ឯកឧត្តមបានជម្រាបជូនសម្តេចតេជោថា ប្រទេសចិនតែងតែគាំទ្រ រាជរដ្ឋាភិបាលកម្ពុជា និងបានរាយការណ៍ជូនសម្តេចតេជោផងដែរថា ឯកឧត្តមបានជួបពិភាក្សាការងារជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ដោយបានពិភាក្សាការងារជាច្រើន និងបានព្រមព្រៀងគ្នារហូតដល់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងផងដែរ។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលកាន់តែរីកចម្រើនរឹងមាំថែមទៀត ហើយសម្តេចមានប្រសាសន៍ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានឆ្លងកាត់រយៈពេលជាយូរ និងរឿងរ៉ាវជាច្រើនមកហើយ ក៏ប៉ុន្តែទំនាក់ទំនងគឺកាន់តែរឹងមាំ។ សម្តេចបានស្វាគមន៍ចំពោះកិច្ចពិភាក្សា រវាងឯកឧត្តម ចាង ជាមួយនឹងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ និងបានលើកទឹកចិត្តសុំឲ្យភាគីទាំងពីរសហ ប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត៕