Friday, July 25, 2014

អង្គរ និងការ​បំពុល​បរិយាកាស ការវាយ​តំលៃ និង​ដំណោះ​ស្រាយ​លើ​ផល​ប៉ះ​ពាល់

អាជ្ញាធរជាតិអប្សរាសូម​ស្វាគមន៍នូវ​រាល់​ការ​យក​ចិត្តទុក​ដាក់អំពី​បញ្ហាប​រិយាកាស​ដូចដែល លោកស្រី Denise Hruby បាន​សរសេ​រអត្ថបទ​មួយមាន​ចំណង​ជើងថា ”In Cambodia, toxic air threatens timeless ruins” ចេញ​ផ្សាយ​នៅ​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤ លើ​ទំព័រ​កាសែត Cambodia Daily ។ អាជ្ញាធរ​ជាតិ​អប្សរា សូមបង្ហាញ​នូវ​ចំណុច​​មួយ​ចំនួន​ពាក់ព័ន្ធ​នឹងប្រវត្តិ និង ការពន្យល់​អំពីការ​ខិតខំប្រឹ​ងប្រែង របស់អាជ្ញា​ធរជាតិ​អប្សរា​លើ​បញ្ហានេះ។

ប្រវត្តិ
នៅឆ្នាំ១៩៩២ អង្គរការយូ​ណេស្កូ បានចុះ​បញ្ជីអង្គរ​ជាសម្បត្តិ​បេតិក​ភណ្ឌ​ពិភពលោក ដោយផ្អែក​លើ​លក្ខ​ខណ្ឌ​ចំនួន ០៤ ផ្សេង​​គ្នា។ អង្គ​រមិន​ត្រឹម​តែទទួល​ស្គាល់​ជា “ស្នាដៃដ៏​អស្ចារ្យ របស់​មនុស្ស” ប៉ុណ្ណោះទេ ប៉ុន្តែតម្លៃ​នៃ​ទេសភាព​វប្បធម៌ ការតាំង​លំនៅ​ស្ថាន​របស់​ប្រជា​ពលរដ្ឋ ជុំវិញអង្គរតាំង​ពីបុរាណ​កាល និងការ​ទំនាក់​ទំនង​រវាងមនុស្ស និងធម្មជាតិ​ក៏ត្រូវ​បាន​ទទួល ស្គាល់​ផងដែរ។ ការអភិរក្ស​បាននូវតម្លៃទាំងនេះ​ធ្វើឲ្យអង្គ​រ​កាន់តែ​លេចធ្លោ ហើយនេះគឺជា បេសកកម្ម​ដ៏ចម្បង​របស់​អាជ្ញាធរ​ជាតិ​អប្សរា។ ជាពិសេសរយៈ​ពេលប្រមាណ ២០ ឆ្នាំមកនេះ ដោយមាន​កិច្ចសហ​ប្រតិបត្តិការ​យ៉ាងជិត​ស្និតជា​មួយ​សហគមន៍​អន្តរជាតិ អាជ្ញាធរ​ជាតិ​អប្សរា បានអនុវត្ត​គោលនយោបាយ​និង​វិធានការ ដើម្បីអោយការងារ​អភិរក្ស​រមណីយ​ដ្ឋាន កាន់តែមាន ប្រសិទ្ធភាព។ ទោះបីជាការងារអភិរក្សបន្ទាន់ បានក្លាយជាការព្រួយបារម្ភដ៏ចម្បងនាពេលដំបូង ការកើន​ឡើង​ចំនួន​ភ្ញៀវ​ទេសចរ ការគ្រប់គ្រងវិស័យទេសចរណ៍ និងការថែរក្សាបរិស្ថានក៏បាន ក្លាយជាការ​ព្រួយបារម្ភ​ដ៏ចម្បង​នាពេល​បច្ចុប្បន្ន ហើយការកើនឡើងចំនួនភ្ញៀវទេសចរ ការ គ្រប់គ្រងវិស័យទេសចរណ៍ និងការថែរក្សាបរិស្ថាន បាននិង​កំពុង​យក​ចិត្ត​ទុកដាក់​ខ្ពស់ ពីអាជ្ញាធរជាតិអប្សរា។

