យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន ចុះថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៥នេះ ស្តីពីលទ្ធផលនៃការវាយតម្លៃ លើក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចចំនួន ១៦ នៅក្នុងខេត្តមណ្ឌលគិរី រតនគិរី និងកំពង់ស្ពឺ ក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រោយដោះស្រាយពីផលប៉ះពាល់រួច ក្រុមហ៊ុនទាំង១៦នេះ នឹងត្រូវចុះកិច្ចសន្យាឡើងវិញ និងកាត់បន្ថយរយៈពេលនៃការវិនិយោគ ដែលផ្តល់ឲ្យពីមុនមកមាន ៩៩ឆ្នាំ ៨០ ឆ្នាំ និង៧០ឆ្នាំឲ្យមកនៅត្រឹមរយៈពេល ៥០ឆ្នាំវិញ។
ក្រសួងបរិស្ថានបានឲ្យដឹងថា កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុន ១៦ ដែលទទួលបានសិទ្ធិវិនិយោគលើផ្ទៃដីសេដ្ឋកិច្ច នៅតំបន់ប្រើប្រាស់ដោយចីរភាពនៃដែនជម្រកសត្វព្រៃភ្នំណាមលៀរ ដែនជម្រកសត្វព្រៃភ្នំពេ្រច នៅខេត្តរតនៈគិរី មានចំនួន ៤ក្រុមហ៊ុន ដែលទទួលបានសម្បទានដីសេដ្ឋកិច្ច នៅដែនជម្រកសត្វព្រៃលំផាត់ និងក្នុងខេត្តកំពង់ស្ពឺមានចំនួន៧ ដែលទទួលបានសម្បទានដីសេដ្ឋកិច្ចនៅតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងឧទ្យានជាតិសុរាម្រិត-កុសុមៈ គិរីរម្យ បន្តអនុវត្តគម្រោងនិងបំពេញនីតិវិធីលើផ្ទៃដីដែលបានដោះស្រាយផលប៉ះពាល់រួច ដោយត្រូវចុះកិច្ចសន្យាឡើងវិញ និងកាត់បន្ថយរយៈពេលនៃការវិនិយោគដែលផ្តល់ឲ្យពីមុនមកមាន ៩៩ឆ្នាំ ៨០ ឆ្នាំ និង៧០ឆ្នាំឲ្យមកនៅត្រឹមរយៈពេល ៥០ឆ្នាំវិញ។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជាគោលការណ៍ ក្នុងការកាត់បន្ថយរយៈពេលនៃការអនុវត្តគម្រោងវិនិយោគអភិវឌ្ឍន៍ សម្បទានដីសេដ្ឋកិច្ចទាំងអស់មកនៅត្រឹមយ៉ាងយូរ៥០ឆ្នាំ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន រហូតមកដល់ពេលនេះ ក្រសួងបានពិនិត្យ និងវាយតម្លៃគម្រោងវិនិយោគអភិវឌ្ឍន៍ទាំងអស់ចំនួន ១១៣ ដែលមានផ្ទៃដីសរុប ៦២៨ ២៩៨,៧៥ ហិកតា ដែលក្នុងនោះគម្រោងចំនួន ៨១ ត្រូវបានដាក់ឆ្លងអង្គប្រជុំគណៈកម្មាធិការអន្តរក្រសួង ដើម្បីពិភាក្សា និងលើកសំណើជូនប្រមុខរាជរដ្ឋាភិបាលក្នុងការពិនិត្យ និងសម្រេច ហើយជាលទ្ធផលគម្រោងរបស់ក្រុមមហ៊ុនចំនួន ២៣ ដែលមានផ្ទៃដីសរុប ៩០ ៦៨២ ហិកតា ត្រូវបានរាជរដ្ឋាភិបាលសម្រេចនិរាករណ៍ សិទ្ធិវិនិយោគដោយសារតែក្រុមហ៊ុនទាំងនោះ មិនបានគោរពតាមគោលការណ៍ និងនីតិវិធីនានាដែលបានកំណត់។
ក្រសួងបរិស្ថានបានបញ្ជាក់ផងដែរថា ការត្រួតពិនិត្យ វាស់វែង និងវាយតម្លៃគម្រោងសម្បទានដីសេដ្ឋកិច្ចឡើងវិញនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីគ្រប់គ្រងឲ្យមានប្រសិទ្ធិភាពលើសម្បទានដីសេដ្ឋកិច្ច ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន បំណងដើម្បីផ្តល់ភាពកក់ក្តៅដល់អ្នកវិនិយោគទុន ក៏ដូចជាដោះស្រាយលើផលប៉ះពាល់ទាំងឡាយឲ្យបានត្រឹមត្រូវ និងកំណត់ច្បាស់លាស់ថា សម្បទានដីសេដ្ឋកិច្ចទាំងអស់នឹងមិនមានការប៉ះពាល់ដល់ដីធ្លីរបស់ប្រជាពលរដ្ឋ៕
អត្ថបទ៖ សុភាព