Wednesday, June 17, 2015

ពលករខ្មែរចំនួន ២៣០នាក់ នឹងត្រឡប់មកកាន់កម្ពុជាវិញ បន្ទាប់ពីជាប់ក្នុងទូកនេសាទថៃនៅ ឥណ្ឌូនេស៊ី

យោងតាមលិខិត​របស់ក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ ​នៃព្រះរាជាណា​ចក្រកម្ពុជា ​ចេញផ្សាយនៅថ្ងៃទី១៧​ ខែមិថុនា ​ឆ្នាំ២០១៥ នេះ​ បានឲ្យដឹងថា​ ពលករខ្មែរ ​ចំនួន ២៣០នាក់ ​នៅកោះ អំបន់ ​(Ambon) ​ប្រទេសឥណ្ឌូនេស៊ី ​នឹងត្រឡប់មកកម្ពុជាវិញ ​នៅវេលាម៉ោង៦ព្រឹក ​ថ្ងៃទី១៨ ​ខែមិថុនា ឆ្នាំ២០១៥ស្អែកនេះ។​
តាមការណែនាំ​របស់ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ​ហោ ណាំហុង​ រដ្ឋមន្រ្តីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ ស្ថានទូតកម្ពុជាប្រចាំ​ប្រទេសឥណ្ឌូណេស៊ី​ បានជួបធ្វើការ​ជាមួយសម្ព័ន្ធក្រុមហ៊ុន PT. Maribu Industries Group ​ដែលជាក្រុមហ៊ុនតំណាង​ភាគីម្ចាស់​ទូកនេសាទថៃ ​ក្នុងការរៀបចំមាតុភូមិនិវត្តន៍​របស់ពលករខ្មែរ ​ចំនួន២៣០នាក់ ​ពីកោះ អំបន់ ​(Ambon) 
លិខិតដដែលបានបញ្ជាក់ថា​ តាមការទាមទាររបស់​ស្ថានទូតកម្ពុជា​ ក្រុមហ៊ុននេះបានជួល​យន្តហោះ​១គ្រឿងប្រភេទ ​Boeing 737-900 ER ​អាចផ្ទុកពលករខ្មែរចំនួន ​២១៣នាក់ ដែល​នឹងចេញដំណើរពីកោះ​ អំបន់​ ប្រទេសឥណ្ឌូណេស៊ី​ មកដល់ភ្នំពេញ​ នៅថ្ងៃទី ១៨ ខែ មិថុនា ​ឆ្នាំ ២០១៥ ​វេលាម៉ោង ០៦:០០ នាទីព្រឹក​ ហើយចំណែកឯពលករខ្មែរ​ ដែលនៅសល់ចំនួន ​១៧ នាក់ផ្សេងទៀត ក្រុមហ៊ុន​បានរៀបចំឲ្យធ្វើដំណើរ​តាមជើងយន្តហោះAK 534​ ពីកូឡាឡំពួរ ​មកដល់ភ្នំពេញ ​នៅថ្ងៃទី ១៨ ខែ មិថុនា​ ឆ្នាំ ២០១៥  ​ វេលាម៉ោង ១៥:៥៥ នាទី ។
សូមបញ្ជាក់ថា ​តាមការទាមទាររបស់ស្ថានទូត​កម្ពុជាប្រចាំនៅ​ប្រទេសឥណ្ឌូនេស៊ី​ ក្រុមហ៊ុន​បានដោះស្រាយ​ប្រាក់បៀវត្សរ៍  ​ជូនពលករខ្មែរទាំង ​២៣០នាក់នេះរួចហើយ៕
អត្ថបទ៖ សុភាព