម។ ៤. យើងខ្ញុំសូមសំណូមពរដល់គ្រប់ភាគីពាក់ព័ន្ធគ្រប់និន្នាការនយោបាយ ឈប់ខ្វែងគំនិតគ្នាលើបញ្ហាផែនទីតទៅទៀត ត្រូវតែមានឯកភាពជាតិ ពីព្រោះផែនទីដែលផ្តល់ដោយរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង គឺមានលក្ខណៈច្បាស់លាស់គ្រប់ជ្រុងជ្រោយលើគ្រប់ទិដ្ឋភាព និងដូចគ្នាទាំងស្រុងទៅ និងផែនទីផ្លូវការ និងស្របច្បាប់ ដែលរាជរដ្ឋាភិបាលប្រើប្រាស់ សម្រាប់បោះបង្គោលខណ្ឌសីមាព្រំដែន ប្រទេសកម្ពុជាជាមួយប្រទេសវៀតណាម៕