បន្ទាប់ពីកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រី ត្រូវបានបញ្ចប់ នៅព្រឹកមិញនេះ ឯកឧត្តម ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានប្រកាសឲ្យដឹងថា សេចក្តីព្រាងច្បាប់ សមាគម និងអង្គការក្រៅរដ្ឋាភិបាល ត្រូវបានរាជរដ្ឋាភិបាល អនុម័តហើយ នៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០១៥នេះ និងគ្រោងបញ្ជូនទៅរដ្ឋសភា នៅសប្តាហ៍ក្រោយ។
យោងតាមការបង្ហោះសារក្នុង Account Facebook ផ្ទាល់ខ្លួនរបស់ ឯកឧត្តម ផៃ ស៊ីផាន នៅវេលាម៉ោង ១ រសៀលថ្ងៃនេះ បានសរសេររៀបរាប់ថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តទៅលើសេចក្តីព្រាងច្បាប់ស្តីពី «សមាគម និងអង្គការមិនមែនរដ្ឋាភិបាល»ដោយក្នុងនោះមានការកែសម្រួលពាក្យពេជន៍មួយចំនួន និងលុបចោលចំនួន០២មាត្រា ជាការសំណូមពរ របស់សម្តេចតេជោ ដែលមានការគាំទ្រពីគណៈរដ្ឋមន្រ្តី។
ឯកឧត្តម ផៃ ស៊ីផាន បញ្ជាក់ថា សម្តេចតេជោ នាយករដ្ឋមន្ត្រី បានចំណាយពេលច្រើន ក្នុងការបំបាត់ការិយាធិបតេយ្យ និងបង្កើតភាពងាយស្រួលដល់អង្គការ ទាំងក្នុងការចុះបញ្ជី និងកិច្ចប្រតិបត្តិការរបស់ខ្លួន។ សម្តេចបញ្ជាក់ផងដែរថា ធ្វើយ៉ាងណាដើម្បីទទួលបានភាពងាយស្រួល និងទទួលបានកិច្ចសហប្រតិបត្តិការ ពេញលេញពីមន្រ្តីនៃអាជ្ញាធរសាធារណៈ។ សូមជម្រាបជូនផងដែរថា សេចក្ដីព្រាងច្បាប់នេះ ត្រូវបានអនុម័ត បញ្ជូនទៅរដ្ឋសភា នាសប្តាហ៍ក្រោយនេះ។
ទិសដៅ និងគោលបំណងនៃសេចក្ដីព្រាងច្បាប់ស្ដីពី «សមាគម និងអង្គការក្រៅរដ្ឋាភិបាល» អនុលោមតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា ៤២ បានបញ្ញត្តិថា ប្រជាពលរដ្ឋខ្មែរ គ្រប់រូបមានសិទ្ធិក្នុងការបង្កើតសមាគម និងគណបក្សនយោបាយ ហើយសិទ្ធិនេះត្រូវកំណត់ដោយច្បាប់ និងមាត្រា២០ នៃសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស ព្រមទាំងមាត្រា២២ នៃកតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិប្រជាពលរដ្ឋ និងសិទ្ធនយោបាយ បានធានាដល់សិទ្ធិរួបរួមគ្នាជាសមាគមរបស់ប្រជាពលរដ្ឋនៃរដ្ឋហត្ថលេខី ដែលតម្រូវឲ្យមានច្បាប់មួយជាចាំបាច់ សំដៅផ្តល់សិទ្ធិក្នុងការបង្កើតសមាគម និងសម្រាប់ការពារ ការអនុវត្តសិទ្ធិនេះ កុំឲ្យមានការរំលោភបំពានណាមួយ។
ឯកឧត្តម ផៃ ស៊ីផាន បន្តថា ក្នុងទស្សនៈនេះ រាជរដ្ឋាភិបាលបានទទួលស្គាល់ពីសារៈសំខាន់នៃការចូលរួមរបស់អង្គការសង្គមស៊ីវិល ដោយចាត់ទុកជាដៃគូមួយដ៏មានសក្ដានុពល និងប្រសិទ្ធភាពក្នុងកិច្ចដំណើរការស្ដារ និងអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម និងលើកស្ទួយគាំពារគោលការណ៍ប្រជាធិបតេយ្យនូវការគោរពសិទ្ធិមនុស្ស។ ជាក់ស្ដែងចាប់តាំងពីឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ន សមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលបាន និងកំពុងធ្វើ សកម្មភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានចំនួនសរុបប្រមាណ ៥.០០០ ក្នុងនោះរួមមានទាំងសមាគម និង អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងទីស្ដីការកណៈរដ្ឋមន្រ្តី និង អង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលបានចុះអនុស្សរណៈនៅក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ។
