ព្រះរាជពិធី ដង្ហែព្រះរាជបរមងារ កិត្តិយស « ព្រះស្រីលោកធម្មិករាជ » ថ្វាយព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃ០៣ ខែមិថុនា ឆ្នាំ២០១៥នេះ បានប្រព្រឹត្តទៅយ៉ាងឱឡារិក ដោយមានការចូលរួម ពីព្រះសង្ឃមកពី៣ប្រទេស និងប្រជាពលរដ្ឋខ្មែរ ប្រមាណ ១ម៉ឺននាក់។
កម្មវិធីនេះក៏មានការរាប់បាត្រព្រះសង្ឃទាំង ១ម៉ឺនអង្គ ក្នុងនោះក៏មានការចូលរួមដោយ សម្តេចគណៈសង្ឃ ព្រះមេគណ ប្រធានមន្ទីរធម្មការ និងសាសនា គ្រប់ខេត្ត-រាជធានី និងក្រសួងស្ថាប័នចំនួន ៥៧ ផងដែរ ។
ពិធីថ្វាយព្រះបរមងារ «ព្រះស្រីលោកធម្មិករាជ» ថ្វាយជូនព្រះមហាក្សត្រ ធ្វើឡើងចំពោះព្រះភ័ក្ត្រ សម្តេចព្រះសង្ឃរាជប្រទេស សិង្ហបូរី, សម្តេចព្រះសង្ឃរាជម៉ុងហ្គោលី និងសម្តេចព្រះសង្ឃរាជជប៉ុន ដែលវិញ្ញាបនបត្រថ្នាក់អន្តរជាតិនេះ ត្រូវបានបង្កើតឡើង នៅក្នុងពិធីប្រជុំព្រះពុទ្ធសាសនា លើពិភពលោក នៅប្រទេស ជប៉ុន កាលពីខែធ្នូ ឆ្នាំ២០១៤កន្លងទៅ។
ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានមានព្រះរាជបន្ទូលថាៈ "ការប្រតិបត្តិ ព្រះពុទ្ធសាសនា ជាគុណធម៌ដ៏ខ្ពង់ខ្ពស់ គឺជាមរតកដ៏មានតម្លៃ។ ព្រះធម៌ ព្រះពុទ្ធ សាសនា ជាមាគ៌ាដ៏ត្រឹមត្រូវ នាំយើងទាំងអស់គ្នា រស់នៅក្នុងសេចក្តីស្ងប់ សេចក្តីសុខសន្តិភាព និងការរីកចម្រើន"។
ក្នុងព្រះរាជពិធីដង្ហែ ព្រះរាជបរមងារកិត្តិយស "ព្រះស្រីលោកធម្មិករាជ" ថ្វាយព្រះមហាក្សត្រ បានប្រារព្ធឡើង យ៉ាងអធិកអធមនេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានមានព្រះរាជបន្ទូល ថ្លែងព្រះអំណរគុណ ដ៏ជ្រាលជ្រៅ ចំពោះព្រះសុន្ទរកថា ព្រះតេជគុណ គីយូសេ អេនជីនយូ ទីប្រឹក្សាជាន់ខ្ពស់ សន្និសីទកំពូល នៃព្រះពុទ្ធសាសនា ដែលបានថ្វាយព្រះពរ ចំពោះព្រះអង្គ ក្នុងឱកាសបុណ្យខួបចម្រើនជន្មាយុ និងបានថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រិយ៍ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសបុណ្យចម្រើនព្រះជន្ម ផងដែរ។
ព្រះករុណា មានព្រះរាជបន្ទូលបន្តទៀតថា "ទន្ទឹមនឹងនេះ ព្រះសុន្ទរកថា មានអត្ថន័យដ៏ជ្រាលជ្រៅបំផុត និងទូលំទូលាយ អំពីការប្រតិបត្តិ ផ្សព្វផ្សាយព្រះធម៌ ព្រះពុទ្ធសាសនា នៅលើពិភពលោក នាឱកាសដ៏ឧត្តុង្គឧត្តម្ភនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ មានសេចក្តីរំភើបក្រៃលែង ដោយមានមហាកិត្តិយស បានទទួលគណៈប្រតិភូ ព្រះសង្ឃជាន់ខ្ពស់ នៃព្រះពុទ្ធសាសនា នៃប្រទេសជប៉ុន ប្រទេសម៉ុងហ្គោលី និងប្រទេសសិង្ហបូរី ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់ នៃសន្និសីទកំពូលនៃ ព្រះពុទ្ធសាសនា ដែលបាននិមន្ត និងអញ្ជើញ មកថ្វាយព្រះរាជបរមងារកិត្តិយស ដ៏ខ្ពង់ខ្ពស់បំផុត ផ្នែកព្រះពុទ្ធសាសនា "ព្រះស្រីលោកធម្មិករាជ" ចំពោះទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំ"។
សូមបញ្ជាក់ថានៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៥ ចាប់ពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ១១និង០០នាទី ត្រូវបិទចរាចរណ៍ទាំងស្រុង សម្រាប់កំណាត់ផ្លូវមុខបរមរាជវាំង និងបរិវេណប្រារព្ធពិធី តាមដងវិថី ជុំវិញទីតាំងពិធីដូចជា វិថីព្រះស៊ីសុវត្ថិ ផ្លូវលេខ ១៧៨ ផ្លូវលេខ១៩ មហាវិថីព្រះសុរាម្រិត មហាវិថីព្រះនរោត្តម ចាប់ពីរង្វង់មូលវិមានឯករាជ្យ រហូតដល់ផ្លូវ២៩៤ វិថី សុធារស និងរង្វង់មូលសម្តេចព្រះសង្ឃរាជ ជួន ណាត ។
ដោយឡែកចាប់ពីម៉ោង ១៨និង០០នាទី រហូតដល់ម៉ោង ២០និង០០នាទី បិទចរាចរណ៍ គ្រប់យានយន្ត និងកាណូត ទេសចរណ៍ គ្រប់ប្រភេទ ដែលធ្វើចរាចរ តាមដងទន្លេចតុមុខ ដើម្បីអុជកាំជ្រួច នៅមុខបរមរាជវាំង ហើយផុតរយៈពេលកំណត់នេះ នឹងអនុញ្ញាត ឱ្យចរាចរជាប្រក្រតីឡើងវិញ៕
អត្ថបទ៖ សុភាព