Wednesday, June 3, 2015

សម្តេច​តេជោ​ ប្រាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​សមាគម​នានា ​កុំ​ព្រួយ​​បារម្ភ​ អំពី​ច្បាប់​​គ្រប់​គ្រង​អង្គការ ​សមាគម

សម្តេចតេ​ជោ  នៅ​ថ្ងៃ​ទី២ ខែ​មិថុនា ឆ្នាំ២០១៥ បាន​មាន​ប្រសាសន៍ ប្រាប់​ទៅ អង្គ​ការ​ក្រៅរដ្ឋាភិបាល និងសមាគម​នានា ថាកុំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ និង​ច្បាប់​គ្រប់​គ្រង​អង្គការ សមាគម ដោយ​ច្បាប់​នេះ​ធ្វើ​ឡើងដើម្បី​ការងារ​អង្គការ និង​សមាគម​ទាំង​នោះតែប៉ុណ្ណោះ។
នៅក្នុង​ពិធី​សម្ពោធ ដាក់​ឱ្យប្រើប្រាស់​ផ្លូវ​ជាតិលេខ​៤១ នៅខេត្ត​កំពង់​ស្ពឺ សម្តេច​តេជោ​បានមានប្រសាសន៍​ទាក់​ទង នឹង​អង្គ​ការសង្គម​ស៊ីវិល រឺសមាគម​ក្រៅរដ្ឋា​ភិបាលថា «សុំកុំ​បារម្ភពីរឿងច្បាប់​នេះ ច្បាប់​នេះនឹង​ការពារ​អ្នក,ច្បាប់​នេះនឹង​ទ្រ​ទ្រង់​ឲ្យ​អ្នកច្បាប់​នេះ​នឹង​បើកទូលាយ​សកម្មភាព​ដល់​អ្នក​ទៅតាម​ផ្លូវ​ច្បាប់​មួយ  ការ​និយាយ​លើ​ផ្លូវ​ច្បាប់​មួយ គឺ​បាន​សេចក្តីថា​ ធ្វើ​អ្វី​ក៏​ដោយមាន​ច្បាប់​គ្រប់​គ្រង។ ហើយ​ច្បាប់​នេះរដ្ឋធម្មនុញ្ញ​បាន​សំរេច។ លោក​ឯង​ត្រូវអរគុណរាជ​រដ្ឋាភិបាល​ផង ព្រោះពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​បង្កើត​បក្សនយោបាយ រឺ​សមាគម សិទ្ធិនេះត្រូវកំណត់​ដោយ​ច្បាប់ យើង​បាន​ធ្វើ​ច្បាប់​ស្តីពីបក្សនយោបាយ​រួច​ហើយ តែ​មិន​ទាន់​បានធ្វើ​ច្បាប់​ស្តី​ពី​ការ​បង្កើត​សមាគម និង​អង្គការ​ក្រៅរដ្ឋាភិបាល​ទេ»
ទាក់ទង​សេចក្ដី​ព្រាង​ច្បាប់​នេះ​ផង​ដែរ កន្លង​មក​នេះ មាន​ក្រុម​អង្គការ​សង្គម​ស៊ិវិល​មួយ​ ចំនួនបាន​ស្នើ​ឱ្យរាជរដ្ឋាភិបាល​បញ្ឈប់ ការ​ធ្វើសេច​ក្ដី​ព្រាង​ច្បាប់​ស្ដី​ពីសមាគម និងអង្គការ​ក្រៅរដ្ឋា​ភិបាល​ និងទាម​ទារ​ឱ្យ​មាន​ការចូលរួម​ផ្ដល់​មតិ​យោបល់​ពី​សង្គម​ស៊ីវិល។
គួរបញ្ជាក់​ថា សេច​ក្ដី​ព្រាង​ច្បាប់ ស្ដីពីសមាគម និង​អង្គ​ការមិន​មែន​រដ្ឋាភិ​បាល គឺ​មាន​គោលបំណង​ធានាការពារ​សិទ្ធិសេរីភាព និង​លើក​កម្ពស់​ចលនា​បង្កើត​សមាគម អង្គការ​មិន​មែន រដ្ឋាភិបាល​នៅក្នុង​ព្រះរាជាណាច​ក្រកម្ពុជា ដើម្បីប​ការពារ​ផល​ប្រយោជន៍ ស្រប​ច្បាប់ និង​ការពារផល​ប្រយោជន៍ សាធារណៈ ព្រម​ទាំង​ពង្រឹង​កិច្ចសហប្រតិបត្ដិការ ក្នុងភាពជាដៃ​គូរវាង សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា។
សូម​រំលឹក​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ ក្រសួង​មហាផ្ទៃ​នបានដាក់​ឱ្យមាន​ការពិភាក្សា​ពិគ្រោះយោបល់​ជាសាធារណៈនៅ​ក្នុង​អង្គសិក្ខា​សាលាថ្នាក់​ជាតិ ដែល​មាន​តំណាង​សមាគម និង​អង្គការមិន​មែន​រដ្ឋាភិបាល​ជាតិ និង​អន្ដរ​ជាតិ​ចូល​រួម។ ហើយ​នៅ​មុន​ពេល​ធ្វើ​សិក្ខាសាលា និងក្រោយ​ពេល​ធ្វើ​សិក្ខា​សាលា ក្រុម​ការងារ​ក្រសួង​មហាផ្ទៃ​បាន​ជួប​ពិភាក្សា​ដោយ​ឡែក​ជា​មួយតំណាង​ សមាគម និង​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្ដរ​ជាតិ ជា​មួយតំ​ណាងស្ថាន​ទូត​មួយចំនួន និង​ជាមួយ​តំណាង​ការិយា​ល័យ ឧត្ដម​ស្នង​ការអង្គការសហ​ប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជាជាមួយ​តំណាង​ស្ថាន​ទូត ជប៉ុនតំណាង​សហគមន៍ អឺរ៉ុប  តំណាង​អង្គការ សមាគមតំណាង​ទូត​ចិនតំណាង​ស្ថាន​ទូត អាមេរិកអូ​ស្ដ្រាលី និង​សហគមន៍​អឺរ៉ុប និងតំណាង​អង្គការ​ផ្សេង​ៗជា​ច្រើន​ទៀត។
សេចក្ដី​ព្រាង​ច្បាប់​នេះ ត្រូវ​បាន​តំណាង​ស្ថាន​ទូត​ក៏​ដូច​ជាតំណាង​អង្គការ សមាគម​ជាតិ និង​អន្ដរជាតិ​បាន​ផ្ដល់​ការ លើក​សរសើរ​ចំពោះ​ការ ដាក់​បញ្ចូល នូវ​រាល់​មតិ​យោបល់​ល្អៗ នៃ​កិច្ចពិ​ភាក្សា នៅក្នុង​សេចក្ដី​ព្រាង ច្បាប់​នេះ។ ក្រុម​ការងារ​ជំនាញ​ដែល​ពាក់​ព័ន្ធ​ក៏បាន​ទទួល​យក​មតិយោបល់​ល្អ​ៗជា​ច្រើន ដែល​បាន​លើក​ឡើង​ដោយ តំណាង​ទាំង​អស់​នោះ ដើម្បី​កែ​សម្រួលសេចក្ដី​ព្រាង​ច្បាប់​នេះ ហើយ​មាន​តំណាង សមាគម និង​អង្គការ សង្គម ស៊ី​វិល​ជាតិ និង​អន្ដរជាតិ​បាន​យល់​ស្រប​គ្នាជា​ច្រើន​ផង​ដែ​រ៕





អត្ថបទ៖ សុភាព