សូមជម្រាបជូនផងដែរថា អង្គការអន្តរជាតិដែលបានចុះអនុស្សរណៈ ជាមួយក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ មានចំនួន៤៤១អង្គការ ។ ការចុះបញ្ជី និងការចុះអនុស្សរណៈកន្លងមកនេះ ពុំមែនជាការចុះបញ្ជីដើម្បីផ្តល់ឋានៈជានីតិបុគ្គល ដល់សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលនោះទេ គឺគ្រាន់តែជាការតម្កល់ទុកសំណុំឯកសារ និងទទួលស្គាល់ការធ្វើសកម្មភាពរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងនោះតែប៉ុណ្ណោះ។ សេចក្ដីព្រាងច្បាប់នេះ មានគោលបំណងធានាការពារសិទ្ធិសេរីភាព ក្នុងការបង្កើតសមាគម និង អង្គការមិនមែនរដ្ឋាភិបាល នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួន និងការពារផលប្រយោជន៍សាធារណៈ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាង សមាគម ឬអង្គការមិនមែនរដ្ឋាភិបាល ជាមួយអាជ្ញាធរសាធារណៈ និងមានគោលដៅកំណត់បែបបទទទួល ស្គាល់តាមផ្លូវច្បាប់ដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាច្រើនលើកច្រើនសារ ព្រមទាំងបានដាក់ជូនសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិចំនួន២លើក ដោយមានការចូលរួមយោបល់ពីតំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ តំណាងស្ថានទូត រដ្ឋទូត តំណាងសមហគមន៍អឺរ៉ុប តំណាងការិយាល័យឧត្តមស្នងការ សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា និងតំណាងមកពីក្រសួងស្ថាប័នពាក់ព័ន្ធ។
គិតមកដល់ពេលនេះ គឺអស់រយៈពេល២០ឆ្នាំ កន្លងមកហើយ ដែលរាជរដ្ឋាភិបាល ក៏ដូចជាគណបក្សភាគតិចនៅក្នុងសភា បានពិចារណា ឬផ្ដួចផ្ដើមសេចក្ដីស្នើរច្បាប់ និងសេចក្ដីព្រាងច្បាប់ ស្ដីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ។ អាស្រ័យហេតុនេះច្បាប់នេះ ជាតម្រូវការរបស់កម្ពុជាពិតប្រាកដ ដែលពុំអាចប្រកែកបាន ឬក៏ទទួលយកបាននូវមតិរបស់បុគ្គល របស់ក្រុម ឬជនបរទេសណាមួយដែលលើកឡើងថា កម្ពុជាពុំទាន់ត្រូវការច្បាប់នេះឡើយ។
គួររម្លឹកសារជាថ្មីផងដែរថា សេចក្ដីព្រាងច្បាប់ដើមស្ដីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលលើកយកមកពិភាក្សាពេលនេះគឺមាន០៩ជំពូក និង៤១មាត្រា ក៏ប៉ុន្តែ០២មាត្រា ត្រូវបានលុបចោលដូចនេះ សេចក្ដីព្រាងច្បាប់នេះនៅសល់តែ០៩ជំពូកដដែល និង៣៩មាត្រាតែប៉ុណ្ណោះ ដែលនិងបញ្ជូនទៅរដ្ឋសភា នាដើមសប្តាហ៍ក្រោយនេះ។ ដោយឡែកវាក្យខណ្ឌ និងពាក្យពេជន៍មួយចំនួន ក៏ត្រូវបានលុប ឬកែប្រែដើម្បីជាកិច្ចងាយស្រួលនៃផលប្រយោជន៍ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល៕
អត្ថបទ៖ សុភាព