Friday, July 18, 2014

សេចក្តី​ប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល​​នៃ​សម័យ​ប្រជុំពេញ​អង្គគណៈ​រដ្ឋមន្រ្តី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤

ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៤ វេលាម៉ោង៨ និង​ ៣០នាទី នៅវិមានសន្តិភាពមាន​បើក​​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រី ក្រោម​អធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់​បំផុតរបស់​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃព្រះ​រាជា​ណាចក្រ​កម្ពុជា ក្នុង​អាណត្តិ​ទី៥ ដើម្បី​ឆ្លង ៖

-​  សេចក្តី​ព្រាង​ច្បាប់ ស្តី​ពី​វិសោធន​កម្ម​ច្បាប់ ​ស្តីពី ​ការ​គ្រប់គ្រង​រោងចក្រ​ និង​សិប្បកម្ម
-  សេចក្តី​ព្រាង​ព្រះរាជ​ក្រឹត្យ ស្តីពី ​កំណត់​ស្តង់​ដា​គោល​ជាតិ​គី​ឡូ​ក្រាម
- សេច​ក្តីព្រាង​គោល​នយោបាយ​ជាតិ​ ស្តី​ពី​ វិស័យ​វប្បធម៌។
-  បញ្ហាផ្សេងៗ៖  សំណើ​សុំការ​យល់​ព្រម​ពីគណៈ​រដ្ឋ​មន្រ្តី​ដើម្បី​ស្នើ​សុំ​សច្ចាប័ន​ពីស្ថាប័ន​នីតិ​ប្ប​ញ្ញតិ​លើ
៤.១    ពិធីសារណា​ហ្គូយ៉ា​ស្តីពី​សិទ្ធិ​ទទួល​ផល​ពីធន​ធាន​សេនេទិក​ និងការ​បែង​ចែក​ផល​​​ប្រយោជន៍​ការប្រើប្រាស់​ធន​ធាន​សេនេទិក​ដោយស្មើភាព​ និងសមធម៌​នៃ​អនុ​សញ្ញា​សហប្រជាជាតិ​ស្តីពី​ជីវចម្រុះ។
៤.២    កិច្ចព្រម​ព្រៀង ​ស្តីពី​សហប្រ​តិបត្តិការ​វប្បធម៌​ រវាង​រដ្ឋាភិបាល​នៃ​រដ្ឋជា​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ និង​រដ្ឋា​ភិបាល​នៃ​សហព័ន្ធ​រុស្ស៊ី

-   សេចក្តី​ព្រាងច្បាប់ ​ស្តីពី វិ​សោធន​កម្ម​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​រោងចក្រ​ និង​សិប្បកម្ម
ច្បាប់​ស្តីពីការ​គ្រប់គ្រង​រោងចក្រ​ និងសិប្បកម្មមាន​ចំនួន ៥៧ មាត្រា ចែកចេញជា ៨​ជំពូក ដែល​រដ្ឋសភា​បាន​អនុម័ត​កាល​ពី​ថ្ងៃ​ទី​០២ ខែ​ឧសភា ឆ្នាំ ២០០៦ នា​សម័យប្រជុំ​រដ្ឋ​សភា លើក​ទី៤ នីតិកាល​ទី៣ ដែលត្រូវបាន​ព្រះមហា​ក្សត្រ​នៃព្រះ​រាជា​ណាចក្រ​កម្ពុជា ​ឡាយ​ព្រះហស្ត​​​ លេខា​​​ប្រកាសឲ្យប្រើតាម​ព្រះរាជក្រម​លេខ នស/០៦០៦/០១៨ ចុះថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ ២០០៦​។
ក្នុងអាណត្តិទី​៥ នេះ រាជ​រដ្ឋា​ភិបាល​កម្ពុជា ដែល​មាន​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តី បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​ស្របតាម​យុទ្ធ​សាស្រ្ត​ចតុ​កោណ​ដំណាក់​កាល​ទី៣ របស់​រាជ​រដ្ឋាភិបាល​នីតិកាល​ទី៥ នៃរដ្ឋសភា​ ដើម្បី​កំណើន​​​ ការងារ​ សមធម៌ និងប្រសិទ្ធភាពនៅ​កម្ពុជា ក្នុងនោះ ក្រសួង​ឧស្សាហ​កម្ម រ៉ែ និង​ថា​ម​ពល ត្រូវ​​បាន​ចែក​ចេញ​ជា​ពីរក្រសួង​គឺ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​ក្រសួងរ៉ែ​ និង​​ថាមពល។

ដោយ​ពិនិត្យ​ឃើញ​ថាច្បាប់​ស្តីពី ការ​គ្រប់គ្រង​រោង​ចក្រ និង​សិប្បកម្ម ដែលត្រូវ​បានដាក់​ឲ្យ​ប្រើ​ដោយ​ព្រះរាជ​ក្រមលេខ នស/ រកម/០៦០៦/០១៨ ចុះថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០០៦ នេះ​មានការ​ពាក់ព័ន្ធ​នឹងឈ្មោះក្រសួង​ឧស្សាហកម្ម រ៉ែ និងថាមពល ដែល​ជាក្រសួងចាស់​ និង​ដើម្បី​​បន្ត​ដំណើរ​ការ​នៃ​ការ​អនុវត្ត​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រោង​ចក្រ​ និងសិប្បកម្ម ស្រប​ទៅ​តាម​ឈ្មោះ​ និង​សមត្ថកិច្ចរបស់ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្មនោះ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ បានស្នើ​សុំ​ធ្វើវិសោធនកម្ម​លើគ្រប់​មាត្រា​ទាំងអស់ដែល​ពាក់ព័ន្ធ នឹងពាក្យ «ឧស្សាហ​កម្ម រ៉ែ និង​ថាមពល» ប្តូរទៅជា « ឧស្សាហកម្ម និងសិប្បកម្ម» វិញ ដែលមាន​ចំនួន​ ៥៥ ចំណុច ​ដោយ​ខ្លឹម​សារ​នៃបទ​បញ្ញត្តិ ក្រៅពីនេះ​នៅរក្សា​ទុកជាធរមានដដែល។​