Saturday, July 12, 2014

ព្រះរាជពិធីតម្កល់ព្រះបរមអដ្ឋិបានបញ្ចប់

AKP ភ្នំពេញ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៤
ព្រះរាជពិធីតម្កល់ព្រះបរមអដ្ឋិ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តន សីហនុ ព្រះ មហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ«ព្រះបរមរតន កោដ្ឋ» បានបញ្ចប់​ហើយ​បន្ទាប់​ពីបាន​ប្រព្រឹត្ត​ទៅ​អស់​រយៈ​ពេលបីថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៤ នោះ។

ព្រះកោដ្ឋព្រះបរមអដ្ឋិ ត្រូវបាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះ​រាជា​ណា​ចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត និងសម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទី​សក្ការៈ​ដ៏ខ្ពង់​ខ្ពស់​បំផុត ស្តេចយាងថ្វាយគ្រឿង សក្ការៈបូជា និងស្តេចយាងព្រះកោដ្ឋចុះពី ព្រះទីនាំង​មហាបញ្ចា​ទៅតម្កល់លើ​បល្ល័ង្​ក​នៅ​មុខ មហាស្វេតច្ឆត្រ កាលពីរាត្រីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៤ ដែលជាថ្ងៃទីដំបូងនៃព្រះពិធីបុណ្យ ជាប្រវត្តិសាស្រ្តនេះ។

ព្រះកោដ្ឋព្រះបរមអដ្ឋិត្រូវបានហែទៅកាន់ព្រះឧបោសថរតនារាមព្រះកែវមរកត និង បានតម្កល់នៅទីនោះ នៅថ្ងៃទី១១ ខែ​កក្កដា ឆ្នាំ២០១៤ បន្ទាប់ពីបានហែកាត់តាមដងមហាវិថី មួយចំនួនក្នុងរាជធានីភ្នំពេញ ក្រោម​ក្រសែ​ភ្នែក​មហាជន​រាប់ម៉ឺន​នាក់ ដោយមានការប្រារព្ធពិធី ជាច្រើននៅក្នុង និងខាងមុខព្រះបរមរាជវាំង ដែលមាន​ការនិមន្​តចូល​រួម​ដោយ​ព្រះសង្ឃរាប់ ពាន់ម៉ឺននាក់ផងដែរ។ ប្រជាជនកម្ពុជាច្រើនម៉ឺននាក់បានទស្សនាទិដ្ឋភាពទូទៅ នៃព្រះរាជពិធី បុណ្យនេះ តាមរយៈ​ការផ្សាយបន្តផ្ទាល់ពីបណ្តាស្ថានីយទូរទស្សន៍ និងស្តាប់តាមវិទ្យុនោះ។

បន្ទាប់ពីបានហែចេញពីព្រះវិហារព្រះកែវមរកត ទៅប្រទក្សិណព្រះចេតិយជាឧត្តរាព័ត៌ ៣ ជុំ ដោយព្រះករុណា​ជា​អម្ចាស់​ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិ ខ្មែរ ដង្ហែដោយព្រះរាជវង្សានុវង្ស សម្តេច​ប្រធាន​រដ្ឋសភា សម្តេចនាយករដ្ឋមន្រ្តី សម្តេចចៅ ហ្វាវាំង និងថ្នាក់ដឹកនាំកំពូលនៃស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា និង​រាជ​រដ្ឋាភិបាល​នោះ ព្រះកោដ្ឋ ព្រះបរមអដ្ឋិ «ព្រះបរមរតនកោដ្ឋ» បានតម្កល់ក្នុងព្រះចេតិយព្រះគន្ធបុប្ផានៅរួចជាស្រេចនៅ មុន​ម៉ោង៧ កន្លះព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៤ ជាពេលវេលាដែលបានកំណត់ទុកនោះ។
នៅ​ក្នុង​ព្រះរាជវាំងព្រះរាជពិធីរាប់បាត្រព្រះសង្ឃចំនួន៩០ អង្គបានប្រព្រឹត្តទៅស្រប ពេលដែល​ពិធីរាប់​បាត្រ​ព្រះសង្ឃ​ចំនួន៣ ៦០០ អង្គក៏បានប្រព្រឹត្តទៅ នៅខាងមុខព្រះបរមរាជ វាំងផងដែរ ដើម្បីថ្វាយ​ព្រះរាជកុសល​ព្រះវិញ្ញាណ​ក្ខន្ធ​ព្រះករុណា«ព្រះបរមរតនកោដ្ឋ»នោះ៕
ដោយ ជ័យ ភូមិពល