Monday, June 8, 2015

តំបន់រម្មណីយដ្ឋានបេតិកភណ្ឌអង្គរ ចាំបាច់ត្រូវការឲ្យមានការគ្រប់គ្រងប្រភពទឹកឲ្យបានច្បាស់លាស់ដើម្បីជាលំនឹងប្រាសាទ

នៅក្នុងកិច្ចប្រជុំពិភាក្សា​បច្ចេកទេសរបស់គណៈ​កម្មាធិការអន្តរជាតិ ​សម្របសម្រួលកិច្ចគាំពារ និង​អភិវឌ្ឍន៍ តំបន់អង្គរ (ICC ) ឯកឧត្តម ​ហង្ស ពៅ អគ្គនាយករងអាជ្ញាធរជាតិ​អប្សរាទទួលបន្ទុកផ្នែក​គ្រប់គ្រងប្រព័ន្ធទឹក​ បានមានប្រសាសន៍ថា៖​  តួរនាទីរបស់អាជ្ញាធរជាតិ​អប្សរាសំខាន់ជាគេនោះគឺ ​ការងារគ្រប់គ្រង ​និងអភិរក្សប្រាសាទ​ ក្នុងនោះបើតាមការស្រាវជ្រាវ ​ជាទូទៅក្នុងរយៈពេលកន្លង​មក​ ប្រាង្គប្រាសាទនៅក្នុងតំបន់អង្គរ​ អាចមានលំនឹងបាន ​គឺអាស្រ័យដោយសារមានប្រភពទឹក​ក្រោមដី  ​សំរាប់ការរស់រានមានជីវិត​របស់ប្រាសាទទៅថ្ងៃអានាគត ​ក៍ដូចជាក្នុងពេលបច្ចុប្បន្ន។ ​

​ដើម្បីឲ្យប្រាសាទនៅស្ថិតស្ថេរគង់វង្ស​ អាជ្ញាធរជាតិអប្សរារួមជាមួយ ​អ្នកជំនាញបច្ចេកទេសជាតិ ​និងអន្ដរជាតិ ​បានស្រាវជ្រាវសិក្សាអំពីប្រភពទឹក​ ប្រព័ន្ធធារាសាស្រ្ដបូរាណឡើងវិញ​ ព្រោះថា​ប្រព័ន្ធធារាសាស្រ្ដ​នាសម័យអង្គរ ​ជាប្រព័ន្ធមួយដែលមានលក្ខណៈ​ទំនើបបំផុត​ ហេតុផលបាត់បង់​នៃប្រព័ន្ធនេះ ​កន្លងមកបានធ្វើក្រុងសៀមរាប​ បានជួបប្រទះនូវការលិចលង់​ដោយសារទឹកជំនន់ជា​ច្រើនលើក។ ​ឯកឧត្តម ​អគ្គនាយករងអាជ្ញាធរជាតិអប្សរា ​បានបញ្ជាក់ទៀតថា៖​ ការសាងសង់នៅ​ប្រព័ន្ធធារាសាស្រ្ដ​នៅតំបន់បេតិកភណ្ឌអង្គរ​ របស់បុព្វបុរសខ្មែរ​ នាសម័យនោះ​គឺមានសារៈសំខាន់​ណាស់ ​ទាក់ទងស្ថេរភាពរបស់ប្រាង្គប្រាសាទ​ ដែលមានប្រព័ន្ធទឹកដ៏ល្អឥត​ខ្ចោះក្នុងការធានានៅ​ក្នុងតំបន់ទាំងមូល។ ​ហើយអ្វីដែល ​ជាបញ្ហាសំរាប់សព្វថ្ងៃ​ ក្រៅពីការងារគ្រប់គ្រង ​អភិរក្សប្រាសាទ ​ឲ្យបានល្អត្រឹមត្រូវមិនឲ្យ​ទទួលរងគ្រោះធម្មជាតិផ្សេងៗ ​គឺនៅមានបញ្ហាមួយទៀតគឺ ​ការធានាការផ្គត់ផ្គង់ទឹកសំរាប់ភ្ញៀវ​ទេសចរណ៍ដែលមាន​ ការកើនឡើងពីមួយឆ្នាំ​ទៅមួយឆ្នាំ​ ដែលមកស្នាក់ នៅ​ខេត្តសៀមរាបផងដែរ។

​ទាក់ទងនឹងបញ្ហាគ្រប់គ្រង​ទឹកនេះដែរ ​ក្រុមការងារបច្ចេកទេស​ បានសិក្សារួចរាលអស់ហើយ ​ប៉ុន្ដែ​បច្ចុប្បន្នការងារនេះ​មានទំហំដែលមាន​ប្រព័ន្ធប្រឡាយ​ បូរាណជាច្រើន​នៅក្នុងតំបន់អង្គរទាំងមូល ​ប្រមាណជា៥២គីឡូម៉ែត្រ​ ដូច្នេះក្រុមការងារមិនអាច​ធ្វើការស្ដារឡើងវិញទាំងអស់​ បាននោះទេ ​ជាក់ស្ដែងដូចជាបារាយណ៍​ខាងលិចគឺជាអាស្ដុកទឹកដ៍ធំជាង​ ដែលត្រូវបានកសាងឡើងមួយ​ដោយកម្លាំងពល​កម្មមនុស្ស  ​អាចស្ដុកទឹកបានដល់ទៅ​៥៦លានម៉ែត្រគូប ​ដែលអាច លំហូរចូល​ដើម្បីដោះស្រាយបញ្ហារទឹកជំនន់​ មិនឲ្យមានការប៉ះពាល់​ដល់ប្រាសាទនិង​សំរាប់យកទៅប្រើ​ប្រាស់  ក្នុ​ងនោះចាប់ពីឆ្នាំ២០១៤​មករាជរដ្ឋាភិបាល ​បានប្រគល់តួរនាទីឲ្យអាធរ​ជាតិអប្សរាជាអ្នក​​គ្រប់គ្រងប្រព័ន្ធ ​ដោយបានបែងចែក​ជាបីគោលដៅ​ រួមមាន៖ គោលដៅក្នុងការគ្រប់​គ្រងទឹកជំនន់ ​​សំរាប់ប្រជាពលរដ្ឋប្រើប្រាស់​ និង​ បង្ករបង្កើនផល​ និងគោលដៅទីបីគឺសំរាប់ផ្គត់ផ្គង់​ដល់រដ្ឋាករទឹកក្រុងសៀមរាប ​ដើម្បីជាការកាត់បន្ថយការ​ប្រើប្រាស់ទឹកក្រោមដី​ ដែលជាហេតុនាំឲ្យការប៉ះពាល់​គ្រឹះប្រាសាទ។ ​មួយផ្នែកទៀត​ បន្ទាប់ពីមានការរៀបចំឡើងវិញ​ នូវប្រព័ន្ធធារាសាស្រ្ដផ្នែកខាងលើ ​ជាបន្ដបន្ទាប់មកក្រុងសៀមរាប​ ក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ​ អាចបញ្ចៀសបាននូវការលិច​លង់ដោយសារទឹកជំនន់ផងដែរ ៕











អត្ថបទ៖
 សាវឿន