ស្ថានភាពបច្ចុប្បន្ន
ចំនួនភ្ញៀវទេសចរមកកាន់អង្គរមានការកើនឡើង ដែលក្នុងឆ្នាំ២០១៣ មានចំនួនប្រមាណ ៤លាននាក់។ ដូច្នេះហើយ​ចំនួនយាន​យន្ត និងការធ្វើដំណើរទៅវិញទៅមកក៏បានកើនឡើង ដូចគ្នាដែរ ហើយយាន​យន្តភាគ​ច្រើនជាយាន​យន្តចាស់ៗ បាន​បញេ្ចញ​ផ្សែងពុលតាមរយៈ ចំហេះ។ ជាមួយគ្នានេះដែរ កំណើ​នយាន​យន្ត​ទាំងនេះ​ក៏បានបង្កើនឲ្យមានការកកស្ទះ ហើយ​ការ​កកស្ទះ នេះ មិនត្រឹមតែ​ធ្វើឲ្យមាន​ការធ្លាក់​ចុះនៃ​គុណ​ភាព​ទស្សនារបស់ភ្ញៀវប៉ុណ្ណោះទេ តែក៏អាចបញ្ចេញ នូវឧស្ម័ន​ពុល​ជាច្រើនទៀតផងដែរ។

ហេតុផលផ្សេងទៀតដែលជម្រុញឲ្យមានការបំពុលបរិយាកាសដែលនោះ គឺសហគមន៍ ប្រជាពលរដ្ឋ​នៅតែបន្ត​ទម្លាប់​ដុត​សម្រាម ដុតស្លឹកឈើ និងកំទេចកំទីមែកឈើ។ ម្យ៉ាងវិញ ទៀតដើម្បីការពារមនុស្សនិងសត្វពាហនៈ ប្រជាពលរដ្ឋ​ធ្វើការ​ដុត​សម្រាម ដើម្បីដេញសត្វមូស ដែលសម្រាម​ទាំងនោះ​កាល​ពីមុន​មានតែ​សារធាតុ​សរីរាង្គ​ដូចជាស្លឹកឈើឬចំបើង ប៉ុន្តែផ្ទុយ​ទៅ វិញបច្ចុប្បន្ននេះសម្រាមរបស់ពួកគាត់ភាគច្រើនសម្បូរទៅដោយ ថង់​ផ្លា​ស្ទិច ទុយោជ័រ ដែលមាន សារធាតុពុល​នាំឲ្យ​គ្រោះថ្នាក់​ដល់សុខភាពមនុស្ស សត្វ និង បរិស្ថានផងដែរ។

ជារៀងរាល់ឆមាសអាជ្ញាធរជាតិអប្សរា តែងតែជួបប្រជុំគណៈកម្មាធិការសម្របសម្រួល អន្តរជាតិ ដើម្បីអភិរក្ស​និង​អភិវឌ្ឍន៍​រមណីយ​ដ្ឋានប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា “ICC”។ គណៈកម្មាធិការ​នេះបង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៣ ដែលមាន​សមាស​ភាព​មក​ពីប្រទេស​ផ្តល់ជំនួយ អ្នក​ជំនាញ​ជាតិ​និង​អន្តរ​ជាតិ​ក្នុង​ផ្នែក​អភិរក្ស​និង​អភិវឌ្ឍន៍​ប្រកបដោយចីរភាព ហើយក៏​បានធ្វើ ការងារ​ជាមួយ​អាជ្ញាធរជាតិអប្សរាច្រើនឆ្នាំមកហើយដែរ។ ក្នុង​នោះ​លោកបណ្ឌិត Shinji Tsukawaki បានបញ្ជាក់ក្នុងអត្ថបទ ”In Cambodia, toxic air threatens timeless ruins”  ក៏ជា អ្នកជំនាញមួយរូប ដែលធ្វើការក្នុង​ផ្នែក​អភិវឌ្ឍន៍​ប្របក​ដោយ​ចីរភាព​នៃ ICC ។

នេះគឺជាតឹកតាងបញ្ជាក់ថា បញ្ហាបំពុលបរិយាកាសមិនមែនជាបញ្ហាថ្មីៗនេះទេ។ ដើម្បី ដោះស្រាយ​បញ្ហា​អាកាសធាតុ​កាល​ពីប្រមាណ​ឆ្នាំមុន អាជ្ញាធរជាតិអប្សរាបានតម្លើងស្ថានីយ៍ អាកាសធាតុ ដែលបច្ចុប្បន្ន​កំពុង​តែធ្វើការ​កត់ត្រា​ទុកនូវ​ទិន្នន័យ​អាកាស​ធាតុដូចជា ល្បឿនខ្យល់ និងចំនួនទឹកភ្លៀង ។ល។


