AKP ភ្នំពេញ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៤—
ព្រះបរមអដ្ឋិ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯករាជ្យជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ត្រូវបានដាក់តម្កល់ក្នុងព្រះចេតិយគន្ធបុប្ផាក្នុងព្រះបរមរាជវាំង តាមព្រះរាជបណ្ដាំរបស់ព្រះអង្គហើយ កាលពីវេលាម៉ោង៦ និង៥៥ នាទីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៤។
យាង និងអញ្ជើញចូលរួមក្នុងព្រះរាជពិធីតម្កល់ព្រះបរមអដ្ឋិ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» គេសង្កេតឃើញមានព្រះរាជវត្តមាន ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល សម្ដេចព្រះសង្ឃ រាជទាំងពីរគណៈ សម្ដេចប្រធានរដ្ឋសភា សម្ដេចតេជោនាយករដ្ឋមន្ត្រី ឯកឧត្ដមអនុប្រធាន ទីមួយព្រឹទ្ធសភា ព្រមទាំងឯកឧត្ដម លោកជំទាវជាឧបនាយករដ្ឋមន្ត្រី អង្គទូតនៃបណ្ដាប្រ ទេសជាមិត្តប្រចាំនៅកម្ពុជា រាជវង្សានុវង្ស និងនាម៉ឺនសព្វមុខមន្ត្រីជាច្រើនរូបទៀត។
បន្ទាប់ពីព្រះសង្ឃ៩០ អង្គថ្វាយព្រះសត្តប្បករណ៍ និងពិធីនានាខាងសាសនារួចមក ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលអមព្រះរាជដំណើរ ដោយសម្ដេចប្រធានរដ្ឋសភា សម្ដេចតេជោនាយករដ្ឋមន្ត្រី និងរាជវង្សានុវង្ស បានយាងព្រះកោដ្ឋ ព្រះបរមអដ្ឋិហែចេញពីព្រះវិហារព្រះកែវមរកត មកដង្ហែប្រទក្សិណជុំវិញព្រះចេតិយគន្ធបុប្ផា។ ក្រោយពេលដង្ហែប្រទក្សិណ៣ ជុំព្រះចេតិយរូចមក ក្បួនដង្ហែក៏បានឈប់នៅជណ្ដើរខាងកើតព្រះចេតិយគន្ធបុប្ផា បន្ទាប់មកព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្ដេចព្រះរាជវង្សានុវង្ស ស្ដេចយាងព្រះកោដ្ឋ ព្រះបរមអដ្ឋិ ព្រះករុណា«ព្រះបរមរតនកោដ្ឋ»ទៅតម្កល់ក្នុងព្រះប្រាង្គ នៃព្រះចេតិយគន្ធបុប្ផា។ បន្ទាប់មកក៏មានពិធីរាប់បាត្រប្រគេនព្រះសង្ឃចំនួន៩០ អង្គ នៅក្នុងព្រះបរមរាជវាំងផងដែរ។
ដោយឡែកនៅខាងមុខព្រះបរមរាជវាំង ស្របពេលដែលព្រះរាជពិធីតម្កល់ព្រះបរមអដ្ឋិ «ព្រះបរមរតនកោដ្ឋ» ក្នុងប្រាង្គនៃព្រះចេតិយគន្ធបុប្ផានោះ ក៏មានពិធីបាញ់កាំភ្លើង១០១ ណាត់ និងពិធីរាប់បាត្រប្រគេនព្រះសង្ឍចំនួន៣ ៦០០ អង្គផងដែរ ។ បើតាមកម្មវិធីដែលបានគ្រោង ទុកចាប់ពីម៉ោង១១ ដល់ម៉ោង៣ រសៀលថ្ងៃដដែលនេះ ក៏មានការអនុញ្ញតឲ្យប្រជាពលរដ្ឋ ចូលថ្វាយព្រះបង្គំព្រះបរមអដ្ឋិ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» នៅក្នុងព្រះឧបោសថរតនា រាមព្រះកែវមរកតផងដែរ៕
ដោយជឹម ណារី