កាលពីព្រឹកថ្ងៃសុក្រ ទី០២ ខែតុលា ឆ្នាំ២០១៥ នៅក្នុងទីស្នាក់ការសម្ព័ន្ធយុវជនកម្ពុជាភូមិក្រាំងពង្រ ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ មានបើកវគ្គបណ្តុះបណ្តាលជំនាញចិញ្ចឹមជ្រូកជូនប្រជាសហគមន៍ចិញ្ចឹមជ្រូកចំនួន៤៦ នាក់។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៣ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៥ ។
វគ្គបណ្តុះបណ្តាលនេះកើតឡើងក្រោមគំនិតផ្តួចផ្តើម និងឧបត្ថម្ភគាំទ្ររបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាអ្នកតំណាងរាស្រ្តមណ្ឌលតាកែវ សហការជាមួយមន្ទីកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តតាកែវ និងការិយាល័យផលិតកម្ម និងបសុព្យាបាល។
នៅក្នុងវគ្គបណ្តុះបណ្តាលនេះមានបង្រៀនបច្ចេកទេសលម្អិតអំពី ពូជជ្រូក និងការជ្រើសរើសពូជជ្រូក ការសាងសង់ទ្រុងសត្វ ការផ្តល់ជំណី និងទឹក ការបង្កាត់ពូជ ការថែទាំមេជ្រូក និងកូន ការធ្វើអនាម័យ រួមជាមួយការបង្រៀនពីវិធីបង្ការ និងព្យាបាលជំងឺដែលតែងតែកើតមានលើជ្រូកនៅក្នុងមូលដ្ឋាន។
ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលអស់រយៈពេល៣ថ្ងៃរួចមក ថ្លែងក្នុងពីធីបិទវគ្គ និងចែកវិញ្ញាបនប័ត្រជូនសិក្ខាកាម ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ តំណាងឯកឧត្តម ស្វាយ ស៊ីថា ប្រធានក្រុមការងារចុះជួយឃុំកុមារាជា បានចែករំលែកបទពិសោធន៍ និងផ្តាំផ្ញើជូនសិក្ខាកាមទាំងអស់ថាវគ្គបណ្តុះបណ្តាលជំនាញបែបនេះគឺមានសំខាន់ណាស់សម្រាប់ជីវភាពប្រចាំថ្ងៃរបស់ប្រជាសហគមន៍ ជាងនេះទៅទៀតឯកឧត្តម បានបន្តរថា ប្រជាកសិករដែលនៅមូលដ្ឋានទាំងអស់គួរស្វែងរកចំណូលគ្រួសារក្នុងភាពជាសហគ្រិនតាមរយៈការចិញ្ចឹមសត្វ ដាំបន្លែបង្កា ជាជាងការដែលខិតខំរកមធ្យោបាយទៅធ្វើការឲ្យគេនៅក្រៅប្រទេស ទាំងស្របច្បាប់ក្តី ទាំងខុសច្បាប់ក្តីព្រោះតាមរយៈបទពិសោធន៍កន្លងមក ការធ្វើចំណាកស្រុកបែបនេះប្រឈមនឹងគ្រោះថ្នាក់ជាច្រើន ហើយឃ្លាតឆ្ងាយគ្រួសារ កូនចៅមិនមានអនាគតល្អព្រោះគ្មានអ្នកអបរំ និងមើលថែបានដិតដល់ នឹងអាចឈានដល់ការក្លាយជាជនរងគ្រោះដោយសារគ្រឿងញៀននៅថ្ងៃខាងមុខជាក់ជាមិនខាន។
បន្ទាប់ពីមានការផ្តាំផ្ញើបែបនេះរួចមក ឯកឧត្តមស្វាយ សុវណ្ណរិទ្ធ ប្រគល់វិញ្ញាបនប័ត្រជូនសិក្ខាកាមទាំង៤៦នាក់ដោយក្តីរីករាយ។