Wednesday, October 21, 2015

សម្តេចតេជោនាយករដ្ឋមន្រ្តីជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្រ្តីវៀតណាម

សម្តេចតេជោ​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​ជួបពិភាក្សាការ​ងារជាមួយ​អនុរដ្ឋមន្រ្តី​ការពារជាតិ​វៀតណាម ​ឯ.ឧ. ង្វៀន ​ជីវិញ ​[Quyen ​Chivinh] ​នៅវិមានសន្តិភាព ​នារសៀល​ថ្ងៃទី១៩ ​ខែតុលានេះ ​ដើម្បីស្វែងយល់​ពីលទ្ធផល ​នៃជំនួបវិស័យ​ការពារជាតិ​រវាងប្រទេស​កម្ពុជា ​និងវៀត​ណាមដែលត្រូវ​បានរៀបចំ​ធ្វើនៅកម្ពុជា​កន្លងមកនេះ ​ដែលចាត់ទុក​ជាកិច្ចសន្ទនា​កំរិតនយោបាយ​មួយរវាង​ ថ្នាក់អនុរដ្ឋមន្រ្តី ​និងរដ្ឋម​ន្រ្តីការពារជាតិ ​នៃប្រទេស​ទាំង២។ ​
ឯ.ឧ​. ង្វៀន ជីវិញ ​បានជំរាបជូន​សម្តេចតេជោថា ​ក្នុងជំនួបវិស័យ​ការពារជាតិ​កំរិតខ្ពស់លើក​ទី១ រវាង​ប្រទេសកម្ពុជា​ និងវៀតណាមនេះ ​គណៈប្រតិភូប្រ​ទេសទាំង២ ​បានពិភាក្សា ​និងផ្លាស់ប្តូរ​ យោបល់គ្នា​ពីការវិវត្តន៍​វិស័យការពារ​ជាតិ ទាំងទ្វេ​ភាគី ក្នុ​ងតំបន់ ​និងអន្តរជាតិ។​
ឯ.ឧ​. ង្វៀនជីវិញ ​ក៏បានស្នើសុំឲ្យ​ប្រមុខរាជ​រដ្ឋាភិបាលកម្ពុជា ​បន្តយកចិត្តទុក​ដាក់លើវិស័យយោធា ​នៃប្រទេស​ទាំង២ ​កម្ពុជា-វៀតណាម ​ដោយប្រទេស​ទាំង២បានឯក​ភាពគ្នាលើ​កិច្ចសហប្រតិ​បត្តិការ​ ទាំងវិស័យន​យោបាយ ​សន្តិសុខ ​និងវិស័យការពារ​ជាតិ។ ​
ដូចគ្នានេះ ​សម្តេចតេជោ ​ក៏ចង់អោយ​បង្កើននូវកិច្ច​សហប្រតិបត្តិការ​ការពារជាតិរវាង​ប្រទេសទាំង២​ ឲ្យបានជិតស្និទ្ធ​ថែមទៀត ​ដោយមើលឃើញ​ថាស្ថានភាព​នយោបាយអន្តរ​ជាតិ ជាពិសេស​ក្នុងតំបន់ ​អាស៊ីប៉ាស៊ីហ្វិក ​កំពុងស្ថិត​ក្នុងស្ថានភាពក្តៅ។ ​ទន្ទឹមនេះ ស​ម្តេចតេជោ ​ហ៊ុន សែន ​ក៏បានលើក ​ឡើងថា ​ជាក់ស្តែងកិច្ច​សហប្រតិបត្តិការ​វិស័យការពា​រជាតិរវាងកម្ពុជានិ​ងវៀតណាម​ គឺមិនត្រឹមតែ​ ថ្នាក់ជាតិនោះទេ ​គឺមានរវាង​ភូមិភាគនិង​ភូមិភាគនៃប្រទសទាំ​ង២ផងដែរ ដើម្បី​ផ្លាស់ប្តូរព័ត៌មាន ​និងយល់​ដឹងពីគ្នា។ ​
យោងតាមការ​ជំរាបជូន​របស់ ឯ.ឧ​. ង្វៀន ជីវិញ ​ក្នុងជំនួបជា​មួយសម្តេចតេជោនេះ ​បញ្ជាក់ថាជំនួបវិស័យ​យោធាកំរិត​នយោបាយនេះ ​នឹងត្រូវធ្វើជា​លើកទី២នៅ​ក្នុងប្រទេសវៀតណាម​វិញម្តង ​នៅឆ្នាំក្រោយ។​