ថ្ងៃនេះក៏ដូចដូចជាប៉ុន្មានថ្ងៃរួចមកហើយ ខ្ញុំមិនចង់និយាយអ្វីដែលនាំដល់អរិយភាព ជាមួយអ្នកណា ទាំងអស់ ព្រោះជាថ្ងៃបុណ្យជាតិផង ជាថ្ងៃដែលខ្ញុំកាន់ទុក្ខកូនដ៏កំសត់របស់ខ្ញុំផង និងក៏ដើម្បីសម្រួលដល់ បរិយាកាសនយោបាយ នៅកម្ពុជាយើងផងដែរ។ ប៉ុន្តែជាអកុសល ខ្ញុំមិនអាចនៅស្ងៀមចំពោះការប្រមាថ របស់កូនជនក្បត់ជាតិបានទេ។
ជោគជ័យគួរឲ្យកោតសសើរ របស់បក្សប្រឆាំងនៅមីយ៉ាន់ម៉ា ដែលខ្មែរយើងទម្លាប់ហៅថាភូមាបានទាញ មេបក្សប្រឆាំងនៅកម្ពុជាដែលទើបសុំទោសខ្ញុំ កាលពីថ្ងៃ២៩ តុលា ២០១៥ បើកការ វាយប្រហារមកលើខ្ញុំ សារជាថ្មី ដែលបានបំផ្លាញសារជាថ្មីនូវវប្បធម៏សន្ទនា ដែលបាននឹងកំពុង ជួសជុលបន្ទាប់ពីជំនួប ស ខេង សម រង្ស៊ី។ មុនៗ ឲ្យតែមានបដិវត្តន៍ពណ៏ផ្ដួលរំលំ នៅប្រទេសណា មេបក្សប្រឆាំងរូបនេះតែងតែ និយាយថា ជិតកើតឡើងនៅកម្ពុជាដែរហើយ។ តែនៅពេលឃើញប្រទេសដែលមានបដិវត្តន៍ពណ៍ សុទ្ធតែមានសង្គ្រាមបង្ហូរឈាម យើងមិន សូវឮមេបក្សរូបនេះនិយាយពីបដិវត្តន៍ពណ៍តទៅទៀតទេ។
បក្សប្រឆាំងនៅភូមាឈ្នះឆ្នោតគេប្រើជាប្រយោជន៍ ដើម្បីវាយប្រហារបក្សកាន់អំណាច វាយប្រហារ រាជរដ្ឋាភិបាលនិងខ្លួនខ្ញុំ។ ស្អីនឹងគេដែរ ឯកឧត្តម បើមួយជាភូមា មួយទៀតជាកម្ពុជា និងមួយទៀតឆ្នាំ ២០១៥ហើយ មួយទៀតឆ្នាំ២០១៨។ រឿងរ៉ាវខុសគ្នា របបនយោបាយសេដ្ឋកិច្ច សង្គមខុសគ្នា ភាពលំបាកនិងងាយស្រួលខុសគ្នា សូម្បីតែការបោះឆ្នោតក៏ខុសគ្នា ដែលភូមាមិន ដែលបោះឆ្នោត ឯកម្ពុជាបោះឆ្នោត៥ដងរួចមកហើយ។ ឯពូជពង្សវង្សត្រកូលឯកឧត្តម ប្រៀបធៀប ជាមួយជាមួយ អ៊ុង សានសូជី មិនបានទេព្រោះមួយស្នេហាជាតិ មួយទៀតក្បត់ជាតិ បើពុំមានការធ្វើនិតិសម្បទាណាមួយទេ ឯកឧត្តមនៅតែមានឈ្មោះថាជាកូនអាក្បត់ជាតិ។ ពាក្យអាក្បត់ជាតិមិនមែនជាពាក្យខ្ញុំដាក់ទេ តែរាជរដ្ឋា ភិបាលសង្គមរាស្ត្រនិយមរបស់ សម្តេចព្រះ នរោត្តម សីហនុ ជាអ្នកប្រសិទ្ធនាមឲ្យ។ ឯកឧត្តមហៅខ្ញុំ ជាមនុស្សផ្តាច់ការកប់ៗមាត់ ថ្ងៃនេះ ខ្ញុំហៅឯកឧត្តមថាកូនអាក្បត់ជាតិ។ ខ្ញុំមិនដៀលពូជឯកឧត្តមទេ តែខ្ញុំហៅតាមអ្នកជំនាន់មុន ដែលធ្លាប់ហៅឪពុកឯកឧត្តមថា អាក្បត់ជាតិ។ ពាក្យនេះសំរាប់ខ្ញុំពិបាក ស្តាប់ណាស់ក្នុងសម័យថ្មីរបស់យើង តែខ្ញុំមិនហ៊ានកែប្រវត្តិសាស្ត្រ ពីក្បត់ជាតិ ទៅស្នេហាជាតិ ពីអាក្បត់ជាតិទៅជាឯកឧត្តមក្បត់ជាតិបានទេ បើមិនទាន់ធ្វើនីតិសម្បទាសំរាប់ជូនខ្មោច ឳពុកឯកឧត្តម ទេនោះ។ ខ្ញុំសុំប្រាប់ទៅឯកឧត្តមថាពូជខ្ញុំ អត់មានមនុស្សក្បត់ជាតិដូចឯកឧត្តមទេ។ ស្លឹកឈើជ្រុះ មិនឆ្ងាយពីគល់។
សុំទោសបងប្អូនជនរួមជាតិ សុំវិនិឆ្ឆ័យចុះ តើអ្នកណាបង្កហេតុហ្នឹង បើមានអ្វីកើតឡើង សុំកុំបន្ទោសខ្ញុំ។ ថ្ងៃនេះខ្ញុំបង្ហោះទៅជាមួយនូវអត្ថបទប្រៀបធៀបមួយ មិនដឹងចេញពីប្រភព ណាតែឃើញក្នុង Facebook មួយ ទោះវាមិនទាន់ពេញលេញ តែវាជាមូលដ្ឋានឱយយើងយល់ពី អ៊ុង សានសូជី និង សម រង្ស៊ី។ ម្យ៉ាងទៀត សុំទោសផងយប់ស្ងាត់វាយម្នាក់ឯងអាចខុស ពាក្យពេចន៍និងអក្ខរាវិរុទ្ធខ្លះ៕