ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា លោក អ៊ុយ សំអាត នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥នេះបាននាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ និងថវិកា ៣លានរៀលទៅឧបត្ថម្ភ និងចូលរួមរំលែកមរណទុក្ខ ជូនក្រុមគ្រួសារក្រីក្រមួយនៅស្រុកសំរោង ខេត្តតាកែវ ដែលជួបគ្រោះអកុសលកូនស្រីទាំង៣នាក់ បានលង់ទឹកប្រឡាយស្លាប់ព្រមគ្នា។
លោក អ៊ុយ សំអាត បានលើកឡើងថា ក្រោយទទួលដំណឹងដ៏ក្រៀមក្រំនេះ សម្តេចគត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់តាំងភ្លាមៗឲ្យរូបលោក និងមន្រ្តីកាកបាទក្រហមកម្ពុជា នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ក្រុមគ្រួសារសព ដើម្បីរំលែកទុក្ខលំបាកមួយចំនួន។ អំណោយដែលចែកជូនគ្រួសារសពនាពេលនេះរួមមាន៖ អង្ករ១០០ គីឡូក្រាម មី៥កេស ត្រីខ ៥០កំប៉ុង ទឹកក្រូច ៥កេស ទឹកបរិសុទ្ធ ៥កេស និងថវិកា ៣លានរៀល។
គួរបញ្ជាក់ថា ហេតុការណ៍ ដ៏គួរឲ្យសោកសង្រេងនេះ បានកើតឡើងនាវេលាម៉ោងប្រមាណជិត ៦ ល្ងាច ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ ស្ថិតនៅចំណុចប្រឡាយទឹកទួលក្បាលសែន ក្នុងភូមិសំរោង ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ ដោយកូនស្រីតូចៗ ចំនួន៣នាក់ ទី១- ឈ្មោះ ស៊ន រក្សា អាយុ ១១ឆ្នាំ, ទី២- ឈ្មោះ ស៊ន លីនដា អាយុ ៧ឆ្មាំ និង ទី៣- ឈ្មោះ ស៊ន ម៉ារី អាយុ ៥ឆ្នាំ បានលង់ទឹកប្រឡាយស្លាប់ព្រមគ្នា នៅពេលដែលពួកគេនាំគ្នាទៅងួតទឹកក្នុងប្រឡាយ ខណៈឪជាប់រវល់តែរកក្តាមនៅឯស្រែ ហើយបណ្តោយឲ្យកូនៗដើរត្រឡប់មកផ្ទះមុន។
លោក នៅ ធា អាយុ ៣៦ឆ្នាំ មុខរបធ្វើស្រែ និងអ្នកស្រី លន ស អាយុ ៣៥ឆ្នាំ ជាឪពុកម្តាយកុមារីរងគ្រៅទាំង៣បានឲ្យដឹងថា នៅមុនពេលកើត ហេតុ កូនស្រីទាំង៣នាក់របស់គាត់ បានតាមពួកគាត់ទៅរកក្ដាម នៅតាមភ្លឺស្រែ។ ក្រោយមកគាត់បានឱ្យពួកគេត្រឡប់ ទៅផ្ទះវិញ ។ លុះពេលគាត់ត្រឡប់មកផ្ទះវិញមិនឃើញកូនក៏នាំគ្នាដើររក តែរកមិនឃើញ ។ ដោយមានការសង្ស័យ ក៏បាននាំគ្នាទៅរកមើលក្នុងប្រឡាយ ខាងលើ ទើបប្រទះឃើញកូនលង់ទឹក ស្លាប់ទាំងបីនាក់ ទើបស្រែកឆោរឡោ ធ្វើឲ្យមានការភ្ញាក់ផ្អើលតែម្តង៕
អត្ថបទ៖ សុភាព