Monday, June 8, 2015

ICC-ANGKOR គាំទ្រគម្រោងរៀបចំ ទីលានមជ្ឈមណ្ឌលបដិសណ្ឋារកិច្ចភ្ញៀវ នៅមុខប្រាសាទអង្គរតូច

ដើម្បីផ្តល់ភាពងាយស្រួល​ដល់ភ្ញៀវទេសចរណ៏ ​ដែលអញ្ជើញមកទស្សនា​ប្រាង្គប្រាសាទអង្គរ អាជ្ញាធរ ជាតិអប្សរា​មាន​គម្រោងរៀបចំមជ្ឈមណ្ឌល​ទទួលភ្ញៀវមួយ ​នៅទីលានពីមុខ​ប្រាសាទអង្គរតូច ដែល គម្រោងនេះ ​ទទួលបានការគាំ​ទ្រ ពី​គណៈកម្មាធិការ អាយ ​ស៊ី ស៊ី-អង្គរ (ICC-ANGKOR)ផងដែរ។

ផ្តល់បទសម្ភាសន៏នៅ​ក្រៅកិច្ចប្រជុំ​បច្ចេកទេសរបស់​គណៈកម្មាធិការ អន្តរជាតិ​ សម្រប​សម្រួល​កិច្ច​គាំពារ​និង​អភិ​វឌ្ឍន៍តំបន់អង្គរ (ICCអង្គរ)លើកទី២៤​នៅខេត្តសៀមរាបអង្គរ ​ឯកឧត្ដម អ៊ុក​ សូម៉េត អគ្គនាយករង អាជ្ញាធរជាតិអប្សរា​បានប្រាប់អ្នកសារព័ត៌មានថា​ នៅក្នុងកិច្ចពិភាក្សា​នៃកិច្ចប្រជុំបច្ចេក​ទេសនេះ មន្ត្រីជំនាញអាជ្ញា​ធរជាតិ​អប្សរា​បាន​ធ្វើ​បទ​បង្ហាញ ពីគម្រោងការរៀបចំ​ទីលានមណ្ឌលប​ដិសណ្ឋារកិច្ច នៅមុខប្រាសាទ​អង្គរតូច​  ដើម្បីជួយសម្រួល​ ក្នុងការ​ផ្តល់​ព័ត៌មាន និងសេវាកម្មផ្សេងៗ​មួយចំនួនទៀត ​ដោយមានការឯកភាព​គាំទ្រទាំងស្រុងពីរកិច្ចប្រជុំ​នេះ។

ឯកឧត្ដម អ៊ុក សូម៉េត ​បានឱ្យដឹងថាគម្រោង​សាងសង់ទី​លាន​មណ្ឌល​បដិសណ្ឋាកិច្ចនេះ​ គ្រោងនឹងធ្វើ ឡើង​នៅ​ពី​មុខប្រាសាទអង្គរតូច​ លើទំហំផ្ទៃដីប្រមាណ២​ហិកតា​  ក្នុងតម្លៃទឹកប្រាក់​វិនិយោគប្រមាណ ១០លានដុល្លារ​អាមេរិក សំ​រាប់​​ឱ្យភ្ញៀវទេសចរជាតិ​និងអន្តរជាតិចូល​សំរាកដើម្បីទទួលបាន​ពត៌មានផ្សេងៗ ពីទិសដែលត្រូវទៅ​ទស្សនា​កំសាន្ត​នៅក្នុងតំបន់រមណីយដ្ឋាន​ប្រវត្តិសាស្ត្រអង្គរ។​ ឯកឧត្តមមាន ប្រសាសន៏ ថាទីលានសម្រាប់​ទទួលភ្ញៀវនេះ ​មានភាពចាំបាច់ណាស់​សម្រាប់ទេសចរ​ នៅពេលមាន ​អាកាសធាតុមិន​អំណោយផល ដូចជា​ ភ្លៀង ខ្យល់ ក្តៅ​ ជាដើម ដើម្បី​ភ្ញៀវ​គេអាច​ចូលជ្រកសំ​រាកនៅទីនេះ​បាន។ ​ទីលាននេះ​ក៏​នឹង​មានរៀបចំនូវតូបលក់ សៀវភៅឯកសារប្រវត្តសាស្រ្តស្តីពី ប្រាសាទ​អង្គរ   វត្ថុអនុស្សាវរីយ៏  និងមាន​អាហា​រដ្ឋានលក់ដូរភេសជ្ជះ​សម្រាប់បំរើជូនភ្ញៀវ​ផងដែរ។​
តាមការអះអាងពីមន្រ្តីជាន់​ខ្ពស់របស់អាជ្ញាធរ​ជាតិអប្សរា​ បានអោយដឹងថា​ គម្រោងទីលាន បដិសណ្ឋាកិច្ច ភ្ញៀវ​នេះ​ អជ្ញាធរបានសិក្សាពីផលប៉ះពាល់យ៉ាង​ល្អិតល្អន់​រួចហើយ គឺយើងធ្វើយ៉ាងណា​រៀបចំបរិស្ថាន ទីតាំងនេះឲ្យបាន​​​ល្អប្រ​សើរ​ឡើងវិញ ដោយមាន​ ដំាដើមឈើជំនួស​ដើមឈើងាប់ៗ​ឡើងវិញឲ្យបានក្រាស់ និង រៀបចំ ​ចំណតរថយន្ត បង្គន់​អនាម័យ ដោយធ្វើយ៉ាងណា​ចៀស​វាងមិនឲ្យបង្ករផល​ប៉ះ​ពាល់ចំពោះបរិស្ថាននិងប្រាសាទ  ​ព្រមទំាងផលប្រយោជន៏របស់ប្រជាពលរដ្ឋ​នៅក្នុងតំបន់អង្គរទាំងមូល។

អត្ថបទ៖តារា