Tuesday, July 22, 2014

មុនផ្តើមកិច្ចប្រជុំ សម្តេចតេជោ ហ៊ុន សែន សាកសួរថ្នាក់ដឹកនាំ គណបក្សសង្រ្គោះជាតិ រឿងធ្វើចំការ

ភ្នំពេញ៖ ទោះលើសង្វៀននយោបាយបានប្រើពាក្យ ធ្ងន់ៗ និងមិនពិរោះស្តាប់ដាក់គ្នាយ៉ាងណាក្តី តែពេលជួបមុខគ្នា  អ្នកនយោបាយ បានប្រើទឹកមុខញញឹមញញែមសាកសួរសុខទុក្ខ និងចាប់ដៃស្វាគមន៍គ្នាជាមួយទឹកមុខរីករាយជា  ធម្មតា ហាក់គ្មានរឿងអ្វីកើតឡើងនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា  ដែលជាសមភាគីនៃកិច្ចចរចារឿងនយោបាយ ដ៏សំខាន់នាព្រឹកនេះ គ្រាកំពុងធ្វើដំណើរចូលក្នុងបន្ទប់ប្រជុំ បាន សាកសួរសុខទុក្ខក្រុមការងារគណបក្សសង្រ្គោះជាតិ ព្រមទាំងសាកសួរពីដំណើរការធ្វើចំការម្រេច ល្ហុងខ្វង និងចំការដំឡូង របស់លោក កឹម  សុខា លោក សម រង្ស៊ី និង ប៉ុល ហំម ថែមទៀតផង។
សម្តេចតេជោ ហ៊ុន សែន បានផ្តើមសំណួរទៅកាន់ លោក កឹម សុខា ថា «ម៉េចហើយ ខា ចំការម្រេចនៅកំំពុងចាម  លូតលាស់ល្អទេ»។ មិនបង្អង់យូរ លោក កឹម សុខា បានតបវិញថា «អត់ដឹងម៉េចដែរសម្តេច កំពុងសាកល្បង ល្អ តើសម្តេច»។
សម្តេចតេជោ ក៏បានសួរទៅ សម រង្ស៊ី ផងដែរថា តើចំការល្ហុងខ្វងលូតលាស់ល្អដែរឬទេ? លោក សម រង្ស៊ី ក៏បាន ឆ្លើយតបទៅវិញទាំងរីករាយថា មិនសូវល្អនោះទេ។
ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏បានសាកសួរ ទៅលោក ប៉ុល ហំម ផងដែរ ពីដំណើរការធ្វើចំការដំឡូង។ លោក ប៉ុល ហំម បានបញ្ជាក់ប្រាប់សម្តេចថា ចំការដំឡូងរបស់លោក គឺរីកលូតលាស់ល្អធម្មតា។
ក្រុមអ្នកព័ត៌មានឃើញពីកាយវិការសាកសួរសុខទុក្ខរវាងអ្នកនយោបាយ ដែលធ្លាប់តែពាក់មុខយក្សលើសង្វៀននយោបាយ បានកោតស្ញប់ស្ញែងជាខ្លាំងដល់សិល្បៈរបស់អ្នកធ្វើនយោបាយ គឺវាផ្ទុយស្រឡះពីក្រុមអ្នកបម្រើនយោ បាយ ពេលខ្លះព្រោះនិន្នាការនយោបាយបានឈ្លោះប្រកែក បង្កអំពើហិង្សា វាយតប់គ្នារងរបួសធ្ងន់ធ្ងរថែមទៀតផង ៕
Tuesday, 22 July 2014 09:39 ដោយ៖ ដើមអម្ពិល (DAP), ID-009