AKP ភ្នំពេញ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៤—
ទីស្តីការគណៈរដ្ឋមន្រ្តីបានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់សារជាថ្មីអំពីនយោបាយចិនតែមួយ នៃគោលនយោបាយការបរទេសរបស់កម្ពុជា ដោយសម្តេចចាត់ទុកតៃវ៉ាន់ជាខេត្តមួយរបស់ ចិនតែប៉ុណ្ណោះ ហើយរាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឲ្យលើកទង់ជាតិតៃវ៉ាន់លើទឹកខ្មែរ ឡើយ។
ក្នុងសេចក្តីប្រកាសព័ត៌មាន នៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ បានដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលថ្លែងក្នុងអង្គប្រជុំ ដោយសម្តេចសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឲ្យលើកទង់ជាតិតៃវ៉ាន់ ឬមិន ឲ្យមានតំណាងរបស់តៃវ៉ាន់ នៅក្នុងទឹកដីព្រះរាជាណាចក្រកម្ពុជាទោះក្នុងរូបភាពណាក៏ ដោយ។
នៅក្នុងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ នេះដែរ អ្នកនាំពាក្យក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិបានចេញនូវបដិសេធដាច់ខាតដាច់ខាតនូវព័ត៌មាន ដែលបានចុះផ្សាយ ដោយការសែតរស្មីកម្ពុជា ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ ដែលមានចំណងជើងថា«តៃវ៉ាន់បាន អះអាងថា ខ្លួនបានទទួលភ្លើងខៀវពីរាជរដ្ឋាភិបាលកម្ពុជាបើកមជ្ឈមណ្ឌលពាណិជ្ជកម្មមួយ នៅកម្ពុជា» ដែលកាសែតនេះបានដកស្រង់ពីកាសែតតៃប៉ិថាម នោះ។ អ្នកនាំពាក្យក្រសួង ការបរទេសបាននិយាយក្នុងសេចក្តីជូនព័ត៌មាន ថា ពាក់ព័ន្ធនឹងការបំផ្លើសការពិតនេះ អ្នកនាំ ពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិសូមធ្វើការបញ្ជាក់ថា រាជរដ្ឋាភិបាល កម្ពុជាមិនបានអនុញ្ញាត ហើយនឹងមិនអនុញ្ញាតឲ្យមានស្ថានតំណាងតៃវ៉ាន់ បែបណាមួយនៅ កម្ពុជាឡើយ ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់ពេញលេញនូវនយោបាយចិន តែមួយ។
នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនោះ សម្តេចតេជោបានក្រើនរំលឹកឡើងវិញនូវនីតិវីធី នៃការកែទម្រង់ស៊ីជម្រៅ តាមរយៈឆ្លុះកញ្ចក់មុជទឹក ដុសក្អែល និងព្យាបាលដោយតម្រូវឲ្យ ថ្នាក់ដឹកនាំស្ថាប័នរបស់រាជរដ្ឋាភិបាលទាំងអស់ ដឹកនាំការប្រជុំផ្ទៃក្នុង ដើម្បីធ្វើការបូកសរុប វាយតម្លៃរកឲ្យឃើញនូវចំណុចខ្វះខាត ដើម្បីកែលម្អឆ្ពោះទៅរកវឌ្ឍនភាព និងប្រសិទ្ធភាព ការងារសម្រាប់ឆ្នាំខាងមុខ៕
ដោយ ជ័យ ភូមិពល