តើអ្វីជាការប៉ះពាល់?
ចំហេះមិនសព្វពីរថយន្ត (ប្រេងសាំង/ប្រេងម៉ាស៊ូត) បានបង្កើតនូវធាតុល្អិតៗ​ (អតិសុខុម ប្រាណ) ដែលធាតុ​ល្អិតៗ​ទាំង​នេះ​ធ្វើឲ្យ​ទឹកភ្លៀងមានសារធាតុអាស៊ីតនឹងធ្វើឲ្យមានផលប៉ះពាល់ ដល់ប្រាង្គប្រាសាទ បរិស្ថាន​ធម្មជាតិ និងមនុស្ស សត្វ។ វាបាន​បង្ក​ការខូចខាតដល់សារធាតុ បន្សំនៃថ្មដូចជា ធ្វើឲ្យថ្មមានពណ៌ស្រអាប់ ងាយ​ស្រួល​នឹងបាក់បែក ព្រមទាំង​សឹក​រេច​រិល​ក្បាច់ ចម្លាក់។ ក្រៅពីភ្លៀងអាស៊ីត ធាតុ​ល្អិត​ៗ​ដែល​បង្ក​ឡើង​ដោយ​ចំហេះមិនសព្វនេះ ទឹកក៏នឹងអាច បង្ករជម្ងឺ​ផ្លូវ​ដង្ហើម​និង​ជម្ងឺ​មហារីកដល់មនុស្សផងដែរ។

នៅពេលដែលយើងនៅអាចមើលឃើញស្លែ និងសារធាតុសរីរាង្គផ្សេងទៀតនៅលើថ្ម និងដើមឈើ យើងអាច​សន្និដ្នាន​​បាន​ថា កម្រិតនៃការបំពុលបរិយាកាសមិនទាន់ដល់ស្ថានភាព ប្រកាសអាសន្ននៅឡើយទេ។ ការ​សន្និដ្ឋាន​បែបនេះក៏ព្រោះតែស្លែ និង​សារធាតុសរីរាង្គផ្សេង ទៀតនឹងផុតពូជ ប្រសិន​បើពួក​វាស្ថិត​ក្នុង​ស្ថាន​ភាព​ដែលមានការបំពុលបរិយាកាសខ្លាំង។ លទ្ធ​ផល​ជាក់ស្តែងទាំងនេះ បានធ្វើឲ្យ​អាជ្ញាធរ​ជាតិ​អប្សរា​រិះរក​វិធាន​ការណ៍​បង្ការបញ្ហានេះកុំឲ្យ កើតមាននៅថ្ងៃអនាគត។ គឺមិន​ខុសអ្វីពីពាក្យស្លោកមួយពោលថា “ការការពារ ប្រសើរជាង ព្យាបាល” 

តើអ្វីជាយុទ្ធសាស្ត្ររបស់យើង?
ដើម្បីទទួលបានជោគជ័យក្នុងការគ្រប់គ្រងអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោកប្រកប ដោយចីរភាព​និងយក​ចិត្តទុក​ដាក់​ខ្ពស់​លើផ្នែកបរិស្ថាន នៅចុងឆ្នាំ២០១៣ អាជ្ញាធរជាតិអប្សរា បានបង្កើតក្រុមការងារមួយ ដើម្បី​អនុវត្ត​ផែនការ​គ្រប់គ្រង​ទេសចរណ៍ ហើយក្រុមការងារនេះ មានអ្នកជំនាញជាតិនិងអ​ន្តរជាតិ ដោយមាន​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​អង្គការ​យូណេស្កូ និង ការគាំទ្រពីរាជរដ្ឋាភិបាលអូស្រ្តាលី ផែនការ​សកម្មភាព​អាទិភាព​មួយក្នុងផែនការគ្រប់គ្រងនោះ គឺសម្រួល​ការ​ទស្សនា​របស់ភ្ញៀវទេសចរដោយកែលម្អចរាចរណ៍ក្នុងឧទ្យានអង្គរ ដើម្បី​បញ្ជាស ការកក​ស្ទះចរាចរណ៍​ដូច​ពេល​បច្ចុប្បន្ន​។ ​ពេលនោះការបញ្ចេញឧស្ម័នពីរថយន្ត នឹងមានការ ថយចុះ។

ក្នុងពេលថ្មីៗនេះ អាជ្ញាធរជាតិអប្សរាបានបង្កើតក្រុមការងារពិសេសមួយទៀត ដើម្បី ប្រមូល​ទិន្នន័យ​ជា​លក្ខណៈ​វិទ្យាសាស្ត្រ ពាក់ព័ន្ធនឹងការបញេ្ចញឧស្ម័ន និងសារធាតុពុល ព្រមទាំងផលប៉ះពាល់ផ្សេងៗ ដើម្បី​ត្រៀមវិធានការណ៍ ​និង​ដំណោះ​ស្រាយ​ដែលមានប្រសិទ្ធ ភាពក្នុងការបញ្ជៀសផលប៉ះពាល់ជាអវិជ្ជមាន ដែល​ដំណោះស្រាយទាំងនោះរួមមាន៖

