Friday, September 25, 2015

សម្តេចតេ​​ជោនាយក​រដ្ឋ​មន្រ្តី នឹងថ្លែង​​សុន្ទរកថា​គន្លឹះចំ​នួន​ពីរ​ នៅក្នុង​​កិច្ចប្រ​ជុំកំពូល​ របស់​អង្គការ ​សហ​ប្រ​ជា​ជាតិ

 ​
សម្តេចតេ​ជោ ហ៊ុន សែន នាយករ​ដ្ឋមន្រ្តី នឹងថ្លែង​សុន្ទរកថា​គន្លឹះចំនួន​ពីរ នៅក្នុង​កិច្ច​ប្រជុំ​កំពូល​របស់អង្គការ​សហ​ប្រជាជាតិ ស្តីពីរ​បៀបវារៈ នៃការ​អភិវឌ្ឍក្រោយ​ឆ្នាំ​២០១៥។​ ជាមួយ​គ្នានេះ ក្នុងឱកាសស្នាក់​នៅបូរីញូ​វយ៉ក សម្តេចតេ​ជោនាយករ​ដ្ឋមន្រ្តី នឹង​ទទួល​ជួបសម្ភាសន៍​ជាមួយ​ផលិតករ ខ្សែភាព​យន្ត នៃក្រុមហ៊ុន Ithaca Filmworks ហើយ​និង​ជួបសំណេះ​សំណាល ជា​មួយតំណាង​បងប្អូនជន​រួមជាតិ​ខ្មែរ ដែល​រស់នៅ​សហរដ្ឋ​អាមេរិក ជាង​២០០នាក់ ។
តាម​ប្រភពព័ត៌មាន​ដែលបានផ្ដល់​ពីអ្នកយកពត៌មាន​ពិសេស របស់​អគ្គនាយក​ដ្ឋាន​ទូរទស្ស​ន៍ជាតិ​កម្ពុជា បាន​ឱ្យដឹង​ថា សម្តេចអគ្គ​មហាសេនាប​តីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃ​ព្រះរាជាណាច​ក្រកម្ពុជា និងគណៈ​ប្រតិភូជាន់​ខ្ពស់រាជរដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​ទៅដល់​អាកាសយាន​ដ្ឋានអន្តរជាតិ John F. Kennedy បូរីញូវ​យ៉ក សហរដ្ឋ​អាមេរិក ប្រកប​ដោយសុវត្តិ​ភាព កាលពីវេលា​ម៉ោង ២០និង៥៥នាទី ម៉ោងនៅទីក្រុង​ញូយ៉ក ថ្ងៃទី២៣កញ្ញា ត្រូវ​នឹង ម៉ោង ៧និង៥៥នាទី ព្រឹក​ថ្ងៃទី២៤កញ្ញា ម៉ោង​នៅ​ប្រទេស​កម្ពុជា ។
សូមរម្លឹក​ថា សម្ដេចតេ​ជោនាយករដ្ឋ​មន្ត្រី និងគណៈប្រតិភូជាន់​ខ្ពស់កម្ពុ​ជា អញ្ជើ​ញទៅ​កាន់ បូរីញូវ​យ៉ក ដើម្បី​ចូលរួមកិច្ច​ប្រជុំកំពូល​របស់អង្គកា​រសហ​ប្រជាជាតិ ស្តីពី​របៀប​វារៈ​នៃការ​អភិវឌ្ឍ ក្រោយ​ឆ្នាំ​២០១៥ នៅទីស្នាក់ការធំ​របស់អង្គការសហ​ប្រជាជាតិ បូរីញូ​យ៉ក សហរដ្ឋអា​មេរិក ដែល​នឹងប្រារព្ធ​ធ្វើឡើង​នៅពីថ្ងៃ​ទី២៥ ដល់ថ្ងៃ​ទី២៧កញ្ញា។
វត្តមាន​នៃការអញ្ជើញដល់​របស់សម្តេចតេ​ជោនាយករដ្ឋមន្រ្តី ត្រូវបាន​គារវកិច្ចស្វា​គមន៍ ពីសំ​ណាក់ ឥស្សរជនជាន់​ខ្ពស់ តំណាង​ឯកឧត្តមអគ្គលេខាធិកា​រអង្គការ សហប្រជា​ជាតិ, ឯក​ឧត្តម ទុយ រី ឯកអគ្គរាជទូត តំណាងអចិន្រៃ្តយ៍​ប្រចាំអង្គការ​សហប្រជា​ជាតិ ព្រម​ទាំង ឥស្សរជនអ្នកការ​ទូត របស់ព្រះរាជា​ណាចក្រម្ពុជា​ជាច្រើន​រូប ។
ដោយ​ឡែក វត្តមា​នរបស់​សម្តេចតេជោនាយករ​ដ្ឋមន្រ្តី អញ្ជើញ​ដល់សណ្ឋា​គារ ស្នាក់​អាស្រ័យ​របស់សម្តេច ក៏ត្រូវបាន គារវកិច្ច​ស្វាគមន៍យ៉ាង​ស្និទ្ធស្នាលរាក់​ទាក់ ពីសំ​ណាក់ ថ្នាក់ដឹក​នាំ និងមន្រ្តី​ស្ថានឯក​អគ្គរាជទូត​កម្ពុជាប្រចាំ​ទីក្រុងវ៉ាស៊ីន​តោន ព្រមទាំង​ពី​សំណា​ក់ ជនរួមជាតិ​កម្ពុជា ដែលរស់នៅ​តាមបណ្តា​រដ្ឋមួយចំនួន​នៃសហ​រដ្ឋអាមេរិក ។
នៅក្នុង​ឱកាស នៃការស្នាក់អាស្រ័យ​នៅបូរីញូយ៉ក សម្តេចតេ​ជោនាយករដ្ឋមន្រ្តី នឹង​ថ្លែង សុន្ទរកថាគន្លឹះ​ចំនួនពីរ នៅ​ក្នុងកិច្ចប្រជុំ​កំពូលរបស់​អង្គការសហ​ប្រជាជាតិ ស្តីពីរបៀប​វារៈ នៃការអភិវឌ្ឍ​ក្រោយឆ្នាំ​២០១៥ ជាមួយ​គ្នានេះ សម្តេច​តេជោនាយក​រដ្ឋមន្រ្តី នឹង​ជួប​សម្ភាសន៍ ជាមួយនឹង​អ្នកផលិតខ្សែ​ភាពយន្ត នៃក្រុម​ហ៊ុន Ithaca Film Works រួមទាំង​ការជួបសំណេះ​សំណាលជាមួយតំណាង​បងប្អូនជនរួមជាតិ​ខ្មែរ ដែលរស់​នៅសហរដ្ឋ​អាមេរិក ជាង២០០​នាក់ ផង​ដែរ ៕