   ១.បង្កើនសមត្ថភាពស្ថានីយ៍តាមដានគុណភាពខ្យល់ដែលមានស្រាប់ ហើយ​បង្កើត ស្ថានីយថ្មីៗបន្ថែមទៀត ដើម្បី​ទទួល​បាន​នូវព័ត៌មានច្បាស់លាស់អំពីកម្រិតនៃការបំពុលបរិយា កាស ជាពិសេសសារ​ធាតុអាស៊ីត​នៅក្នុង​ទឹកភ្លៀង។

   ២.ជម្រុញនិងលើកទឹកចិត្តការប្រើប្រាស់ឡើងវិញនូវផលិតផលធម្មជាតិដូចជា ស្លឹកឈូក ស្លឹកចេក..ល។ តាមរយៈ​ការ​ផ្សព្វ​ផ្សាយ​ដល់សហគមន៍ប្រជាពលរដ្ឋ ដើម្បីជម្រុញឲ្យតំបន់អង្គរ កាន់តែមានភាពបៃតង និងការ​កាត់បន្ថយ​ការ​ចំណាយ​ទិញ​ថង់ប្លាស្ទិក ដើម្បីលើកស្ទួយជីវភាព ប្រជាពលរដ្ឋបានមួយកម្រិតថែមទៀត។

   ៣.ពិនិត្យលទ្ធភាពក្នុងការធ្វើទំនើបកម្មប្រព័ន្ធដឹកជញ្ជូនភ្ញៀវទេសចរ ដែលមានការប៉ះ ពាល់​តិច​បំផុត​ដល់​បរិស្ថាន ហើយ​មិន​​ប៉ះពាល់ចំណូលប្រជាពលរដ្ឋ ដែលកំពុងប្រកបរបរដឹក ជញ្ជូននេះទេ។

សេចក្តីសន្និដ្ឋាន
បញ្ហាបំពុលបរិយាកាសនៅអង្គរមិនមែនជារឿងថ្មីៗនេះទេ។ ដូចគ្នានេះដែរអង្គរក៏មិន មែនជា​បេតិកភណ្ឌ​ពិភព​លោកតែមួយ ដែល​រងការបំពុលបរិយាកាសនោះទេ គឺមាន Acropolis ប្រទេសក្រិច Taj Mahal នៅឥណ្ឌា Yungang និងGrottoes នៅ​ប្រទេស​ចិន និង sevillle cathedral នៅប្រទេសអាស្ប៉ាញផងដែរ។ ប៉ុន្តែ​រមណីយ​ដ្ឋានប្រវត្តិសាស្រ្តអង្គរ គឺជាសម្បត្តិបេតិ កភណ្ឌ​ពិភពលោកដំបូងគេបង្អស់ដែលទទួលបាន វិញ្ញាបនបត្រ ISO ១៤០០១ នៅឆ្នាំ២០០៤។

អាជ្ញាធរជាតិអប្សរា ប្តេជ្ញាអនុវត្តនូវដំណោះស្រាយដែលមានលក្ខណៈរួមដើម្បីជម្រុញ ការយកចិត្ត​ទុក​ដាក់​អំពីបរិស្ថាន និង​ទេស​ចរណ៍បៃតង។ការប្រមូលទិន្នន័យដែលមានលក្ខណៈ ជាប្រព័ន្ធ និង​វិទ្យាសាស្ត្រ នឹង​អាច​ធ្វើអោយ​យើង​ធ្វើការ​វាយ​តម្លៃ​បាន​ច្បាស់​លាស់​អំពីផលប៉ះ ពាល់នៃការបំពុលបរិយាកាសនៅអង្គរ។ រាល់ការ​ខិត​ខំនឹងត្រូវបានពង្រឹងតាមរយៈដំណោះ ស្រាយ​តាម​បែបបរិស្ថាន ដើម្បីកាត់បន្ថយផ្សែងពុល និង​លើ​កម្ពស់​គុណភាពខ្យល់អាកាស។ ដូចច្នេះ​រាល់ការ​រៀបរាប់​ខាង​លើនេះ​នឹងនាំមក​នូវការកាត់​បន្ថយ​ផល​ប៉ះពាល់​ជា​អវិជ្ជមាន  និង លើកម្ពស់គុណភាពទស្សនាចររបស់ភ្ញៀវទេសចរ និង​លើក​​លើកស្ទួយជីវភាពប្រជាពលរដ្ឋ នៅ​ក្នុង​តំបន់ផងដែរ។ សកម្មភាពនេះគឺជាលក្ខខ័ណ្ឌគោលក្នុងការការពារ និងរក្សា​គុណ​តម្លៃ រមណីយដ្ឋាន​ប្រវត្តិសាស្រ្តអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។


អត្ថបទដោយ: សុខ សង្វារ

ប្រធានក្រុមការងារអនុវត្តផែនការគ្រប់គ្រងទេសចរតំបន់អង្គរ